ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បណ្ដោយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​មួយរយៈ​ពេល​ចុង​ក្រោយនេះ​កុងត្រូលជជុះ​របស់​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅលើ​ផ្លូវជាតិ​លេខ​៥ ជាពិសេស​នៅ​ចំណុចដើម​ចាន់គិរី ភូមិ​គោក​ទន្លាប់ ស្រុក​មង្គលបុរី បានធ្វើ​ឲ្យ​ឈ្មួញ អាជីវករ ប្រជាពលរដ្ឋ​និង​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​រិះគន់​យ៉ាងខ្លាំង​។ ដោយហេតុថា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ដែល​ឈរជើង​នៅ​កុងត្រូលជជុះ​នេះ​បានធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មានការ​រិះគន់ថា​លោក ឆេង សុវត្ថិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​អ្នក​បើកដៃ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

​ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ការដែល​លោក ឆេង សុវត្ថិ បណ្ដោយ​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន គឺមាន​ការបើក​ដៃ​ពី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ បញ្ហា​នេះ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង ព្រោះ​ពួកគេ​កំពុង​បង្ក​ការលំបាក​ដល់​ឈ្មួញ អាជីវករ ប្រជាពលរដ្ឋ និង​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​កាន់តែខ្លាំង​ឡើងៗ​។ ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បញ្ជាក់ថា ទោះបី​ពួកគេ​ដឹកទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​តាម​កុងត្រូលជជុះ​លើផ្លូវ​ជាតិ​លេខ​៥​ដែរ​។

ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដែល​បង្កើត​កុងត្រូលជជុះ​ក្នុងភូមិ​គោក​ទម្លាប់ បាន​ប្រើប្រាស់​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​2A-3238 ទុក​ប្រដេញ​ជំរិត​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​នានា​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​និង​ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​លើផ្លូវ​ជាតិ​លេខ​៥​ជាបន្ទាន់ ព្រោះ​ការបង្កើត​កុងត្រូលជជុះ​នោះ​ជាការ​បំពាន​លើ​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​មានការ​រិះគន់​ចំៗ​ថា លោក ឆេង សុវត្ថិ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រមូល​ផលប្រយោជន៍​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

851418992_82021_11757983976325547518លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ WAT-20065 WAT-20065a