បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុងស្រុក​សូទ្រនិគម នាំ​ឲ្យ​កើតមាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក​ក្នុង​បឹង​ទន្លេសាប​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​ជាច្រើន​កន្លែង ដោយមាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​សូទ្រនិគម និង​ពី​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​។ ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​កំពង់​ឃ្លាំង បាន​ឲ្យ​ដឹងថា​ភាគច្រើន​លើសលប់​នៃ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ពុំមាន​ការអនុញ្ញាត​នោះទេ​គឺ​អ្នកមាន​លុយ អ្នកមានអំណាច ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ចិញ្ចឹម​រាប់រយ​ស្រះ​តែម្តង​។ ប្រការ​នេះហើយ​ដែល​នាំ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​តា​ជានា ឃុំ​កំពង់​ឃ្លាំង បាន​ឲ្យ​ដឹងថា​នៅក្នុង​ភូមិ​នេះ​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ជាច្រើន​កន្លែង ហើយ​មាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាន​ប្រកបមុខរបរ​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់យក​កូន​ត្រី​តូចៗ ខ្ចៅ និង​លាស​ជាដើម ទៅធ្វើជា​ចំណី​ត្រី​ឆ្ដោ​។ មុខរបរ​ចិញ្ចឹម​ត្រី​ឆ្ដោ​ប្រមាណ​៤០​ស្រះ​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​នេះ ត្រូវបាន​គេ​ដឹងថា​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ប្រចាំ​ស្រុក​សូទ្រនិគម ក៏ដូចជា​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ដើម្បី​ចាប់យក​កូន​ត្រី​ល្អិតៗ​ពី​បឹង​ទន្លេសាប​ទៅធ្វើ​ចំណី​ត្រី​ឆ្ដោ ដោយបាន​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​កាន់តែ​ហិនហោច​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យមើល​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​ជាបន្ទាន់ ព្រោះ​ស្រះ​៤០​កន្លែង​បាន​ចិញ្ចឹម​ត្រី​ឆ្ដោ​ដោយ​ខុសច្បាប់​ពុំមាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ​។ ប្រសិនបើ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​លោក ព្រិ​ន្ទ សា​វិ​ន និង​បក្ខពួក​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់ និង​បទល្មើស​នេសាទ​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​នៅលើ​ផ្ទៃ​បឹង​ទន្លេ​សាទ​នៃ​ស្រុក​សូទ្រនិគម​នៅពេលនេះ ពោរពេញ​ទៅដោយ​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​៕

Pic105 Pic106 Pic107