បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​កើតមាន​ឥតឈប់ឈរ​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ព្រៃ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ តំណាង​សហគមន៍​ក្នុង​ឃុំ​មាន​រិ​ទ្ធ បាន​ឲ្យ​ដឹងថា​លោក ឡង គី​សឺ​ង អភិបាលស្រុក​សណ្ដាន់ បានដឹង​យ៉ាងច្បាស់​ពីបទ​ល្មើស​កាប់​ឈើ​នៅ​ចំណុច​ស្ទឹងតូច ខាងកើត​ភូមិ​ព្រះអាទិត្យ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​ស្រុក​សណ្ដាន់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​នេះ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត​នោះ គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​ចេញពី​ព្រៃ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​បែរជា​អះអាងថា​ឈ្មួញ​ដឹកអុស​ទៅវិញ​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ព្រៃ​ឡង់​ត្រូវបាន​ដាក់​ជា​តំបន់​អភិរក្ស​និង​ការពារ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​មាន​សភាព​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ជាក់ស្ដែង​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិនឃើញ​វត្តមាន​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ការពារ​ព្រៃ​ឡង់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ មិនតែប៉ុណ្ណោះ​ថ្មីៗ​កន្លងទៅនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បែរជា​អះអាងថា​គ្មាន​បទល្មើស​កាប់​ឈើ​ក្នុងខណៈដែល​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​មួយរយៈ​ពេល​ក​ន្ល​ង​ទៅនេះ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​នេះ បាន​កត់សម្គាល់ថា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​ទៅ​ជួសជុលផ្ទះ និង​ដឹកអុស​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ធំៗ​កាប់​ឈើ​ហ៊ុ​ប​និង​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មិនឃើញ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​តាម​តួនាទី​របស់ខ្លួន​ឡើយ​៕

13536216_1566364096992500_1528624741_n 13536230_1566364110325832_328754260_n 13530449_1566355463660030_887179235_n