សម្តេច​តេ​ជោ​ហ៊ុ​ន​សែន​ជា​ឥស្សរជន​អាស៊ាន​មុនគេ​បង្អស់​ក្នុង​កិច្ច​គាំទ្រ​ឲ្យ​ប្រទេស​ទី​ម័​រ ចូល​ក្នុង​សមាជិក​អាស៊ាន

សម្តេច​តេ​ជោ​ហ៊ុ​ន​សែន​ជា​ឥស្សរជន​អាស៊ាន​មុនគេ​បង្អស់​ក្នុង​កិច្ច​គាំទ្រ​ឲ្យ​ប្រទេស​ទី​ម័​រ ចូល​ក្នុង​សមាជិក​អាស៊ាន



ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គឺជា​ឥស្សរជន​អាស៊ាន​មុនគេ​បង្អស់​ក្នុងការ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង ជំរុញ​ឲ្យ​ប្រទេស​ទី​ម័​រ ចូលក្នុង​សមាជិក​អាស៊ាន។

នេះ​ជា​ការ​លើកឡើង​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានលើកឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម ជាមួយ​លោកជំទាវ ហ្វេ​លី​ស៊ី​ដា​ដេ អេស ហ្គូ​ទែ​រែស ( Felicidade S.Gutteres ) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ នៃ​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦។

លោក​ទេសរដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា ប្រទេស​ទី​ម័​រ​ខា​កើត និង​កម្ពុជា​គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ជា​ប្រទេស​ធ្លាប់​ឆ្លង កាត់​សង្គ្រាម​ដូចគ្នា ប្រទេស​ទី​ម័​រ​ក៏​ទើប​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ ក្នុង​នោះ​សម្រាប់​បទពិសោធន៍​ជោគជ័យ​របស់​កម្ពុជា គឺ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​នយោបាយ​នេះ​កម្ពុជា ទទួល​បាន​នូវ​ឯកភាព​ជាតិ និង​សុខ​សន្តិភាព​ទូទាំងប្រទេស រួម​ជា​មួយ​មាន​សេដ្ឋកិច្ច​បើកចំហរ ។

លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ទាក់ទិន​នឹង​បញ្ហា​អាស៊ាន ការ​ចរចារ​ចូល​អាស៊ាន​នេះ ប្រទេស​ទី​ម័​រ​គួរ​បើក​ចំហរ​ឲ្យ​បាន​ទូលាយ​លើ​ផ្នែក​សេដ្ឋកិច្ច​ដូចជា វិស័យ​វិនិយោគ ឧស្សាហកម្ម ទេសចរ​ណ៍ និង​សេវាកម្ម​ជាដើម ទោះបី​ប្រទេស​ទី​ម័​រ​ជា​ប្រទេស​តូច តែ​អាច​ទាញ​អត្ថប្រយោជន៍ ពី​សមាជិកភាព​អាស៊ាន​បានជា​ច្រើន តាមរយៈ​ការ​បើក​ច្រក​ទីផ្សារ​ទំនិញ ទទួលរ​លំហូរ​វិនិយោគ លំហូរ​មូលធន ការពង្រីក​មូលដ្ឋាន​ផលិតកម្ម និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម។

ក្នុង​ជំនួប​នេះ​ដែរ លោកស្រី ហ្វេ​លី​ស៊ី​ដា​ដេ អេស ហ្គូ​ទែ​រែស ( Felicidade S.Gutteres ) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ នៃ​ប្រទេស​ទី​ម័​រ​ខាងកើត បាន​ថ្លែង​នូវ​ការ​អំណរ​អរគុណ និង​ការផ្តល់​អនុសាសន៍​ល្អៗ ពី​លោកទេសរដ្ឋមន្ត្រី ដែល​កម្ពុជា​មានបទពិសោធន៍​ច្រើន នាំ​ឲ្យ ប្រទេស​មានការ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ជាពិសេស​ការផ្តល់​បទ​ពិសោធន៍ ទាក់ទង​ការងារ អាស៊ាន និង​កិច្ចការ​ឧស្សាហកម្ម​និង​សិប្បកម្ម​ជាដើម ។

លោកស្រី​ក៏ បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​ថា ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​ប្រមុខ រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ទី​ម័​រ​ខាងកើត នៅពេល​ខាងមុខ​ឆាប់ៗ នេះ គឺជា​ការ​រឹតចំណង​កិច្ចទំនាក់ទំនង​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត រវាង​ប្រទេស​ទាំងពីរ៕