ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ សមត្ថកិច្ច​ប្រមូល អត្តសញ្ញាណប័ណ្ណ ពី​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កន្លែង​បញ្ចាំ​នានា​យក​ជូន​ប្រជាពលរដ្ឋ​វិញ​

ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ សមត្ថកិច្ច​ប្រមូល អត្តសញ្ញាណប័ណ្ណ ពី​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កន្លែង​បញ្ចាំ​នានា​យក​ជូន​ប្រជាពលរដ្ឋ​វិញ​



ភ្នំពេញ ៖ លោក​នាយ​ឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួង​មហាផ្ទៃ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ ត្រួតពិនិត្យ​ពី​ការអនុវត្ត​យុទ្ធនា​ ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង​កាលពី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ​ដោយ ស្នើ​ឲ្យ​បណ្ដា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​បង្កើន​ការ​ចាត់វិធានការ​ចុះ​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ពី​តាម​បណ្ដា​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កន្លែង​បញ្ចាំ​នានា​ទៀត យក​មក​ជូន​ប្រជាពលរដ្ឋ​វិញ។

លោក នាយ​ឧត្ដមសេនីយ៍ បន្ត​ថា អត្តសញ្ញាណប័ណ្ណ​គ្រាន់តែ​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​ពិត​របស់​ប្រជាពលរដ្ឋ វា​មិន​មាន​តម្លៃ​ដូច​ប្លង់ដី ប្លង់​ផ្ទះ​នោះ​ទេ​ ហើយ​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​គួរ​យក​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ទៅ​តម្កល់ បញ្ចាំ​នោះ​ទេ ពោលគឺ​បើ​ចាំបាច់​ណាស់​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​កូពី​វិញ​ទៅ។ សូម​រំលឹក​ថា កន្លងមក ធនាគារ ជាតិ​នៃ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដីណែនាំ​ពី​បញ្ហា​ហាមប្រាម​មិន​ឲ្យ​បណ្ដា​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ យក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ធ្វើជា​ឯកសារ​តម្កល់​បញ្ចាំ​កម្ចី​ប្រាក់​នោះ​ទេ ប៉ុន្តែ​មកដល់​ពេល​នៅ​តែ​មាន​កន្លែង​ផ្ដល់​ប្រាក់​កម្ចី​មួយ​ចំនួន​នៅតែ​មិនទាន់​បញ្ឈប់​សកម្មភាព​នេះ។

លោក​ថា កន្លងមក​ពិតជា​មាន​ប្រជាពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​ខ្លួន​ទៅ​តម្កល់​ជាប់​បញ្ចាំ​នៅ​នៅ​កន្លែង​ខ្ចី​ប្រាក់ ហើយ​បាន​មក​កុហក​សមត្ថកិច្ច​ថា បាត់ សុំ​មក​ធ្វើ​ថ្មី​មួយទៀត ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត។

លោក ម៉ៅ ច័ន្ទ​តារា បញ្ជាក់​ថា សម្រាប់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ដែល​មាន​បុគ្គល​ម្នាក់ មុខមាត់​ដដែល​មក​ធ្វើ​ពីរ ទៅ​បី​ដង ហើយ​ខ្លះ​ក្លែងបន្លំ​ឯកសារ​សំបុត្រកំណើត ទីកន្លែង​កំណើត ឬ​យក​ក្រយៅដៃ​ខុស​មិន​ត្រឹមត្រូវ ម៉ាស៊ីន ដែល​ដើរ​ដោយ​កម្លាំង​បច្ចេកវិទ្យា​ទំនើប​នោះ វា​មិន​អាច​ព្រី​ន​ឬ​បោះពុម្ព​ចេញ​នោះ​ទេ៕