រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ

រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ



បន្ទាយមានជ័យ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​ រវាង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង ​បើក​ពេល​មេឃ​កំពុង​ភ្លៀង​រអិល​រេចង្កូត​ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ​ បណ្ដាល​ឲ្យ​មាន​អ្នក​របួសធ្ងន់​៣​នាក់​នៅ​នឹង​កន្លែង។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៤ ​ខែមិថុនា ​ឆ្នាំ​២០១៦​នៅ​តាម​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​ខាងកើត ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ លោក​វរសេនីយ៍ត្រី​ ស៊ិន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ប្រភេទ​ទេស​ចរណ៍​២៥​កៅអី ​ពណ៌ស​លាយ​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប​3A1285​អ្នក​បើក​មិន​ស្គាល់​អត្ត​សញ្ញាណ​ បាន​បើក​ពី​លិច​ទៅ​កើត ខណៈ​ដែល​មេឃ​កំពុងតែ​ភ្លៀង​ខ្លាំង ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​នោះ​ បាន​រអិល​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ទៅ​វាលស្រែ​ នៅ​ខាងត្បូង​ផ្លូវ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​រង​របួស​ធ្ងន់​៣​នាក់។

ក្រោយពី​កើតហេតុ​អ្នក​បើក​រថយន្ត​ បាន​ចុះ​គេច​ខ្លួន​បាត់​ស្រមោល។ លោក​រ៉ា ស៊ី បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​១GUO MEIYING​ភេទ​ស្រី​អាយុ៥៦​ឆ្នាំ​ ជា​ជនជាតិ​ចិន ​រងរបួស​ធ្ងន់ ២​ឈ្មោះ​HUANG XIAOLING​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​ រង​របួស​ធ្ងន់​ ជា​ជនជាតិ​ចិន ៣​ឈ្មោះ​LIN XIANGFENG​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជា​ជនជាតិ​ចិន ​រង​របួស​ធ្ងន់​។ អ្នក​រងរបួស​ទាំងបី​នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ព្រះនេត្រព្រះ​ដឹក​បញ្ជូន​ទៅ​ពេទ្យ​រ៉ូយ៉ាល់​អង្គរ​ ខេត្ត​សឿ​ម​រាប​តាម​សំណូមពរ​របស់​ក្រុមហ៊ុន​ ដើម្បី​សង្គ្រោះ​ជីវិត។ ចំណែក​ឯ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ ត្រូវ​បាន​នគរ​បាល​ចរាចរណ៍​ស្ទូច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ដើម្បី​ដោះស្រាយ​ទៅតាម​ម​នីតិ​វិធី​ច្បាប់៕
រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​វាលស្រែ