​ប្រមុខ​ដឹកនាំ​ធំៗ​អឺរ៉ុបពង្រឹង​ជំហរ​​​ក្រោយ​លទ្ធផល​ប្រជាមតិ​អង់គ្លេស​

ប្រធានាធិបតីបារាំង ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ប្រធានសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នាឆ្វាត់ឆ្វែងតាមទូរស័ព្ទភ្លាម ក្រោយពីបានឮសេចក្តីប្រកាសលទ្ធផលប្រជាមតិថាពលរដ្ឋអាមេរិកបានបោះឆ្នោតចាកចេញពីអឺរ៉ុប។ លោកហ្វ្រង់ស័រ ហូឡង់ បានអំពាវនាវឱ្យអឺរ៉ុបភ្ញាក់រួសរាន់ឡើងប្រឈមនឹងជម្រើសរបស់អង់គ្លេស។ ចំណែកលោកស្រីមែរកិលបានកោះប្រជុំប្រមុខដឹកនាំប្រទេសសំខាន់របស់អឺរ៉ុបទាំង៦ នៅទីក្រុងប៊ែរឡាំង នៅថ្ងៃសៅរ៍ទី ២៥ មិថុនា និងស្នើសុំឱ្យអឺរ៉ុបកុំសម្រេចចិត្តអ្វីលឿនពេក។

ពាក្យថាសោកស្តាយបានគ្រលាស់ចេញពីគ្រប់ប្រអប់មាត់របស់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអឺរ៉ុបគ្រប់ៗរូប។ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានធ្វើសុន្ទរកថាខ្លីមួយ ដើម្បីធានាអះអាងថា បារាំងនឹងធ្វើជាមេគំនិតដឹកនាំអឺរ៉ុបប្រឈមនឹងស្ថានការណ៍ដ៏ចុកចាប់ និងគួរឱ្យសោកស្តាយបំផុត ដែលពលរដ្ឋអង់គ្លេសបានជ្រើសរើសដើរចេញពីសហភាព។

 

“អឺរ៉ុបមិនអាចធ្វើដូចមុនបានទៀតទេ !”  ត្រូវផ្តុំការដឹកនាំទៅលើវិនិយោគ ដើម្បីកំណើន និងការងារ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកហ្វ្រង់ស័រ ហូឡង់ ដោយបានបង្ហើបទៀតថា អឺរ៉ុបត្រូវតែផ្តល់ចម្លើយចាំបាច់ ដើម្បីគ្រប់គ្រងហានិភ័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកុំឱ្យទីផ្សារធ្លាក់ក្នុងភាពវឹកវរយូរពេក។

ទន្ទឹមគ្នានេះដែរលោកប្រធានាធិបតីបារាំងបានអះអាងនឹងមានជំហរដាច់ខាតជាមួយក្រុងឡុងដ៍ ក្នុងសំណុំបែបបទចរចាដកអង់គ្លេសពីអឺរ៉ុប ទៅតាមច្បាប់ បើទោះបីជាបារាំងនៅតែបន្តធ្វើការជាមួយអង់គ្លេសក្នុងនាមជាមិត្តដ៏ជិតដិតក៏ដោយ។

ចំណែកលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានចាត់ទុកជម្រើសរបស់ពលរដ្ឋអង់គ្លេសថាប្រៀបដូចការវាយមួយព្រនង់យ៉ាងដំណំលើអឺរ៉ុប។ ប៉ុន្តែក្រៅអំពីសម្តែងសោកស្តាយ លោកស្រីបានសន្យាថា អឺរ៉ុបរំពឹងលើសមត្ថភាពរបស់សមាជិកទាំង២៧ និងមិនទាញសន្និដ្ឋានអ្វី ដោយគ្រាន់តែឃើញលទ្ធផលនៃធ្វើប្រជាមតិអង់គ្លេសមួយនេះឡើយ។

លោកស្រីមែរកិល បានកោះហៅប្រមុខដឹកនាំអឺរ៉ុបកំពូលៗ ដូចជាបារាំង អ៊ីតាលី ព្រមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប មកជួបពិភាក្សាគ្នានៅថ្ងៃចន្ទទី ២៧មិថុនានៅទីក្រុងបែរឡាំង ដើម្បីពិចារណានិងវិភាគវែកញែកដោយភាពស្ងប់ស្ងាត់ និងអត់ធ្មត់ មុននឹងចេញសេចក្តីសម្រេចអ្វីមួយ។ ប្រមុខការទូតប្រទេសជាស្ថាបនិកសហភាពអឺរ៉ុបទាំង៦ បារាំង អាល្លឺម៉ង់ អ៊ីតាលី លុចសំបួរ ប៊ែលហ្សិក និងហូឡង់ ត្រូវជួបប្រជុំគ្នាជាបន្ទាន់នៅបែរឡាំងនាថ្ងៃសៅរ៍នេះតែម្តង។

សូមបញ្ជាក់ថាប្រតិកម្ម បានធ្លាក់មកពីគ្រប់ទិសទី សម្តែងការសោកស្តាយ និងជូនពរឱ្យអឺរ៉ុបមានស្ថិរភាពនិងអង់គ្លេសឆ្លងអន្តរកាលបានដោយរលូន និងឆាប់រហ័ស៕

ប្រភពៈ RFI