ការប្ដេជ្ញាចិត្ត​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ក្លាយទៅជា​រឿង​ឥតន័យ​

ក្រោយពេល​ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ រួចមក​លោក វេ​ង សាខុន បាន​ប្ដេជ្ញា​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែ​មកដល់ពេលនេះ​មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃថា​ការប្ដេជ្ញា​របស់លោក វេ​ង សាខុន គឺជា​រឿង​ឥតន័យ​។ ដោយហេតុថា​បច្ចុប្បន្ន​នៅក្នុង​ខេត្តមណ្ឌលគិរី បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ម្យ៉ាងទៀត​ការបង្ក្រាប​របស់​មន្ត្រី​បរិស្ថាន គ្រាន់តែ​ធ្វើឡើង​ដើម្បី​ឲ្យ​ឈ្មួញ​ចេះ​យោគយល់​ពី​តម្រូវការ​លុយកាក់​របស់​ពួកគេ​តែប៉ុណ្ណោះ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៥៩​កន្លែង​កិន​ថ្ម ឃុំ​អូរ​អាម ស្រុក​កែវ​សីមា សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​កាមរី​ដឹកឈើ​ប្រណីត​១​គ្រឿង​ពេលដែល​ឈ្មួញ​កំពុង​ដឹកឈើ​លើផ្លូវ​ជាតិ​លេខ​៧៦​ពី​ស្រុក​អូររាំង ទៅ​ស្រុក​កែវ​សីមា​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ខែមិថុនា​នេះ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​បាន​៧​គ្រឿង​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ក្រាប​តែ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ ចំណែក​ក្រុម​ឈ្មួញ​ដែល​បង់លុយ​ជាប្រចាំ​អាច​បន្តសកម្មភាព​យ៉ាង​រលូន​។​

ទាក់ទង​ទៅនឹង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​នោះដែរ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ បាន​រិះគន់​ចំៗ​ថា​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​មន្ត្រីក្រោមឱវាទ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​ពីបទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​អូររាំង ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេ​ជ្រា​ដា ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​មិន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​៕

2.IMG_5283លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ Untitled-1-48