ស្រវឹង​បើកបរ​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយទៀត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​

ស្រវឹង​បើកបរ​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​មួយទៀត​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​ផ្លូវ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ដែល​បើកបរ​ដោយ​ក្មេង​ស្ទាវ​ចំនួន​ពីរ​នាក់​មក​បុក​យ៉ាង​ពេញទំហឹង ដោយសារតែ​ក្រុម​នេះ ​មាន​សភាព​ស្រវឹង​ជោកជាំ​ផង​ ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​មក​បុក​ទាំង​កម្រោល​បែបនេះ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​និង​៣០ នាទី​ល្ងាច ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្បាលស្វា ឃុំឃ្លាំង​មាស ស្រុក​បវេល​ ខេត្ត​បាត់ដំបង រវាង​ម៉ូតូ​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ​ដែល​បើកបរ​ដោយ​ក្មេង​ស្ទាវ​ចំនួន​ពីរ​នាក់ ជាមួយ​នឹង​ម៉ូតូ​ធុន​សេ​១២៥ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1N-0413​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា ។​

តាម​ការ​រៀបរាប់​ពី​ប្រភព​ដែល​នៅ​ក្បែរ​ទីនោះ​បាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​យុវជន​ពីរ​នាក់​បាន​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ដែល​អ្នក​បើកបរ​មាន​ឈ្មោះ លន់ សេន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំឃ្លាំង​មាស ស្រុក​ប​វេ​ល និង​អ្នក​រួមដំណើរ​ឈ្មោះ ណាត រតនៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ទៅដល់​ត្រង់​ចំណុច​ខាងលើ ដោយសារតែ​ម៉ូតូ​នេះ​បើកបរ លឿន​ហួសកំណត់ បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​ស្ទើរតែ​បាត់បង់​ម្ចាស់ការ ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រ​ភ​ង​ទៀត ដែល​កំពុង​ធ្វើដំណើរ​ច្រាស់​ទិស​គ្នា ដែល​អ្នក​បើកបរ​មាន ឈ្មោះ លិ​ន ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់​ភូមិ ឃុំ​កើតហេតុ​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់​នៅ​ពេល​ដឹក​យក​ទៅដល់​មន្ទីរ​ពេទ្យ​ឃុំឃ្លាំង​មាស។

ក្រោយពេល​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ ទើប​ដឹង​ថា​ ការ​បង្ក​គ្រោះថ្នាក់​នេះ​ដោយ​សារ​តែ​ភាគី​ក្រុម​យុវជន​ស្ថិត​ក្នុង​ភាព​ស្រវឹង​ខ្លាំង ស្ទើរតែ​បាត់​ម្ចាស់ការ ទើប​បណ្ដាល​ឲ្យ​មាន​ករណី​នេះ​កើតឡើង ដោយ​បច្ចុប្បន្ន មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ចំណែក​សព​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ ៕