លាក់បាំង​​ជាង១០ឆ្នាំ ការពិត​​នោះ​ត្រូវ​លាត​​ត្រដាង​​​​ហើយ

ខេត្តពោធិ៍សាត់​ ៖​ លោក​សង្ឃ​ក្លែងក្លាយ​មួយ​អង្គ ​​ត្រូវ​​បាន​មន្ទីរ​ធម្មការ ​និង​សាសនា​ សហការ​ជាមួយ​​សមត្ថកិច្ច ​ធ្វើការ​​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២២ មិថុនា​ ​២០១៦ ស្ថិត​នៅ​លើ​កំពូលភ្នំ​ទំព័រ​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង ​ហើយត្រូវ​​បញ្ជូន​មក​កាន់​វត្ត​សូ​រិ​យា ​សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ដើម្បីចាប់​ផ្សឹក​​ ​ដែល​សង្ឃ​ក្លែងក្លាយ​នេះ ​ឈ្មោះ​សាន់ ប៉ាក់​ អាយុ​៧៩​ឆ្នាំ ​បាន​មក​ស្នាក់​នៅ​លើ​កំពូលភ្នំ​ទំព័រ​ស្រុក​វាល​វែង​នេះ​​ជាង​១០​ឆ្នាំ​មក​ហើយ ​ក្រោម​ស្លាក​ (​ស្វែងរក​ព្រះធម៌​ទ្រង់​ញាណ​) ​។

​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ​ពេល​កម្លាំង​ចុះ​ទៅ​ដល់ទី​នោះ​ ឃើញ​លក្ខ​ណៈ​​ដូច​ជា​ដីចំការ​ មាន​របង​ឈើ​ព័ទ្ធ​ជុំវិញ មានព្រៃ​ជុំ​ជិត និង​​ដំណាំ​​ស្វាយ ខ្នុរ ក្រូច​មួយ​ចំនួន​ទៀត​ ។​ ​នៅ​លើ​ក្លោ​ង​ទ្វារ ​មាន​សរសេរ​អក្សរ​ដាក់​ថា​ (​ហាម​ចូល​កន្លែង​ស្វែងរក​ព្រះធម៌​ទ្រង់​ញាណ​)។​

លុះ​ពេល​ឃើញ​សមត្ថកិច្ច ​មាន​មនុស្ស​ស្រី​ម្នាក់​ស្លៀក.​ស​ពាក់.​ស​ដើរមក​ប្រាប់​​ថា សម្ដេចព្រះគ្រូ​មិន​នៅទេ​ និមន្ត​ទៅ​សំណាក់​ធម៌​លើ​កំពូលភ្នំ​ហើយ​ ។​ សមត្ថកិច្ចឱ្យ​បើក​សោ​ទ្វារ​បង​ដើរ​​ចូល​ទៅ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​​៤​នាក់ ​ស្លៀក​.ស​ ពាក់​.ស​ដូច​គ្នា ​ហើយ​ប្រើ​​ភាសា​ធម៌​ស្ដាប់​មិនសូវ​បាន​ទេ​ ។ ​នៅ​ទីនោះ​ មាន​រោង​ស្នាក់​នៅ​ចំនួន​​៥​ ដោយ​មាន​ដាក់​តាំង​រូប​ព្រះពុទ្ធ ​។ ​សមត្ថកិច្ច​បាន​ឱ្យ​​ជូន​ទៅ​តាម​រក ​ហើយ​​បាន​ឃាត់ខ្លួន​​នាំ​មក​កាន់​វត្ត​សូ​រិ​យា​ សង្កាត់​រលាប​ ដើម្បី​ឱ្យ​យ​មន្ត្រី​មន្ទីរ​ធម្មការ ​និង​សាសនា ​និង​មេគណៈ​​ខេត្ត​ត្រួតពិនិត្យ​មើល ​។​

នៅ​ពេល​សួរនាំ​ និង​ត្រួតពិនិត្យ​មើលទៅ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ ​ព្រះ​តេជគុណ ​យ៉ែ​ម ហន ​ព្រះ​មេគណ​ខេត្តពោធិ៍សាត់​បាន​កោះហៅ​ម​ន្ត្រី​សង្ឃ​ប្រជុំ​ដោះ​ស្បង់​ចីវរ​ចាប់​ផ្សឹក​ រួច​ហើយ​ប្រគល់​ទៅឱ្យ​​សមត្ថកិច្ច​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ មិថុនា តែ​ម្ដង​។ ចំណែក​​វត្ថុ​តាងរឹបអូស​​​មាន​ប្រអប់​ដាក់​ក្រមួន​មួយ​​ប្រអប់, ទូរស័ព្ទ​ណូ​គា​មួយ​គ្រឿង, លុយ​ដុល្លា​រ​៥៦១ដុល្លារ, លុយ​រៀល​៩៥,១ ០០០​រៀល និង​សម្ភា​រ​​មួយ​ចំនួន​ទៀត​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ សង្ឃ​ក្លែងក្លាយ ​សាន់ ប៉ាក់​ រូប​នោះ​ បាន​សារភាព​ថា ​ខ្លួន​បួស​ស្លៀកពាក់​ស្បង់​ចីវរ​​ដោយ​ខ្លួន​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ​ហើយ​​មក​ស្នាក់​នៅ​សំណាក់​ធម៌​​លើ​ភ្នំ​ទំព័រ​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​នេះ​ អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ម​ក​​ហើយ​ ។

មន្ត្រី​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្តពោធិ៍សាត់​ ក៏​បាន​ប្រាប់​កោះសន្តិភាពឱ្យ​​​ដឹង​ថា សង្ឃ​ក្លែងក្លាយ​ សាន់ ប៉ាក់ ​នេះ ​ត្រូវ​មន្ទីរ​បាន​ហៅ​មក​សួរនាំ​ប៉ុន្មាន​លើក​មក​ហើយ ​តែ​សង្ឃ​ក្លែងក្លាយ​រូប​នេះ ​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ទេ​ ថែម​ទាំង​មានការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​ទៀត​ផង ​។ ​ដោយសារ​សង្ឃ​ក្លែងក្លាយ​រូប​នេះ​ នៅ​តែ​ក្រាញននៀលមិន​ព្រម​​មក​ដោះស្រាយ​នោះ​ ទើប​​មន្ទីរ​ធម្មការ ​និង​សាសនា​ សហការ​ជាមួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ដាក់​កម្លាំង​មក​អូស​​យក​​តែ​ម្ដង ​។

​ជនសង្ស័យ​​សាន់ ប៉ាក់​ បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សួរនាំ​បន្ថែម​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លាក់បាំង​​ជាង១០ឆ្នាំ ការពិត​​នោះ​ត្រូវ​លាត​​ត្រដាង​​​​ហើយ