ការ​ចុះ​អនុស្សរណៈ​ចាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ

ការ​ចុះ​អនុស្សរណៈ​ចាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ



សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦ សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​.​ឧ​ត្ត​រ​មានជ័យ ដែល​ដឹកនាំ​ដោយ លោក​គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ បាន​ជួប​ធ្វើ​កិច្ចពិភាក្សា និង ធ្វើការ​ចុះហត្ថលេខា ចាប់​ដៃគូ​ ធ្វើ​ពាណិជ្ជកម្ម នៃ​សភាពាណិជ្ជកម្ម​ខេត្ត​សុរិន្ទ , បូរី​រ៉ាំ និង ខេត្ត​ស៊ីសាកេត នៃ​ព្រះរាជាណាចក្រ​ថៃ រវាង​បងប្អូន​ពាណិជ្ជករ​កម្ពុជា​និង ពាណិជ្ជករ​កម្ពុជា​ថៃ ដោយមាន​ការចូលរួម​ពី​បងប្អូន ជា​ពាណិជ្ជករ អាជីវករ​នៃ​ប្រទេស​ទាំងពីរ​​ នៅ​សណ្ឋាគារ ឡាក់​គី​អង្គរ ខេត្តសៀមរាប។

នៅក្នុង​កិច្ចពិភាក្សា​នោះ​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ​ថៃ ក៏បាន​ធ្វើការ​បញ្ជាក់ អំពី​ការប្រមូលទិញ​នូវ ផល​អនុផល​កសិកម្ម​ពី​កម្ពុជា​ទាំង​ការនាំចេញ និង ការ​នាំចូល​ទំនិញ​របស់​ថៃ​មក​កម្ពុជា ដែល​តែង​ជួប​នូវ​ពី​បញ្ហា​មួយ ចំនួន​នៅតាម​ច្រកទ្វារព្រំដែន​ទាំង​ថៃ​និង កម្ពុជា។ ក្នុងនោះដែរ​ភាគី​ថៃ ក៏បាន​ផ្តោត​យ៉ាងសំខាន់ ទៅលើ​បច្ចេកទេស ការដាំដុះ និង​ការប្រមូល​ផល ពិសេស​លើ​ផល​ដំឡូង​មី​។ ក្នុង​កិច្ចពិភាក្សា​នោះ​បងប្អូន​ពាណិជ្ជករ​ថៃ ក៏បាន​គូស បញ្ជាក់​ផងដែរ អំពី​បញ្ហា​ការបង់​ពន្ធគយ ត្រូវ​ឲ្យ​មាន​ធ្វើ​តារាង​កំណត់​តម្លៃ​នៃ​ការ​បង់​ឲ្យ​បាន​ច្បាស់លាស់​ទៅលើ​រាល់ មុខទំនិញ​នាំចូល និង ចេញ។ កិច្ចពិភាក្សា​នោះ​ដែរ​ភាគី​សភា​ពាណិជ្ជកម្ម​ថៃ នៃ​ខេត្ត​ទាំង​បី​ក៏បាន​សំណូមពរ​ដល់ សភា​ពាណិជ្ជកម្ម ត្រូវ​ធ្វើ​ការកំណត់​នៃ​របប​ការប្រជុំ រវាង​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប ​និង សុរិន្ទ ប​រី​រ៉ាំ ,​ស៊ីសាកេត​រួម នឹង​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន​ ពាណិជ្ជករ ដែល​ធ្វើ​ទៅ​២​ខែម្តង។

មានប្រសាសន៍​នោះដែរ​លោក​គឹម ឆៃ​ហៀ​ង​ក៏បាន​បញ្ជាក់​ជូន​ដល់​ភាគី​ថៃ​អំពី​បញ្ហា​ការ​បង់​ពន្ធគយ នៅ តាម​ច្រក​នោះ​បច្ចុប្បន្ន​គយ​កម្ពុជា​បាន​កំពុង​រៀបចំ​កំណត់​ឲ្យ​កាន់តែ​បានច្បាស់លាស់ លើ​ការបង់ពន្ធ​នាំចូល និង ការនាំចេញ ទៅតាម​ប្រភេទ​នៃ​ទំនិញ​ទាំងនោះ​។ លោក​ក៏បាន​គូសបញ្ជាក់ថា គ្រប់​មុខទំនិញ​ទាំងអស់ ដែល​ភាគី ថៃ​នាំ​ចូលមក​កម្ពុជា ត្រូវតែមាន​គុណភាព​ខ្ពស់​និង ការកំណត់​បរិច្ឆេទ​មុខទំនិញ​ក្នុងការ​ផលិត​ឲ្យ​បាន​ត្រឹមត្រូវ និង មាន​រយៈពេល​យូ មិនត្រូវ​ធ្វើ​ការកែ​បន្លំ​ឡើយ​ដែល​ជា​បញ្ហា​នាំ​ឲ្យ​ខាតបង់​របស់​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន និង ធ្វើ​ឲ្យ មាន​ផលប៉ះពាល់​ដល់​សុខភាព​យើង​ទៀតផង។

លោក​គឹម ឆៃ​ហៀ​ង​ក៏បាន​គូសបញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ សភា ពាណិជ្ជកម្ម​កម្ពុជា ថៃ តែងតែបាន​ធ្វើ​ពិធី​ចុះហត្ថលេខា ការចាប់​ដៃគូ​​ធ្វើ​ពាណិជ្ជកម្ម​នឹង​គ្នា​រវាង​ធុរកិច្ច​ប្រទេស​ទាំង ពីរ ទៅលើ​មុខទំនិញ​នីមួយៗ​ដែល​ភាគី​បានធ្វើ​កិច្ច​ព្រមព្រៀងគ្នា។ លោក​ក៏បាន​សំណូមពរ​ដល់​បងប្អូន ដែលជា ពាណិជ្ជករ​ទាំង​កម្ពុជា​និង ថៃ ត្រូវផ្តោត​យ៉ាងសំខាន់​អំពី​គុណភាព អនាម័យ​លើ​ទំនិញ ជា​គ្រឿង​ឧបភោគបរិភោគ ដែល​ជា​បញ្ហា​នៃ​ចំណោទ​យ៉ាងខ្លាំង​នៅក្នុងពេល​បច្ចុប្បន្ននេះ​។​ដូច្នេះ​ក្រៅពី​គ្រឿងសំណង់​សម្ភារៈ​ផ្សេងៗ គឺ​ចាំបាច់​ត្រូវ​ធ្វើ​ការឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ត្រី​កម្ម​កុងត្រូល​នៅតាម​ច្រកព្រំដែន មុននឹង​ធ្វើការ​នាំចូល​មក​ក្នុង​កម្ពុជា​។​

ក្នុងនោះដែរ​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ឧ​ត្ត​រ​មានជ័យ ក៏បាន​ធ្វើការ​គូសបញ្ជាក់​ដល់ សភា​ពាណិកម្ម​ថៃ នៃ​ខេត្ត​ទាំងបី អំពី​ការ​ជ្រើសរើស​ពូជ​ក្នុង​ការដាំដុះ​ដំឡូង​មី ភាគី​កម្ពុជា​ក៏បាន​កំណត់​រួចរាល់​ហើយ​ផងដែរ តែបើ​ការ ជ្រើសរើស​ពូជ​តម្រូវ​ឲ្យ​តែ​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​នោះ​យើង​មិនអាច​ធ្វើការ​កែប្រែ​ជាមួយ​ប្រជាកសិករ​បានឡើយ។ ដូច្នេះ​សភា​ពាណិកម្ម គឺជា​អ្នករក​នូវ​ទីផ្សារ​ដើម្បី​នាំចេញ​នូវ​រាល់​កសិផល ដែល​ប្រជាកសិករ​កម្ពុជា​ផលិត​បាន។ ក្នុង នោះដែរ​លោក​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ក៏បាន​ឯកភាព​ទៅលើ​សំណើ ក្នុង​ការ​កំណត់ពេល​វេលា​នៃ​កិច្ចប្រជុំ រវាង​សភា​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំង​បួន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ដល់​បងប្អូន​ជា​ពាណិជ្ជករ អាជីវករ និង ប្រជាកសិករ​ជា​ម្ចាស់​ផលិត​ផង​ដែរ៕

ការ​ចុះ​អនុស្សរណៈ​ចាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ

ការ​ចុះ​អនុស្សរណៈ​ចាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ