​ព្រៃ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំក្រវាញ​ស្ថិតក្នុង​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ ត្រូវ​ឈ្មួញ​កាប់​លក់​

ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹកអុស​លក់ ក្នុងស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​នៅក្នុង​ព្រៃ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ស្ថិតក្នុង​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ មាន​ម៉ាស៊ីន​អារឈើ​ប្រមាណ​ពី​៦​ទៅ​៧​គ្រឿង កំពុងតែ​សម្រុក​អារឈើ​ឲ្យ​ទៅជា​ឈើ​ជ្រុង និង​ក្តារ​រួច​ពួកគេ​ដឹក​បន្ត​យ៉ាង​រលូន​ជា​រៀងរាល់​យប់​ថ្ងៃ​មិនដែល​ឃើញ​មាន​មន្ត្រី​សមត្ថកិច្ច​ណា​ចេញមក​បង្ក្រាប​នៅឡើយ​ទេ​។​

សកម្មជន​បរិស្ថាន ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា ឈ្មួញ​ឈើ ឈ្មោះ រី​ម និង​ឈ្មោះ ហៀ​ង ជា​ឈ្មួញ​ឈើ​នៅ​ខេត្តកំពង់ឆ្នាំង ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់​២​ថ្ងៃ​ម្តង ចល័ត​គ្នា​ដូច​ហែរ​កឋិន ដោយ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទទួល​សំណូក​ក្រោម​តុ​។ ដូច្នេះហើយ​បានជា​បទ​ល្មើ​ព្រៃឈើ​នៅតែ​បន្ត​កើតមាន ហើយ​មន្ត្រី​ពុករលួយ​នៅតែ​បន្ត​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​អះអាងថា គ្មាន​បទល្មើស​ធំដុំ​នោះទេ គឺ​មានតែ​លក្ខណៈ​គ្រួសារ​។ តែ​ប្រជាពលរដ្ឋ​បាន​អះអាងថា​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ជា​រៀងរាល់ថ្ងៃ​យប់​តាម​រថយន្ត​កែច្នៃ រថយន្ត​កូរ៉េ និង​គោយន្ត​កន្ត្រៃ ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង ចេញពី​តំបន់​ព្រៃ​ការពារ ដោយ​គ្មាន​ការទប់ស្កាត់​។​

​ឈ្មួញ​ឈើ​ឈ្មោះ​រី​ម បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​ទើបតែ​ដឹកឈើ​មកដល់​ស្រុក​ទឹកផុស ហើយ​កំពុង​លក់​ចែកចាយ​ដោយមាន​ការបើក​ភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ខេត្តពោធិ៍សាត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មន្ត្រី​ជំនាញ​មិន​សហការ នោះ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក៏​មិនអាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បានដែរ​។​

​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បាន​រិះគន់ថា​មន្ត្រី​ជំនាញ​ភាគច្រើន​គឺជា​ប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ និង​បទល្មើស​ផ្សេងៗ​ទៀត ទើប​ឈ្មួញ​មួយចំនួន​អាចធ្វើ​សកម្មភាព​បាន​ដោយ​រលូន​គ្មាន​ការទប់ស្កាត់​។ ដូច្នេះ​មន្ត្រីជាន់ខ្ពស់​នៅ​ខេត្តពោធិ៍សាត់​គប្បី​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ខាងលើនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​សង្គម​ដោយ​និរន្តរភាព​៕

13438842_1724902467776444_5500147868232287712_n 13466300_1724902427776448_6670005782735631718_n 13501787_1724902424443115_7065506306979782841_n 13507120_1724902487776442_2884432666387863505_n