​ប្រដេញតាម​យកភាស៊ី ​គ្រោះ​ថ្នាក់​ខ្លួន​ឯង

ខេត្ត​ប៉ៃលិន ៖ អ្នក​យក​ភាស៊ី​នៅ​ចំណតរថយន្ត​ខេត្ត​ប៉ៃលិន​ម្នាក់ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​ពី​គេ​ឃើញ​ទាំង​២​នាក់​​ជិះ​ម៉ូតូ​ដេញ​តាម​កាក់​រថយន្ត​យី​ឌុ​ប​សណ្តោង​របស់​​ថៃ ដែល​គេច​មិន​ព្រម​បង់ថ្លៃ​ចំណត លុះ​ជិះ​ដល់​កៀក​ត្រូវ​អ្នក​​បើករថយន្ត​ថៃ​បន្ថែម​ល្បឿន​ទៀត ស្រាប់តែ​ភ្លាត់ស្នៀត​ដួល​ម៉ូតូ​​ចូល​ក្រោម​កង់​រថយន្ត​កិន​អ្នក​ជិះ​ខាងក្រោយ​​បែកក្បាល​ស្លាប់​​។ ចំណែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ជិត​ព្រំប្រទល់​ប៉ៃលិន និង​ខេត្តបាត់ដំបង តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០១៦ នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ពី​អ្នក​យក​ភាស៊ី​ដូច​គ្នា​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហម អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​រស់ នៅ​ខេត្តពោធិ៍​សាត់ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​យក​ភាស៊ី​រថយន្ត និង​អ្នក​ឌុ​បរង​របួសស្រាល​ឈ្មោះ​វណ្ណៈ អាយុ​៣៦​ឆ្នាំ រង​របួសស្រាល ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​របស់​ថៃ​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត សំដៅ​ទៅ​ខេត្តបាត់ដំបង ។ លុះ​មក​ដល់​កន្លែង​ចំណតរថយន្ត​មិន​បាន​បង់ប្រាក់​ថ្លៃ​ចំណត​ទេ ដោយ​បើក​គេច និង​បន្ថែម​ល្បឿន ឃើញ​ដូចនេះ បុគ្គលិក​ចំណត ក៏​ដេញ​តាម ដោយ​ជិះ​ម៉ូតូឌុប​គ្នា​រហូត​ដល់​កន្លែង​កើតហេតុ ក៏​ដួល​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​តែ​ម្តង ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​គេ​យក​មក​តម្កល់​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង រង់ចាំ​សាច់​ញាត ដឹក​យក​ទៅ​ធ្វើបុណ្យ ។