ធី សុវណ្ណ​ថា ៖ មេដឹកនាំ​ដែល​មានរឿង​អាស្រូវ​ផ្លូវភេទ​គួរ​លាលែង​តំណែង

ខេត្តកំពង់ចាម ៖ ជា​ថ្មី​ម្តងទៀត នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​លើក​ឡើង​ថា នៅ​លើ​ពិភពលោក​នេះ មេដឹកនាំ​ដែល​មានរឿង​អាស្រូវ​ផ្លូវភេទ គេ​នឹង​ប្រកាស​ចុះ​ចេញពី​តំណែង ។

ការ​លើក​ឡើង​របស់​កញ្ញា ធី សុវណ្ណ​ថា​ខាងលើ បាន​ធ្វើ​ភ្លាម​ៗ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៦០០​នាក់​បាន​សួរ​ដេញដោល​នៅ​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​«​សិ​ទ្ឋិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​» ដែល​ប្រារ​ព្ឋ​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​អង្គ​លា​រាម ស្ថិត​នៅ​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ក្រូច  ស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០១៦ ពី​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ការ​លើក​ឡើង​របស់​អតីត​អ្នក​ធ្វើ​សកម្មភាព​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អំឡុង​និង​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​នោះ​ខាងលើ​នោះ​រួច​មក ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​ចូលរួម​ក្នុង​វេទិកា​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់​លោក កឹ​ម សុខា ។

មក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕