បទ​សម្ភាសន៍​ផ្ដាច់​មុខ ថន តារា មុន​ថ្ងៃ​រៀប​ការ​មក​ដល់​ស្អែក​នេះ!

​ថ្ងៃ អាទិត្យ ទី ២៦ ស្អែក​នេះ គឺជា​ថ្ងៃ​មង្គល​ការ​របស់​តារា​សម្ដែង ថន តារា ដែល​បាន​ស្វាមី​ជា​មន្ត្រី​ក្នុង​ជួរ​រាជការ​ប្រទេស​ថៃ។ ប៉ុន្តែ​រសៀល​ម្សិលមិញ តារា​សម្ដែង​សាច់​ស​ខាង​លើ ផ្ដល់​បទ​សម្ភាសន៍​ពិសេស​ដល់ Sabay ពាក់ព័ន្ធ​នឹង​គម្រោង​ទៅ​ថ្ងៃ​អនាគត​បន្ទាប់ពី​រៀបការ​រួច។

 

បទ​សម្ភាសន៍​ផ្ដាច់​មុខ ថន តារា មុន​ថ្ងៃ​រៀប​ការ​មក​ដល់​ស្អែក​នេះ!

 

តារា បាន​អង្គុយ​រៀបរាប់​ដោយ​ទឹក​មុខ​ញញឹម​ញញែម ហើយ​មាន​ម្ចាស់​ស្នេហ៍​នៅ​ក្បែរ​ខ្លួន និង​បាន​កាន់​ដៃ​គ្នា​ជាប់​ ​រៀបរាប់​ពី​គ្រោង​សាង​ស្នេហ៍​ដំបូង គម្រោង​ទៅ​ថ្ងៃ​អនាគត និង​អារម្មណ៍​របស់​ខ្លួន​ថា “ពេល​ជិត​មក​ដល់​ថ្ងៃ​រៀបការ​នេះ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង ព្រោះ​មិន​ធ្លាប់​មាន​ពិធី​អ្វី​សង​រោង​អ្វី​ទាំង​អស់ អាច​និយាយ​ថា​ នេះ​ជា​ពិធី​ធំ​បំផុត​ក្នុង​ឆាក​ជីវិត​​ហើយ​ជា​កាដូ​ដ៏​ធំ​បំផុត​ដែល​គាត់​បាន​ផ្ដល់​ឲ្យ។”

 

បងស្រី​តារា​សម្ដែង ថន លក្ខិណា ក៏​បាន​បន្ត​រៀបរាប់​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​ថា បន្ទាប់ពី​រៀបការ​រួច​នាង​ត្រូវ​ទៅ​រស់នៅ​ប្រទេស​ថៃ​ហើយ ដើម្បី​ទៅ​ជួយ​មើល​ការ​ខុស​ត្រូវ​លើ​មុខ​ជំនួញ​របស់​ស្វាមី ដោយ​មិន​បាន​បន្ត​ការងារ​សិល្បៈ​ក្នុង​ស្រុក​បន្ត​ទៀត​ទេ។

 

 

យ៉ាង​នេះ​ក្ដី ស្វាមី​នាង​លោក  យូបំារ៉ុង ដែល​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ បាន​ប្រាប់ Sabay ដោយ​​អនាគត​ភរិយា​ជា​អ្នក​បក​ប្រែ​ថា លោក​មិន​រារាំង​ភរិយា​ចំពោះ​ការងារ​សិល្បៈ​ឡើយ ក្នុង​នោះ​ប្រសិន​បើ​នៅ​តែ​មាន​ផលិតករ​ណា​ចង់​បាន​នាង​មក​សម្ដែង លោក​ក៏​មិន​ហាម​ឃាត់​អ្វី​ទាំងអស់ ព្រោះ​លោក​ក៏​ស្រលាញ់​ការ​សម្ដែង​នេះ​ដែរ គ្រាន់តែ​មិន​អាច​បាន​ច្រើន​ដូច​ពេល​មុន​ប៉ុណ្ណោះ។

 

ចំណែក​ឯ​គម្រោង​ក្រេប​ទឹក​ឃ្មុំ​វិញ​គឺ​អ្នក​ទាំងពីរ​ថា​នឹង​ទៅ​សាង​អនុស្សាវរីយ​នៅ​ទឹក​ដី​ហុងកុង និង​ត្រឡប់​មក​សៀមរាប​ទឹកដី​អង្គរ ព្រោះ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ​រូប​នេះ​ស្រលាញ់​ទី​នោះ​យ៉ាង​ខ្លាំង។

 

ថន តារា និង​ស្វាមី ណាវៈរ៉ាត់ យូបំារ៉ុង  នឹង​ចាប់​ផ្ដើម​ពិធី​សូត្រ​មន្ត​នា​ល្ងាច​ថ្ងៃ ២៥ ខែ​មិថុនា នេះ​២០១៦ ។ សូម​រង់​ចាំ​តាម​ដាន​ទិដ្ឋភាព​នៃ​ពិធី​មង្គល​របស់​ពួក​គេ ដែល​ក្រុម​ការងារ​ Sabay នឹង​ផ្ដិត​មក​ជូន​ប្រិយមិត្ត​តាម​កម្មវិធី​បន្ត​បន្ទាប់…!!!

 

អត្ថបទ៖ទ្រី រ៉ាវី