ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

មនុស្សមួយចំនួនធំ បានដឹងពីរបៀបថែរក្សាសុខភាពខ្លួនឯង យ៉ាងច្បាស់លាស់ «តែមិនព្រមអនុវត្តន៍» ហើយពេលដែលមានជំងឺមកបៀតបៀនរាងកាយ ក៏បន្ទោសទៅលើ អាហារ ឬអាកាសធាតុនៅខាងក្រៅទៅវិញ។ ប៉ុន្តែមិនបានដឹងថាសកម្មភាពដែលខ្លួនកំពុងធ្វើរាល់ថ្ងៃនេះ ជះឥទ្ធិពលអាក្រក់ខ្លាំងប៉ុណ្ណាទេ ទៅលើសុខភាពផ្លូវកាយ។ ចង់ដឹងថាមានទម្លាប់មិនល្អអ្វីខ្លះ ដែលធ្វើឱ្យរាងកាយអ្នកងាយមានជំងឺ? តោះទៅមើលជាមួយខ្មែរឡូតទាំងអស់គ្នា៖

#មិនញ៉ាំអាហារពេលព្រឹក៖ ការមិនញ៉ាំអាហារពេលព្រឹក អាចធ្វើឱ្យយើងមានអារម្មណ៍ថាឆាប់ឃ្លានជាពេលណាៗទាំងអស់ ដោយសារតែក្រោយពីគេងក្នុងរយៈពេលជាច្រើនម៉ោង (៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ) មករាងកាយបានបាត់បង់ថាមពលអស់ជាច្រើន ដូច្នេះវាត្រូវការអាហារ ដើម្បីបំពេញបន្ថែមឡើងវិញ។ មូលហេតុនេះនឹងធ្វើឱ្យរាងកាយ អ្នកជួបប្រទះនូវគ្រោះថ្នាក់២គឺ៖

• ប្រឈមមុខនឹងការខ្វះខាតជីវជាតិថែបំប៉ន សុខភាពចុះខ្សោយងាយឈឺ

• ប្រឈមមុខនឹងជំងឺធាត់ៈ នៅពេលដែលអ្នកឃ្លាន អ្នកនឹងរកអ្វីមកទទួលទានភ្លាមដូចជាបង្អែម ឬក៏អាហារសម្រន់ផ្សេងៗ ដោយមិនបានគិតគូរឱ្យបានល្អ។ នេះហើយជាហេតុនាំឱ្យខ្លួនឡើងគីឡូលឿន ជាងអ្នកដែលតែងញ៉ាំអាហារពេលព្រឹកជាប្រចាំ។ 

#ញ៉ាំទឹកតិចពេក៖ បញ្ហានេះច្រើនតែកើតមានឡើង ទៅលើអ្នកដែលធ្វើនៅក្នុងការិយាល័យ (Office) ឬនៅក្នុងម៉ាស៊ីនត្រជាក់ មានអ្នកខ្លះស្រេកទឹកតែខ្ជិលក្រោកទៅរកទឹកញ៉ាំក៏មាន។ កង្វះសារជាតិទឹក គឺបណ្តាលអោយស្រទាប់ខាងក្នុងបរិវេណមាត់ ច្រមុះ និងភ្នែកមានអាការស្ងួត ហើយយូរៗទៅ អាចបង្កជាការរលាក និងងាយឆ្លងមេរោគទៅក្នុងសរីរាង្គកាយថែមទៀតផង។ មិនតែប៉ុណ្ណោះ នឹងបណ្តាលឱ្យអ្នកមានភាពតានតឹង ឬងាយឈឺក្បាលផងដែរ។ ដូច្នេះមិនថាអ្នកនៅក្នុងស្ថានភាពបែបណាក៏ដោយ គួរញ៉ាំទឹកឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

#ប្រើឧបករណ៍អេឡិចត្រូនិកក្នុងរយៈពេលយូរ៖ បច្ចុប្បន្នបច្ចេកវិទ្យាតិចណូឡូជីបានក្លាយទៅជាចំណែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាននៅក្នុងជីវិតរស់នៅរបស់មនុស្សទូទៅ។ ការប្រើគ្រឿងអេឡិចត្រូនិកច្រើនម៉ោង ឬខុសវិធីប្រើ អាចធ្វើឱ្យអ្នកងាយកើតជំងឺដូចជាៈ ស្រវាំងភ្នែក ឈឺកញ្ចឹងក. (ដោយសារការអោនយូរពេក) ឬមានភាពស្មុគស្មាញផ្សេងៗជាច្រើន។ 

#អង្គុយធ្វើការមិនត្រឹមត្រូវ៖ ការអង្គុយធ្វើការនៅលើតុធ្វើការមិនត្រឹមត្រូវ ដូចជា អង្គុយអោនមុខចុះយូរ អង្គុយកោងខ្នង ឬអង្គុយធ្វើការច្រើនម៉ោង អាចបណ្តាលឱ្យអ្នកឈឺសន្លាក់សាច់ដុំបាន តាំងពីក្បាលរហូតដល់ចុងជើង។ ទាំងនេះអាចធ្វើឱ្យអ្នកខូចសុខភាព និងបាត់បង់ប្រសិទ្ធិភាពក្នុងការងារផងដែរ ដូច្នេះគួរសម្រួលឥរិយាបទនៅកន្លែងធ្វើការ ឱ្យបានសមស្រប ទើបរាងកាយមិនងាយទទួលរងនូវជំងឺមកបៀតបៀន។

#ញ៉ាំអាហារនៅលើតុធ្វើការ៖ មនុស្សខ្លះមិនចង់ខាតបង់ពេលវេលា នៅក្នុងការធ្វើការងារទេ ទើបរហូតដល់ថ្នាក់ យកអាហារទៅញ៉ាំនៅលើតុធ្វើការ។ សកម្មភាពបែបនេះគឺមិនល្អឡើយ សម្រាប់សុខភាព ព្រោះយើងមិនអាចមើលឃើញដោយភ្នែកទទេបានទេថា តើនៅលើតុមានមេរោគអ្វីខ្លះកំពុងតែស្ថិតនៅ? មិនថាតែនៅលើកុំព្យូទ័រ ឬសៀវភៅឯកសារនានា...។ ហើយក្រោយពេលដែលចាប់កាន់របស់ទាំងនោះ ហើយសូមកុំមកកាន់អាហារញ៉ាំ ព្រោះមេរោគពិតជាអាចឆ្លង ចូលទៅក្នុងមាត់អ្នកបានយ៉ាងស្រួល បើអ្នកមានទម្លាប់ធ្វើដូច្នេះ។  

#ស្មុគស្មាញរឿងការងារ និងគ្រួសារខ្លាំងពេក៖ អាការៈតប់ប្រម៉ល់ ឬស្រ្តេស គឺជានៃជំងឺដែលកើតមកពីរឿងទុក្ខកង្វល់នៅក្នុងចិត្ត។ ភាពតានតឹងនេះ នឹងបង្កឱ្យរាងកាយបញ្ចេញអ័រម៉ូនខុសធម្មតា ដើម្បីឆ្លើយតបទៅនឹងអាការស្ត្រេស។  វាជាសញ្ញាគ្រោះថ្នាក់មួយនៃជំងឺក្នុងសរសៃឈាមបេះដូង និងខួរក្បាល។  កាលណាខួរក្បាលពោរពេញទៅដោយភាពស៊ាំញ៉ាំ រាងកាយក៏កាន់តែចុះអន់ថយ ពីមួយកម្រិតទៅមួយកម្រិត ហើយហានិភ័យនៃការឆ្លងមេរោគក៏ច្រើនជាងមុនដែរ។

#ជក់បារី៖ សារធាតុពុលដែលមាននៅក្នុងបារី បានកកើតឡើងបន្តិចម្តងៗ នៅក្នុងខ្លួនអ្នកដែលជក់បារីផ្ទាល់ និងអ្នកស្រូបផ្សែងបារីចូលទៅ។ វាបង្កើតជំងឺជាច្រើនដូចជា ជំងឺបេះដូង ដាច់សសៃឈាមក្នុងខួរក្បាល ក្អករ៉ាំរ៉ៃ និងជំងឺមហារីកធ្ងន់ធ្ងរជាដើម។ ដូចនេះបើរាងកាយចុះទ្រុឌទ្រោមហើយ នឹងបណ្តាលឱ្យមេរោគអាចឆ្លងចូលបានយ៉ាងងាយស្រួល។

#លាងសម្អាតដៃមិនបានត្រឹមត្រូវ៖ ដៃជាអវៈយវៈដែលអាចចម្លងមេរោគបានយ៉ាងងាយជាំទីបំផុត ហើយវិធីដែលអាចកម្ចាត់មេរោគ ចេញពីដៃបានល្អនោះគឺការលាងដៃ។ ប៉ុន្តែវានឹងគ្មានប្រយោជន៍អ្វីទាំងអស់ នៅពេលដែលអ្នកលាងដៃមិនបានស្អាតដូចជា៖ លាងដៃជាមួយទឹកធម្មតា ដោយមិនប្រើសាប៊ូ ឬគ្រាន់តែយកដៃទៅជ្រលក់នៅក្នុងទឹកឱ្យសើមៗជាដើម...។ 

#ចូលចិត្តខាំក្រចកដៃ ញីភ្នែក និងកេះក្រមុះ៖ ដឹងហើយថាដៃគឺអាចចម្លងមេរោគចូលទៅក្នុងខ្លួនបានយ៉ាងងាយ ព្រោះថាមួយថ្ងៃៗដៃរបស់យើងមិនដឹងជាចាប់កាន់ និងប៉ះពាល់វត្ថុប៉ុន្មានប្រភេទនោះទេ។ ដូច្នេះហាមយកដៃប៉ះកន្លែងដែលងាយចម្លងមេរោគចូលទៅក្នុងរាងកាយឱ្យសោះដូចជា៖ យកដៃលូកមាត់ ចូលចិត្តខាំក្រចកដៃលេង យកដៃទៅញីភ្នែក ឬខ្វេះអាចម៍ច្រមុះ -ល-។ បើអ្នកមានទម្លាប់បែបនេះ សូមមេត្តាបញ្ឈប់វាជាបន្ទាន់ ព្រោះវាអាចបង្កឱ្យរាងកាយអ្នកងាយឆ្លងមេរោគ ទៅជាកើតមានជំងឺផ្សេងៗបានយ៉ាងឆាប់រហ័ស។

#មិនចាក់វ៉ាក់សាំងការពារ៖ ជំងឺ និងមេរោគឆ្លងជាច្រើនប្រភេទ អាចធ្វើឱ្យរាងកាយអ្នកមានសុខភាពមិនរឹងមាំ ឬស្លាប់បាត់បង់ជីវិតនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប្រសិនបើអ្នកមិនរកថ្នាំការពារ ឬថ្នាំព្យាបាល។ វ៉ាក់សាំងត្រូវបានចាត់ទុកថា គឺថ្នាំបង្ការមេរោគម្យ៉ាងដ៏មានប្រសិទិ្ធភាព។ វាអាចការពាររាងកាយអ្នកពីជំងឺតម្កាត់ និងមេរោគឆ្លងផ្សេងៗបានយ៉ាងល្អប្រសើរ។ ជាពិសេសអ្នកដែលធ្វើការងារជាបសុសត្វ កាងារក្នុងមន្ទីរពេទ្យ ឬនៅកន្លែងដែលងាយឆ្លងរោគ...គួរប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងការពារដើម្បីជៀសផុតពីជំងឺ និងថែទាំសុខភាពឱ្យបានល្អរ៉ឹងប៉ឹងល្អ អាយុវែង។ 

#មិនរៀបចំកន្លែងគេងឱ្យបានល្អ៖ បន្ទប់គេងស្មោគគ្រោក គ្មានសណ្តាប់ធ្នាប់ គឺជាកន្លែងប្រមូលផ្តុំមេរោគ និងធូលីដីច្រើនជាងគេ។ ជាពិសេសបន្ទប់កម្លោះៗនៅក្នុងមុងភួយ និងខ្នើយតែម្តង។ អ្នកមិនអាចមើលដឹងទេថា មួយថ្ងៃៗមានមេរោគប៉ុន្មានក្បាលទុំនៅក្នុងបន្ទប់គេងរបស់អ្នក ដូច្នេះគួរមានទម្លាប់បោសសម្អាតរៀបចំទុកដាក់បន្ទប់គេង ឱ្យមានរបៀបរៀបរយជានិច្ច។ ត្រូវផ្លាស់ប្តូរភួយ ខ្នើយឱ្យបានសមរម្យ និងទៀងទាត់ កុំបណ្តែតបណ្តោយឱ្យខ្លួនអ្នក នៅជាមួយនឹងភាពកង្វក់ឱ្យសោះ ព្រោះវាធ្វើឱ្យរាងកាយងាយ មានជំងឺបានគ្រប់ពេលវេលា។

#ចូលគេងយប់ជ្រៅ៖ ការសម្រាកមិនគ្រប់គ្រាន់ធ្វើឱ្យសុខភាពចុះខ្សោយទៅជារឿយៗ។ តាមការអះអាងរបស់អ្នកជំនាញបានប្រាប់ឱ្យដឹងថា ការគេងបានតិចតួចអាចឱ្យអ្នកមានជំងឺលើសឈាមជាងមនុស្សធម្មតា ធ្វើឱ្យធាត់លើសទម្ងន់ ឬស្គមល្ហិតល្ហៃ និងកើតជំងឺរ៉ាំរ៉ៃផ្សេងៗទៀតបានជាច្រើនមុខ។ ដូចនេះចូរគេងសម្រាកឱ្យបានល្មមគ្រប់គ្រាន់ បើមិនចង់ឱ្យរាងកាយឆាប់មានជំងឺ។

អ្នកប្រហែលជាមិនដែលចាប់អារម្មណ៍ទេមែនទេថា គ្រាន់តែរឿងតូចតាចប៉ុណ្ណឹងសោះ ក៏អាចធ្វើឱ្យសុខភាពអ្នកខ្សោយបាន អញ្ចឹងបើចង់ទទួលបានសុខភាពល្អកុំភ្លេចអនុវត្តន៍គន្លឹះងាយៗទាំងនេះ នោះអ្នកនឹងភ្ញាក់ផ្អើលនឹងលទ្ធផលនៅពេលក្រោយជាក់មិនខាន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!

ទម្លាប់មិនល្អ ដែលធ្វើឱ្យរាងកាយអ្នក ងាយនឹងកើតជំងឺផ្សេងៗ!