ហេតុអ្វី​លោក ឃឹម ប៊ុន​សុង បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ទូច សៀ បង្កើត​ចំណតរថយន្ត​យ៉ាង​អនាធិបតេយ្យ​?

​សេច​ក្ដិ​រាយការណ៍​ពី​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​និង​បើករថយន្ត​ឈ្នួល​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​ឧកញ៉ា ទូច សៀ ដែលមាន​ខ្នងបង្អែក​រឹងមាំ កំពុង​សុខ​ស្រួល​ក្នុង​ការប្រមូល​លុយ​ពី​ចំណតរថយន្ត​អនាធិបតេយ្យ​ដែល​ខ្លួន​បង្កើតឡើង​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​រឿង​ឧកញ៉ា ទូច សៀ បង្កើត​ចំណតរថយន្ត​អនាធិបតេយ្យ​ដើម្បី​ជំរិត​យកលុយ​ពី​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល និង​ពី​ម្ចាស់​រថយន្ត​ដឹក​ភ្ញៀវទេសចរ ធ្វើ​ឲ្យ​មានការ​តវ៉ា​ជាច្រើនលើក​មកហើយ​។ ប៉ុន្តែ​ប្រហែល​មកពី​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ឧកញ៉ា ទូច សៀ ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

មន្ត្រីរាជការ​ក្នុង​ក្រុង​សៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ការបង្កើត​ចំណតរថយន្ត​មួយកន្លែង​នៅក្នុង​បុរី​សៀង​ណាំ សម្រាប់​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ​នោះ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឧកញ៉ា ទូច សៀ​។ មិនតែប៉ុណ្ណោះ​ឧកញ៉ា ទូច សៀ ដែលមាន​ខ្នងបង្អែក​រឹងមាំ​បាន​បង្កើត​ចំណតរថយន្ត​អនាធិបតេយ្យ​ជាច្រើន​កន្លែង​ទៀត ដើម្បី​ប្រមូល​លុយ​ហើយ​បើ​គិតពី​ផ្លូវជាតិ​លេខ​៦​ចាប់ពី​ស្ពានថ្ម​ព្រះរាជដំណាក់ ទៅដល់​មុខ​ផ្លូវ​ចូល​បុរី​សៀង​ណាំ គឺមាន​ចំណតរថយន្ត​អនាធិបតេយ្យ​ដល់​ទៅ​៨​កន្លែង​។ ចំណតរថយន្ត​អនាធិបតេយ្យ​ដែល​ឧកញ៉ា ទូច សៀ បង្កើតឡើង​ធ្វើ​ឲ្យ​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល អ្នកបើករថយន្ត​ដឹក​ភ្ញៀវទេសចរ ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ត្រូវគេ​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត និង​បង្ក​ឲ្យ​មាន​បញ្ហា​ស្ទះចរាចរណ៍​ឬ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​។

ទង្វើ​របស់​ឧកញ៉ា ទូច សៀ ត្រូវបាន​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល និង​អ្នកបើករថយន្ត​ដឹក​ភ្ញៀវទេសចរ តវ៉ា​ជាច្រើនលើក​មកហើយ​ដើម្បី​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ដោះស្រាយ​តាម​សំណូមពរ​របស់​ពួកគាត់​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក ឃឹម ប៊ុន​សុង សម្ងំ​ស្ងាត់ឈឹង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ករណី​ឧកញ៉ា ទូច សៀ បង្កើត​ចំណតរថយន្ត​អនាធិបតេយ្យ​គាប​យកលុយ​ពី​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល និង​អ្នកបើករថយន្ត​ដឹក​ភ្ញៀវទេសចរ​។ អ្វីដែល​ធ្វើ​ឲ្យ​មាន​ការតវ៉ា​នោះ​គឺ​អ្នករត់​តាក់ស៊ី​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​រកបាន​ម៉ូយ​ពេញ​រថយន្ត​ពេល​រៀប​ចេញដំណើរ​ត្រូវ​បង់លុយ​ក្បាល​រថយន្ត​៧០០០​រៀល និង​បង់​ឲ្យ​ក្រុមជើងកាង​១០០០០​រៀល​ថែមទៀត ដូច្នេះ​ពួកគាត់​គ្មាន​សល់​កម្រៃ​អ្វី​ទេ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើអាក្រក់​របស់​ឧកញ៉ា ទូច សៀ ជាបន្ទាន់​ព្រោះ​ឈ្មួញ​រូបនេះ​កំពុង​ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​៕

IMG_0053លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប b-SRa-500x374