អង់គ្លេស​លែងលះ​អឺរ៉ុប តើ​នឹង​មាន​អ្វី​ប្តូរ​ផ្លាស់ខ្លះ ?

អង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ! នៅពេលនេះ ការធ្វើដំណើរចេញចូលទៅ-មកអង់គ្លេស សម្រាប់ពលរដ្ឋអង់គ្លេស ឬអឺរ៉ុប មិនទាន់មានការប្តូរផ្លាស់អ្វីទេ។ ចុះបន្ទាប់ពីនេះទៅ តើនឹងមានអ្វីកើតឡើង? តើនឹងមានអ្វីផ្លាស់ប្តូរខ្លះ នៅក្នុងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជនអង់គ្លេស និងអឺរ៉ុប? តើអនាគតនៃទំនាក់ទំនង រវាងអង់គ្លេស និងអឺរ៉ុបនឹងទៅជាយ៉ាងណា ?

ពលររដ្ឋអង់គ្លេសបានសម្រេចតាមរយៈសន្លឹកឆ្នោតប្រជាមតិដើរចេញពីអឺរ៉ុបមែន ប៉ុន្តែគ្មានតម្លៃជាផ្លូវច្បាប់ទេ។ គ្រាន់តែថាលទ្ធផលឆ្នោតនេះ បើតាមការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីត កាមឺរោន នៅចំពោះមុខសភាទាំងពីរ នឹងរុញច្រានឱ្យរដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមធ្វើសំណុំបែបបទសុំដកបេក្ខភាពសមាជិកចេញពីអឺរ៉ុប។

តើអង់គ្លេសចាកចេញពីអឺរ៉ុបជាផ្លូវការ នៅថ្ងៃណា ?

ដើម្បីអាចដកខ្លួនចេញពីអឺរ៉ុបបាន អង់គ្លេសត្រូវប្រកាសសុំដកខ្លួនជាផ្លូវការ នៅចំពោះមុខក្រុមប្រឹក្សាអឺរ៉ុប ដូចអ្វីដែលមានចែងក្នុងមាត្រា ៥០នៃសន្ធិសញ្ញាអឺរ៉ុបក្រុងលីនស្បូន។ ជាចៃដន្យ ក្រុមប្រឹក្សាអឺរ៉ុបត្រូវបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី ២៨និង២៩មិថុនា ខាងមុខនេះ ហើយអង់គ្លេសអាចដាក់សំណើនៅពេលនោះតែម្តង។

បន្ទាប់មកគេត្រូវការពេលប្រមាណពីរឆ្នាំ សម្រាប់រៀបចំដំណើរដើរចេញ ដោយមានការចរចាគ្នាជាច្រើនមុខ។ ប្រសិនបើអង់គ្លេសនិងអឺរ៉ុបអាចរកឃើញការព្រមព្រៀងគ្នាបានឆាប់ អង់គ្លេសអាចចេញបានឆាប់ តែមើលទៅដូចជាយ៉ាប់បន្តិចហើយ។ ការចរចាអាចនឹងត្រូវពន្យារពេលលើសពីពីរឆ្នាំបាន តែត្រូវមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកសហភាពអឺរ៉ុបទាំងអស់សិន បើពុំនោះទេអង់គ្លេសនឹងត្រូវធ្លាក់ស្ថានការណ៍គ្មានការព្រមព្រៀងពាណិជ្ជកម្ម ឬ ការព្រមព្រៀងលើសេរីភាពនៃការធ្វើដំណើរ អ្វីទាំងអស់។

អង់គ្លេសនិងអឺរ៉ុបបានរួមរស់ជាមួយអស់រយៈពេល៤៣ឆ្នាំ រកស៊ីរួមគ្នាមានទីផ្សារតែមួយ ជ្រកក្រោមដំបូលអឺរ៉ុបរួមតែមួយ ប្រៀបដូចគ្រួសារតែមួយ តែពេលនេះត្រូវលែងលះគ្នា ដូច្នេះពេលចរចាបែកគ្នា ក៏ត្រូវការប្រើពេលយូរ ជាពិសេសការចរចាស្តីពីទីផ្សារអឺរ៉ុបតែមួយ។ ក្រសួងការប្រទេសអង់គ្លេសធ្លាប់បានប្រកាសរួចហើយថា ការចរចាបែបនេះ អាចនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ឆ្លងទសវត្សរ៍ផងក៏ថាបាន។

ក្នុងពេលរង់ចាំនេះ ពលរដ្ឋអង់គ្លេសអាចធ្វើដំណើរទៅមកធម្មតា នៅក្នុងរង្វង់សហភាពអឺរ៉ុប ក្នុងនាមជាសមាជិកអឺរ៉ុប ក្នុងនាមជាប្រទេសមិនមែនសមាជិកSchengen។ តែអ្វីដែលឈ្នះនិងនាំមុខ គឺភាពមន្ទិលសង្ស័យ  និងភាពមិនច្បាស់លាស់។ ភាពមិនច្បាស់លាស់បានរុញច្រាន ទីផ្សារភាគហ៊ុន នៅទូទាំងពិភពលោក មិនថាអឺរ៉ុបឬអាស៊ីទេ ឱ្យដាំក្បាលធ្លាក់ចុះយ៉ាងគំហុក នៅពេលបើកទ្វារភ្លាម និងនៅពេលបានឮលទ្ធផលប្រជាមតិភ្លាម ស្ទើរដូចសម័យមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ ឯប្រាក់អង់គ្លេសវិញ ក៏ធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានដែរពីមុនមក។

គំរូផ្តោះប្តូរសេដ្ឋកិច្ចមួយណាដែលអឺរ៉ុប -អង់គ្លេស ត្រូវចរចាគ្នា ?

បើអង់គ្លេសចេញពីអឺរ៉ុបទៅហើយ អ្វីៗត្រូវសើរើមើលឡើងវិញទាំងអស់។ អង់គ្លេសចាំបាច់ត្រូវចរចាឡើងវិញជាមួយសហភាពអឺរ៉ុប អំពីការផ្តោះប្តូរសេដ្ឋកិច្ចរវាងគ្នា។

អាចមានគំរូច្រើនយ៉ាងក្នុងការចរចាផ្តោះប្តូរសេដ្ឋកិច្ចគ្នានេះ៖

ទីមួយ គឺអង់គ្លេសចូលជាសមាជិកក្នុងរង្វង់សហគមសេដ្ឋកិច្ចអឺរ៉ុប (EEE) ដើម្បីអាចមានសិទ្ធិពេញលេញចូលប្រលូកក្នុងទីផ្សារអឺរ៉ុបតែមួយបាន។ ប៉ុន្តែត្រូវមានលក្ខខណ្ឌ ដោយត្រូវគោរពច្បាប់របស់អឺរ៉ុប មានជាអាទិ៍ចរាចរណ៍សេរីរបស់បុគ្គលនិងទ្រព្យ- ត្រូវបង់វិភាគទានឱ្យអឺរ៉ុប និងមិនអាចទាញចំណេញពីកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីអឺរ៉ុបចំនួន៥០ ព្រមទាំងគ្មានបោះឆ្នោតបញ្ចេញមតិដូចសមាជិកសហភាពអឺរ៉ុបផ្សេងទៀតឡើយ។ ករណីនេះ អឺរ៉ុបកំពុងអនុវត្តជាមួយន័រវែស សព្វថ្ងៃ។ ប៉ុន្តែន័រវេសមានទំហំសេដ្ឋកិច្ចតូច ការអនុវត្តតាមបញ្ជាអឺរ៉ុបអាចប្រព្រឹត្តទៅដោយស្រួល ឯចំណែកអង់គ្លេសជាប្រទេសធំ ធ្លាប់មានការសម្រេចចិត្ត និងខ្ទាស់សេចក្តីសម្រេចចិត្តមួយចំនួនធំកាលនៅជាសមាជិកអឺរ៉ុប តើអាចសុខចិត្តដើរតាមបញ្ជាអឺរ៉ុប ដើម្បីចំណេញទីផ្សាររួមបានដែរឬទេ ?

ទីពីរ យកគំរូតាមស្វីស។ ស្វីសមិនស្ថិតក្នុងសហភាពអឺរ៉ុបទេ តែជាសមាជិកសមាគមផ្តោះប្តូរសេដ្ឋកិច្ច អាចចរចារកកិច្ចព្រមព្រៀងទ្វេភាគីជាមួយអឺរ៉ុប ដោយត្រូវបង់វិភាគទានឱ្យអឺរ៉ុប ត្រូវគោរពច្បាប់ចរាចរណ៍សេរីរបស់បុគ្គលនិងទ្រព្យ។ ក្រុមហ៊ុនឧស្សាហកម្មអាចរកស៊ីមានកំរិតជាមួយអឺរ៉ុប តែមានសេរីភាពគ្រប់គ្រាន់នឹងចរចាទ្វេភាគីជាមួយប្រទេសដទៃទៀត។

ទីបី គំរូកាណាដា។ មានកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទូទៅ ដែលអាចនឹងឈានដល់ការលុបបំបាត់ពន្ធគយលើផលិតផលនាំចេញនាំចូលជាច្រើន។ ប៉ុន្តែកិច្ចព្រមព្រៀងអឺរ៉ុបកាណាដាដែលចរចាគ្នាអស់រយៈពេល៧ឆ្នាំ ព្រមព្រៀងគ្នាហើយនៅមិនទាន់ផ្តល់សច្ចាប័នផង។

ប្រសិនបើអង់គ្លេសនិងអឺរ៉ុបមិនអាចរកឃើញកិច្ចព្រមព្រៀងអ្វីជាប្រសើរនឹងគ្នាបាន មិនតែការរំពឹងលើច្បាប់ពាណិជ្ជកម្មជាមូលដ្ឋានក្រោមម្លប់របស់អង្គការពាណិជ្ជកម្មពិភពលោលក សម្រាប់រកស៊ីជាមួយគ្នា តែឧសបគ្គផ្នែកពន្ធគយច្រើន។

ទោះក្នុងជម្រើសណាមួយក៏ដោយ ក៏ពេលនេះ ប្រទេសជាសមាជិកអឺរ៉ុបពិតជានឹងឆ្លៀតយកចំណេញពីអង់គ្លេស ដែលឯកា និងពីវិស័យដែលអង់គ្លេសធ្លាប់ខ្លាំង។ អឺរ៉ុបអាចស្នើកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្ម ទាក់ទងនឹងវិស័យណាតែមួយ ដែល ចង់ឬមិនចង់ អង់គ្លេសទំនងជាត្រូវបាត់បង់ឥទ្ធិពលនិងចំណែកខ្លះពីទីផ្សារភាគហ៊ុននិងធនាគារខ្លះហើយ។

កម្មវិធី Eurasmus ទៅអង់គ្លេស អាចនឹងត្រូវកាត់បន្ថយ ?
នៅឆ្នាំ២០១២-២០១៣ មាននិស្សិត ៥,៥% មកពីអឺរ៉ុប ដែលបានចូលចំណែកប៉ូវសេដ្ឋកិច្ចអង់គ្លេសក្នុងទំហំ៣៧០០លានអឺរ៉ូ និងផ្តល់ការងារប្រមាណ៣៤០០០ការងារ។ នៅពេលដើរចេញពីអឺរ៉ុប អង់គ្លេសនឹងលែងទទួលជំនួយផ្នែកស្រាវជ្រាវ។ តែការដើរចេញមិនមែនមានន័យនិស្សិតអឺរ៉ុបមិនអាចទៅសិក្សានៅអង់គ្លេសទេ តែត្រូវធ្វើសំណុំបែបបទសុំទិដ្ឋាការ  និងត្រូវបង់ថ្លៃខ្លាំងក្នុងនាមជានិស្សិតអន្តរជាតិ។ និស្សិតអង់គ្លេសអាចនឹងត្រូវខាតបង់ ដោយមិនអាចចូលរួមក្នុងកម្មវិធី ផ្តោះប្តូរអន្តរមហាវិទ្យាល័យ Eurasmus។ ខាងអឺរ៉ុបក៏អាចលុបឬបន្ថយកម្មវិធី Eurasmus ព្រោះមិនចង់ចំណាយថវិកាច្រើន ដោយបង្វៀងទិសដៅបញ្ជូនសិស្សនិស្សិត ឱ្យទៅប្រទេសផ្សេងប្រើភាសាអង់គ្លេសដែរដូចជាអៀរឡង់ ឬស្កុតឡែនដ៍៕

ប្រភពៈ RFI