នារី​ខ្មែរ-​អាមេរិកាំង​ម្នាក់​នឹង​ចូល​រួម​ប្រកួត​បវរកញ្ញា​អាមេរិក​ឆ្នាំ​២០១៦

នារី​ខ្មែរ-​អាមេរិកាំង ម្នាក់ អាយុ ២១​ឆ្នាំ នឹង​ចូល​រួម​ប្រកួត​ប្រជែង​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់​ឆ្នាំ​២០១៦ (Intercontinental) USA 2016) នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland)។

​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​នារី​ខ្មែរ​តំណាង​ឲ្យ​រដ្ឋ​វឺជីនៀ (Virginia) ចូល​រួម​ប្រឡង​ប្រណាំង​ជាមួយ​បវរកញ្ញា​ជា​ច្រើន​ទៀត​ពី​រដ្ឋ​ចំនួន​ជិត ៣០ ទូទាំង​សហរដ្ឋអាមេរិក។

កញ្ញា ជា ផល្លា ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សកល​វិទ្យាល័យ ខំមិនវ៉ែល រដ្ឋ​វឺជីនៀ (Commonwealth University of Virginia) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា កញ្ញា​ធ្លាប់​បាន​ជាប់​ជា​បវរកញ្ញា​លំដាប់​លេខ​២ ក្នុង​ការ​ប្រកួតប្រជែង​បវរកញ្ញា​ខ្មែរ-​អាមេរិកាំង ឌីស៊ី កាល​ពី​ឆ្នាំ​២០១៤។ កញ្ញា​សំដែង​ក្តី​មោទនភាព​ជា​ខ្លាំង​ដែល​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​នេះ និង​តំណាង​ឲ្យ​រដ្ឋ​វឺជីនៀ៖ «មូលហេតុ​ដែល​ខ្ញុំ​ចង់​ប្រឡង​បវរកញ្ញា Intercontinental USA ពីព្រោះ​ខ្ញុំ​ចង់​បង្ហាញ​ពី​សម្រស់​ស្ត្រី​ខ្មែរ និង​ចង់​បង្ហាញ​ពី​វប្បធម៌​ខ្មែរ។ ខ្ញុំ​កើត​នៅ​ស្រុក​នេះ​មែន ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​វប្បធម៌​ខ្មែរ និង​ចង់​រក្សា​ឲ្យ​បាន​គង់វង្ស»

​កញ្ញា ផល្លា បន្ត​ថា ក្នុង​ការ​ប្រកួតប្រជែង​ទេពកោសល្យ នាង​នឹង​សំដែង​របាំ​អប្សរា​សម្រាប់​ឲ្យ​ទស្សនិកជន​ឃើញ និង​ស្គាល់​ពី​ភាព​រស់​រវើក​នៃ​របាំ​មួយ​នេះ។ កញ្ញា​ថា ប្រសិនបើ​នាង​មាន​សំណាង​បាន​ជាប់​ជា​បវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់​ឆ្នាំ​២០១៦ នាង​នឹង​ចំណាយ​ពេល​វេលា​ដើម្បី​ផ្សព្វផ្សាយ និង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ខ្មែរ​ថែរក្សា​ប្រពៃណី​វប្បធម៌ អារ្យធម៌​ខ្មែរ និង​ប្រឹងប្រែង​រៀន​សូត្រ​ដើម្បី​អនាគត​របស់​ខ្លួន ទោះ​បី​ជា​រស់​នៅ​ទី​ណា​ក៏ដោយ៖ «បើសិនជា​ខ្ញុំ​បវរកញ្ញា ខ្ញុំ​ចង់​ជួយ​កូន​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ និង​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ជាមួយ​អង្គការ Children Network។ ខ្ញុំ​ចង់​ឲ្យ​កូន​ខ្មែរ​ស្រឡាញ់​ប្រពៃណី​ខ្មែរ និង​តស៊ូ​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ»

​កញ្ញា ជា ផល្លា គឺ​ជា​កូនស្រី​តែមួយ​គត់​របស់​លោក ជា សំអឿន និង​អ្នកស្រី ជា ម៉ារី ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​ស្ទឺរលីង (Sterling) រដ្ឋ​វឺជីនៀ។

តាំង​តែ​ពី​តូច​មក ផល្លា ត្រូវ​បាន​មាតាបិតា​នាំ​ទៅ​ហ្វឹកហាត់​រាំ​របាំ​ខ្មែរ រួម​មាន​របាំ​អប្សរា និង​ចេះ​លេង​ព្យាណូ (Piano) ស្ទាត់​ជំនាញ។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ដោយ​ផ្ទាល់​មក​កញ្ញា ជា ផល្លា តាម​លេខ​ទូរស័ព្ទ​ដៃ ៥៧១ ២៤២ ៥៧១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។