(ខ្សឹប)៖ ផ្អើលពេញក្រសួងអប់រំ នាំគ្នារត់ការយកកៅអីលោក គ្រី ស៊ាងឡុង ក្រោយក្រសួងដកពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ

ភ្នំពេញៈ នៅព្រឹកមិញ នាយក្តាមប្រៃយើង បានចរយាត្រាទៅផឹកកាហ្វេនៅហាងក្រោមដើមពោធិ ខាងមុខអតីតផែថ្ម ក៏បានជួបនឹងមន្ត្រីបម្រើការនៅក្រសួងអប់រំមួយក្រុម ដែលកំពុងតែក្រេបកាហ្វេក្តៅៗ ហើយក៏ជាអ្នកស្គាល់គ្នាជាមួយនាយក្តាមប្រៃយើងផងដែរ។ នៅឯតុកាហ្វេនោះ គេឮតែការនិយាយគ្នាពីរឿងមន្ត្រីធំ ថ្នាក់ប្រធាននាយកដ្ឋាននៅក្រសួងអប់រំ ចង់ឆីស្រីកូរ៉េ ជាអ្នកបកប្រែ ហើយត្រូវប៉ូលិសកូរ៉េចាប់ ហើយក្រសួងអប់រំ ក៏ដកតំណែងទៀត ព្រោះតែនំគមស្រីកូរ៉េនោះ។

ក្រុមមន្ត្រីក្រសួងអប់រំនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងដកតំណែងប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ពីលោក គ្រី ស៊ាងឡុង ដែលចេញប្រកាសជាផ្លូវការមិនទាន់បានមួយដង្ហើមចង្រិតផង ធ្វើឲ្យមន្ត្រីធំៗនៅក្រសួងនោះ មានមន្ត្រីថ្នាក់ប្រធាន និងអនុប្រធាននៅនាយកដ្ឋានផ្សេងៗទៀត ពិសេសមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈតែម្តង ចាប់ផ្តើមរមាស់កៅអីរបស់ខ្លួន ហើយចង់ទៅអង្គុយកៅអីលោក គ្រី ស៊ាងឡុង វិញ ព្រោះកៅអីនោះ មានខ្លាញ់គ្រាន់បើដែរ មិនចាញ់នាយកដ្ឋានគ្រប់គ្រងសំណង់ប៉ុន្មានឡើយ។

ក្រុមមន្ត្រីក្រសួងអប់រំ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា មានមន្ត្រីធំៗខ្លះ កំពុងរៀបចំឯកសារបណ្តើរៗហើយ ដើម្បីដាក់ពាក្យស្នើសុំយកតំណែងប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ពីលោក គ្រី ស៊ាងឡុង ដែលត្រូវក្រសួងដកហូតតំណែង ព្រោះរឿងចង់ស៊ីនំគមស្រីកូរ៉េនោះ។ ក្រុមមន្ត្រីទាំងនោះ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា កៅអីលោក គ្រី ស៊ាងឡុង នេះមានតម្លៃខ្លាំងណាស់ តែនេះមកពីគាត់មិនចេះថែរក្សា ធ្វើឲ្យរបូតដោយខ្លួន។ តែឥឡូវ មានមន្ត្រីធំៗមួយចំនួន កំពុងតែត្រៀមលុយកាក់ទៅឱបដៃឱបជើងថ្នាក់លើ ដើម្បីបានអង្គុយកៅអីខ្លាញ់នោះ។ ក្រុមមន្ត្រីដដែល បានខ្សឹបបញ្ជាក់មកថា បើមន្ត្រីចង់បានកៅអីខ្លាញ់នោះ បើពួកគេរត់ទៅរករដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុង ប្រហែលទៅមិនរួចទេ ព្រោះលោកស្អប់អាការស៊ូប៉ាន់ពុករលួយនឹងណាស់  ហើយមន្ត្រីខ្លះ បានដឹងរឿងនេះ អញ្ចឹងគេរត់ទៅរកថ្នាក់លើផ្សេងទៀត ឲ្យជួយបានអង្គុយកៅអីនោះ។

ក្រុមមន្ត្រីដដែល បានខ្សឹបប្រាប់នាយក្តាមប្រៃទៀតថា ពេលនេះ រឿងចង់បានកៅអីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនេះ កំពុងនិយាយតៗគ្នា ឡើងផ្អើលពេញក្រសួងអប់រំទៅហើយ ហើយមន្ត្រីតូចតាចម្នាក់ៗ ចាំមើល ចាំអ៊ុត តើអាប៉ោងកៅអីខ្លាញ់ ដែលបើកគ្របដោយរដ្ឋមន្ត្រីក្រសួងនេះ បានទៅលើអ្នកមានវាសនារូបណា? តែបើតាមក្រុមមន្ត្រីដដែល បង្ហើបប្រាប់នាយក្តាមប្រៃយើងថា កៅអីរបស់លោក គ្រី ស៊ាងឡុង នោះអាចបានទៅលើលោកអនុប្រធានម្នាក់ នៅនាយយកដ្ឋាននោះតែម្តង ដែលលោកអនុប្រធានម្នាក់នោះ ធ្វើការងារសកម្ម និងលេចធ្លោជាងគេ ក្នុងចំណោមអនុប្រធានជាច្រើនរូបទៀត។

រឿងរ៉ាវខ្សឹបនេះ សុំស្លេសត្រឹមណេះសិន ដោយនាយក្តាមយើងរំឭករឿងរបូតតំណែងរបស់លោក គ្រី ស៊ាងឡុង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ មកបញ្ជាក់ថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកម្លាំងសមត្ថកិច្ចកូរ៉េខាងត្បូង ឃាត់ខ្លួន និងត្រូវនារីជនជាតិកូរ៉េខាងត្បូង ប្តឹងទារសំណងជំងឺចិត្ត ១២,០០០ដុល្លារ ពីបទបំពានផ្លូវភេទ លើនារីជាអ្នកបកប្រែភាសាម្នាក់ អំឡុងពេលរូបលោកទៅចូលរួមកិច្ចប្រជុំអាស៊ានបូក៣ HRD នៅកូរ៉េខាងត្បូង កាលពីចុងខែឧសភា កន្លងទៅ។

លោក គ្រី ស៊ាងឡុង ត្រូវបានប៉ូលិសកូរ៉េខាងត្បូង ចាប់ខ្លួននៅម៉ោងប្រមាណ១០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោងនៅក្នុងទីក្រុងសេអ៊ូល ដោយចោទពីបទលោក គ្រី ស៊ាងឡុង បានប៉ុនប៉ងរំលោភទៅលើនារីកូរ៉េម្នាក់ ជាអ្នកបកប្រែ ហើយត្រូវនារីនោះ ស្រែកហៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕

(ខ្សឹប)៖ ផ្អើលពេញក្រសួងអប់រំ នាំគ្នារត់ការយកកៅអីលោក គ្រី ស៊ាងឡុង ក្រោយក្រសួងដកពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ

ប្រភពៈ postnews.media