រឿង​ «កំណត់ហេតុនាង​នាថ» ​​ត្រូវ​រិះគន់​​​ថា ចម្លង​​​​ថៃ

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ជាមួយ​ក្រុមការងារ​ទាំងអស់ ​ស្នាដៃ​ថ្មី​ដំបូង​របស់​ផលិតកម្ម​ឥន្ទ្រា​និមិត្ត​នឹង​ចេញ​ជា​រូបរាង​ជិត​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ ខណៈ​​ដែល​យុវវ័យ​ជា​ច្រើន​​កំពុង​រង់ចាំ​យ៉ា​ង​អន្ទះ​សារនោះ ​។

​លោក​ចាន់ ​ណា​រ៉ូ​ណា​ន ​ជា​អ្នកដឹកនាំ​រឿង​វ័យក្មេង ​តែ​សមត្ថភាព​មិនធម្មតា​ ក៏​រំ​ពឹង​ថា ​រឿង​នេះ​នឹង​ផ្ទុះ​​សម្រាប់​ព្រឹត្តិការណ៍​ភាពយន្ត​ខ្មែរ​​ព្រោះ​​មានការ​ច្នៃប្រឌិត​ខ្ពស់​ ។

ស្រប​ពេល​ដែល​កូន​ខ្មែរ​ខិតខំ​រំលេច​​ស្នាដៃ​​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​មានគុណ​ភាព ​ហើយ​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ពន្យល់​ និង​រៀម​ច្បង ​មានបទពិសោធន៍​យ៉ាង​លម្អិត​ ។ ទោះជា​​យ៉ាងណា​ ស្នាដៃ​ដំបូង​របស់​ផលិតកម្ម​ «​ឥន្ទ្រា​និមិត្ត​» ​រឿង​«​កំណត់ហេតុ​នាង​នាថ​»​ ក៏​​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​សំណាក់​យុវវ័យ​ដែល​និយម​តាមដាន​ នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ខ្លះ​ទ​ទូច​ឱ្យ​​ផលិតករ​ឆាប់​សម្រិតសម្រាំង​ឱ្យ​លឿន​ឆាប់​ថត​ចប់​ឆាប់​បាន​នាំ​គ្នា​ទៅ​មើល​ ។​ យ៉ាងណាមិញ​ រឿង​នេះ ​ស្រាប់តែ​មានការ​លើក​​ឡើង​ថា​ បាន​លួច​ចម្លង​ពី​ប្រភេទ​សាច់​រឿង ​ដូច​នៅ​ប្រទេស​ថៃ ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​មិន​ទាន់​ស្រឡះ​ចិត្ត​នៅឡើយ ​ពី​ច​ម្ង​ល់​មួយ​នេះ​។

យ៉ាងណាក៏​ដោយ​ តាម​ការ​បញ្ជាក់​ពី​តារាចម្រៀង​ចាន់​ ណា​រ៉ូ​ណា​ន​ ដែល​មាន​តួនាទី​ជា​អ្នកដឹកនាំ​​ទាំង​វ័យក្មេង​បាន​លើក​ឡើង​ច្បាស់​ៗ​ថា ​រូប​លោក​ធានា​ថា ​រឿង​នេះ​មិន​បាន​ចម្លង​ពី​ថៃ​ឡើយ ។ ​គ្រាន់តែ​មានការ​ច្នៃ​យ៉ាងណា​ ឲ្យ​មើលទៅ​ខុស​ប្លែក​ពី​គេ​
ប៉ុណ្ណោះ​។​ រឿង​នេះ​ ជា​រឿង​ប្លែក​មាន​ចំណី​អារម្មណ៍​ថ្មី​ កែ​បែប​រឿងព្រេង​ខ្មែរ​ អត់​បាន​ធ្វើ​លំនាំ​ដូច​ថៃ​ឡើយ ​ឬ​ចម្លង​ពី​ប្រទេស​ណាមួយ​​ដែរ​ ។ ​