យ៉ែ​ម ស្រី​ពេជ្រ រីករាយ​បាន​តំណែង​តួឯក​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ប្រឡូក​អាជីព​សិល្បៈ​មួយរ​យៈមក តារា​សម្តែង​រាង​តូច​ច្រឡឹង​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ ទទួល​បាន​តំណែង​តួឯក​ជា​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​រឿង «​កូនក្រមុំ​លោក​មេឃុំ​» ។ ស្រី​ពេជ្រ រំពឹង​ថា ខ្សែភាពយន្ត​នេះ​នឹង​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​នាង​កាន់តែ​ល្បី​ខ្លាំង​ឡើង ។

បញ្ជាក់​ពី​តំណែង​តួឯក​នេះ​ក្នុង​ពិធី​ក្រុង​ពលី​បើក​ដំណើរការ​ផលិត​ខ្សែភាពយន្ត​ភាគ​រឿង «​កូនក្រមុំ​លោក​មេឃុំ​» កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា​២០១៦ នៅ​បរិវេណ​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល​ភូ​គី​ត្រា ក្រោម​វត្តមាន​សិល្បករ និង​ផលិតករ​ជា​ច្រើន​នាក់ ។

យ៉ែ​ម ស្រី​ពេជ្រ នៅ​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦​នេះ ទទួល​ថត​ភាពយន្ត​បាន​ច្រើន​រឿង​ជាង​មុន ។ ចំពោះ​ខ្សែភាពយន្ត​ភាគ​រឿង «​កូនក្រមុំ​លោក​មេឃុំ​» សម្តែង​ជា​តួឯក​រួម​ជាមួយ​លោក​យឹ​ម សម្បត្តិ ។ ស្រី​ពេជ្រ សម្តែង​ជា​តួ​នាង​ម៉ា​លី កូនស្រី​លោក​មេឃុំ​។ ស្រី​ពេជ្រ​ពេញចិត្ត​ដែល​អ្នក​ជ្រើសរើស​តួ​សម្តែង​របស់​ក្រុម​ផលិតករ​ប្រទេស​ថៃ​ពេញចិត្ត​ទទួលយក​នាង​ឱ្យ​សម្តែង​ជា​តួអង្គ​មាន​ចរិត​ឆ្នាស​ឆ្នើម ពូកែ​ឌឺដង ក្លាហាន​មិន​ខ្លាច​អ្នក​ណា ។

បាន​ឱកាស​សម្ដែង​តួឯក​ក្នុង​រឿង​ភាគ «​កូនក្រមុំ​លោក​មេឃុំ​» យ៉ែ​ម ស្រី​ពេជ្រ តាំងចិត្ត​ខិតខំ​សម្ដែង​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​បានការ​គាំទ្រ​ច្រើន​ជាង​មុន​ពី​ប្រិ​យ​មិត្ត​ទស្សនិកជន ។ ស្រី​ពេជ្រ និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ​មិន​សំខាន់​ថា​តួឯក ឬ​តួរង​ទេ តួ​ណា​ក៏​សំខាន់​ព្រោះ​សុទ្ធតែ​ជា​ធាតុ​ផ្សំ​នៃ​រឿង​ទាំងមូល​ដែល​មិន​អាច​ខ្វះ​គ្នា​បាន​។ ជា​ពិសេស​មុន​នឹង​នាង​ខ្ញុំ​បាន​តំណែង​តួឯក​នេះ គឺ​ឆ្លងកាត់​តួ​មិនសូវ​សំខាន់​ដែរ​ប្រៀប​ដូច​ឡើង​កាំជណ្តើរ​អ៊ីចឹង ។ មុនគេ​ឲ្យ​យើង​គេ​មើល​ណាស់ ព្រមទាំង​បាន​ឆ្លងកាត់​តេស្ត​ទៀត​ទម្រាំ​បាន​តំណែង​តួ​សំខាន់​នេះ​» ។

លោក យឹ​ម សម្បត្តិ ជា​តួឯក​ប្រុស​ក្នុង​រឿង «​កូនក្រមុំ​លោក​មេឃុំ​» គឺជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​សម្តែង​រួម​ជាមួយនឹង​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ​។ លោក​សម្បត្តិ សម្តែង​ជា​តួ​ប្រុស​ឈ្មោះ​ឆៃ​យ៉ា ជា​និស្សិត​ស្រលាញ់​ចូល​ចិត្ត​ធម្មជាតិ ។ ឆៃ​យ៉ា បាន​រង​កណ្តាប់ដៃ​តួឯក​ស្រី​គ្រា​ដែល​លោក​ទើប​ទទួល​បាន​តំណែង​ជា​បាឡាត់ស្រុក​នៅ​តំបន់​ដែល​តួឯក​ស្រី​រស់នៅ ។

លោក​សុ​ផា​ឆៃ វី​រៈ​ភូ​ជុង​ង្គ អគ្គនាយក​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បញ្ជាក់​ក្នុង​ពិធី​ក្រុងពលី​ថា លោក​សប្បាយ​រីករាយ​ដែល​ខ្សែ​ភាពយន្ត​ផលិត​ដោយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ។ ម្យ៉ាង​ការ​គាំទ្រ​ដោយសារ​សិល្បករ​ខ្មែរ​មាន​ទេព​កោសល្យ​។ បើ​ទោះបីជា​តារា​សម្តែង​របស់​កម្ពុជា​មិន​ធ្លាប់​ឆ្លងកាត់​ការ​ហ្វឹកហាត់​នៅ​សាលា​អាជីព​ក្តី លោក​វី​រៈ​ភូ​ជុង​ង្គ យល់​ថា​ពួក​គេ​មាន​ទេព​កោសល្យ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សម្តែង បើ​ទោះបីជា​តម្លៃ​ខ្លួន​នៃ​ការ​សម្តែង​ទទួល​បាន​នៅ​មាន​ចំនួន​តិចតួច​ជាង​តារា​សម្តែង​នៅ​ប្រទេស​ថៃ​ក្តី ។

ខ្សែភាពយន្ត​ភាគ​រឿង «​កូនក្រមុំ​លោក​មេឃុំ​» ដែល​ចាប់ផ្តើម​ផលិត​នៅ​ពេល​នេះ លោក​សុ​ផា​ឆៃ វី​រៈ​ភូ​ជុង​ង្គ រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​ពេ​ចាក់​បញ្ចាំង ។

កម្រង​ខ្សែភាពយន្ត​បែប​មនោសញ្ចេតនា​រឿង «​កូនក្រមុំ​លោក​មេឃុំ​» ផលិត​ឡើង​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បង្ហាញ​ពី​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​សាសនា​។ ខ្សែភាពយន្ត​បែប​ស្នេហា​នេះ​បង្កើត​ឡើង​ក្នុង​ន័យ​ឱ្យ​ចេះ​សាមគ្គី និង​ការពារ​សម្បត្តិ​ធម្មជាតិ​ព្រមទាំង​បង្កប់​គំនិត​ច្នៃប្រឌិត ថ្មី​ៗ​ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ឲ្យ​មាន​សក្តានុពល និង​បង្កើត​លំហូរ​ចូល​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់ ៕