ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​ភ្លើង​នៅ​កំពង់ចាម​ទាមទារ​សំណង

ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​នៅ​ស្រុក​កំពង់សៀម និង​នៅ​ក្រុង​កំពង់ចាម ដែល​មាន​ដី​លំនៅឋាន និង​ដី​ស្រែ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល និង​អូស​ខ្សែ​ភ្លើង​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ឱ្យ​បាន​សមរម្យ។ ការ​ស្នើ​នេះ ក្រោយ​ពេល​មាន​សកម្មភាព​បោះ​បង្គោល និង​បោះ​តម្រុយ​បម្រុង​នឹង​បោះ​បង្គោល​កើត​មាន​ឡើង ដោយ​មិន​បាន​គិតគូរ​សំណង​សមរម្យ​ជូន​អ្នក​ភូមិ​ទេ។ ចំណែក​អាជ្ញាធរ​ខេត្ត​អះអាង​ថា ពួកគេ​កំពុង​គិតគូរ​ដោះស្រាយ​ឈាន​ទៅ​បញ្ចប់​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ចាម បញ្ជាក់​ជំហរ​ថា ប្រសិនបើ​អាជ្ញាធរ ព្រម​ទាំង​មន្ត្រី​អគ្គិសនី​មិន​បាន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​សមរម្យ​ជូន​ពួកគាត់​ទេ អ្នកស្រុក​នឹង​មិន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​បន្ត​បោះ​បង្គោល និង​រាយ​ខ្សែ​ភ្លើង​កាត់​ដី​ពួកគាត់​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​នឹង​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ផល​ប៉ះពាល់​ទាំង​នោះ។

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​កំពង់ចាម មួយ​រូប​អ្នកស្រី មិត្ត គីមថា ឱ្យ​ដឹង​ថា អ្នកភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត តាំង​ពី​ដើម​ឆ្នាំ​២០១៦ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​លើ​ករណី​មន្ត្រី​អគ្គិសនី​បោះ​បង្គោល​ភ្លើង​លើ​ដី​ស្រែ និង​ដី​លំនៅឋាន។ អ្នកស្រី​រីករាយ​ចំពោះ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ប៉ុន្តែ​អ្នកស្រី​ចង់​ឱ្យ​អាជ្ញាធរ​គិតគូរ​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ជាមុន មិន​មែន​ជា​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឱ្យ​អ្នកស្រុក​រង​ទុក្ខ​នោះ​ទេ៖ «ខ្ញុំ​អត់​ព្រម​ទេ ព្រោះ​ខ្សែ​ភ្លើង ខ្ញុំ​មិន​អាច​ទៅ​រស់​នៅ​ក្រោម​ខ្សែ​ភ្លើង​បាន​ទេ គិត​មើល​បើ​រលំ​បង្គោល​មក​ឱ្យ​ខ្ញុំ​ងាប់​ទៅ»

តាម​ផែនការ​រាជរដ្ឋាភិបាល​នឹង​ត​ភ្ជាប់​បណ្ដាញ​ភ្លើង​ប្រើប្រាស់​ពី​អនុ​ស្ថានីយ​អគ្គិសនី​ក្នុង​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ឆ្ពោះ​ទៅ​កាន់​តំបន់​ភូមិ​ភាគ​ឦសាន រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ជាដើម។ គម្រោង​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​កំពង់ចាម មួយ​ចំនួន ដូចជា​បោះ​បង្គោល និង​អូស​ខ្សែភ្លើង​ប៉ះពាល់​ដី​ស្រែ និង​ដី​លំនៅឋាន ព្រម​ទាំង​ផល​ដំណាំ​របស់​អ្នកភូមិ។

ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ហ៊ាន់ វណ្ណៈ មាន​ប្រសាសន៍​ថា ដំណាំ​នៅ​ដី​ភូមិ​របស់​ខ្លួន​ដូចជា ស្វាយ ខ្មុរ ដូង គុម្ពឫស្សី ជាដើម ត្រូវ​បាន​ខាង​មន្ត្រី​អគ្គិសនី​កាប់​អស់ ទាំង​ដែល​អ្នកស្រី​បាន​ដឹង​ឡើយ ដោយ​គេ​ថា នឹង​ទូទាត់​ប្រាក់​ជូន ប៉ុន្តែ​តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក គឺ​មិន​ឃើញ​ប្រាក់​សំណង​ទេ។ អ្នកស្រី​យល់​ថា ទង្វើ​បែប​នេះ​ជា​ការ​រំលោភ​បំពាន​លើ​ពលរដ្ឋ​ទន់ខ្សោយ​តែម្ដង៖ «ធ្វើ​ហ្នឹង​ច្បាប់​អត់​មាន​ចែង​ឡើង​ទេ អា​ហ្នឹង​គេ​ហៅ​ច្បាប់​ព្រៃ​ហើយ ចង់​កាប់ៗ​ទៅ ចង់​ឈូសៗ​ទៅ ចង់​ឆាយៗ​ទៅ»

​ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទេ។ លោក​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​តែង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​តូច ប៉ុន្តែ​វា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ និង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ទៀត​ផង។

លោក​បញ្ជាក់​ថា កន្លងមក​គណៈកម្មការ​វាយតម្លៃ​ថ្នាក់​ជាតិ​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ស្ទើរ​តែ​អស់​ទៅ​ហើយ គឺ​នៅ​សល់​ប្រមាណ ៥ ឬ ៦​គ្រួសារ​ប៉ុណ្ណោះ ពោល​គឺ​ក្នុង​ចំណោម​បង្គោល​អគ្គិសនី​ឆ្លងកាត់​ខេត្ត​កំពង់ចាម ចំនួន ៣២​បង្គោល ដែល​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​គឺ​ដោះស្រាយ​បាន ២៦​បង្គោល ហើយ​នឹង​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់​នៅ​ពេល​ខាង​មុខ។ ចំណែក​ចំនួន​លើស​ពី​នេះ លោក​ថា ជា​ការ​បំផុសបំផុល​ពី​សំណាក់​ពលរដ្ឋ​មួយ​ក្ដាប់​តូច​ទៅ​វិញ។ រី​ឯ​រាល់​ការ​ដោះស្រាយ​គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ៖ «ក្រុម​មួយ​ចំនួន​តូច​នេះ គាត់​នៅ​តែ​មិន​ទាន់​យល់​ព្រម ហើយ​យើង​នៅ​តែ​បន្ត​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​ដែល​យើង​អាច​ដោះស្រាយ​ត្រឹម​ណា»

ផ្ទុយ​ពី​អ្វី​ដែល​អ្នក​នាំ​ពាក្យ​សាលាខេត្ត​បាន​លើក​ឡើង អ្នកស្រី ខៀវ ស្រ៊ាង បញ្ជាក់​ថា នៅ​ពេល​គេ​បោះ​បង្គោល​ភ្លើង​រួច​ហើយ បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រគល់​ប្រាក់​ជូន​អ្នកស្រី​ជា​ក្រោយ។ អ្នកស្រី​ថា គាត់​មិន​ចង់​យក​ប្រាក់​នោះ​ឡើយ ប៉ុន្តែ​អាជ្ញាធរ​គំរាម​ថា បើ​មិន​ទទួល​គឺ​មាន​តែ​អត់ ទើប​អ្នកស្រី​ព្រម​ទទួល​យក​ប្រាក់​សំណង​ជាង ១​លាន​រៀល ទាំង​បង្ខំ​ចិត្ត ស្រប​ពេល​បង្គោល​អគ្គិសនី​បាន​បោះ​លើ​ដី​ស្រែ​គាត់​អស់​ពាក់​កណ្ដាល។ ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​តវ៉ា គឺ​ភាគ​ច្រើន​ទទួល​យក​សំណង​ផល​ប៉ះពាល់​រួចរាល់ ប៉ុន្តែ​ពួកគេ​នៅ​មិន​ទាន់​អស់​ចិត្ត ត្បិត​ទឹក​ប្រាក់​នោះ​តិចតួច ហើយ​ព្រម​ទទួល​យក​ដោយ​ការ​ខ្លាច​រអា​ផង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន បញ្ជាក់​ថា គ្រប់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ គឺ​ត្រូវ​សិក្សា​ផល​ប៉ះពាល់​ជា​មុន។ អ្នកស្រី​ថា ប្រសិនបើ​មាន​ផល​ប៉ះពាល់​រដ្ឋ​ត្រូវ​ផ្ដល់​សំណង​យ៉ាង​សមរម្យ និង​យុត្តិធម៌​ស្របតាម​ច្បាប់​ភូមិបាល។ ប៉ុន្តែ​ករណី​នេះ​អ្នកស្រី​មើល​ឃើញ​ថា ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​សំណង​សមរម្យ និង​យុត្តិធម៌​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ លើក​ឡើង​ថា ប្រសិនបើ​ការ​ដោះស្រាយ​មិន​មាន​យុត្តិធម៌ ពលរដ្ឋ​នៅ​តែ​មាន​សិទ្ធិ​ទាមទារ​សំណង​សមរម្យ​ទៅ​តាម​ផល​ប៉ះពាល់​ជាក់ស្ដែង​របស់​ខ្លួន​ស្របតាម​តម្លៃ​ទីផ្សារ ឬ​តម្លៃ​សម្បទាន​ណា​មួយ ពីព្រោះ​ដីធ្លី​ទាំង​នោះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។