ចិន​នឹង​ផ្ដល់​ថ្នាំ​ពន្យារ ដល់​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ៥៧ម៉ឺន​នាក់

បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ចិន​ម្នាក់ ប្រទេស​ចិន​នឹង​ផ្ដល់​ថ្នាំ​ពន្យារ​​ឥតគិតថ្លៃ ដល់​ប្រជាជន​​ដែលកំពុង​​ផ្ទុក​មេរោគ​អេដស៍ ក្នុង​ប្រទេស​របស់​ខ្លួន។

 

ចិន​នឹង​ផ្ដល់​ថ្នាំ​ពន្យារ ដល់​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ៥៧ម៉ឺន​នាក់

 

​​នេះ​ជា​ដំណឹង​ល្អសម្រាប់​ប្រជាជន​​ប្រហែល ៥៧៥ ០០០ នាក់ ដែល​កំពុង​​ផ្ទុក​មេរោគ​អេដស៍ ក្នុង​ប្រទេស​ចិន ហើយ​គោលគំនិត​​នេះ នឹង​ជួយ​បញ្ឈប់​ការ​រីក​រាលដាល​ជំងឺអេដស៍ ទៅ​​យុវវ័យ​នៅ​តាម​ទីក្រុង។

 

​មុន​ទទួល​ដំណឹង​​ល្អ​នេះ មាន​តែ​អ្នកជំងឺ​​​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ទទួល​បាន​ថ្នាំ​ពន្យារ ពី​ព្រោះ​​ពួកគេ​ អាច​​រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុ​ជីវិត។ បើ​តាម​សេចក្ដី​រាយការណ៍​របស់ China Daily។

 

គណៈកម្មការ​ផែនការ​គ្រួសារ និង​សុខភាព​ជាតិ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា អ្នក​ផ្ទុក​មេរោគ HIV/AIDS ទាំង​នោះ នឹង​ត្រូវ​បាន​ណែនាំ​ឱ្យ​ទទួល​ថ្នាំ​ពន្យារ ក្រោម​គោលការណ៍​ណែនាំ​​ថ្មី​មួយ​របស់​ចិន។ លោក​បន្ត​ថា អ្នកជំងឺ​ត្រូវ​តែ​បង្ហាញ​ខ្លួន​ផ្ទាល់ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ត្រៀម​ខ្លួន​ប្ដេជ្ញា ​នូវ​ការ​ព្យាបាល​យូរ​អង្វែង។

 

លោក Wu Hao ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ You An Hospital ក្នុង​ទីក្រុង​ប៉េកាំង បាន​សាទរ​ចំពោះ​គោល​គំនិត​​នេះ ហើយ​លោក​បាន​ថ្លែង​ថា ៖ “វា​ជួយ​ការ​ព្យាបាល​ឱ្យ​មាន​លទ្ធផល​ល្អ សម្រាប់​អ្នក​ផ្ទុក និង​សុខភាព​សាធារណៈ​ផង​ដែរ”៕

 

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ shanghaiist