ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​មាន​ឧបករណ៍​សេព​គ្រឿងញៀន​ រួម​ទាំង​កាំភ្លើងខ្លី​១​ដើម​

ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​មាន​ឧបករណ៍​សេព​គ្រឿងញៀន​ រួម​ទាំង​កាំភ្លើងខ្លី​១​ដើម​



ភ្នំពេញ ៖ បុរស​ម្នាក់ ​ដែល​មាន​កាន់​ឧបករណ៍​សេព​គ្រឿងញៀន​ នៅ​នឹង​ដៃ​ជា​វត្ថុ​តាង​ស្រាប់​ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ ហើយ​​ឆែកឆេរ​រក​ឃើញ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​ផង​ដែរ តែ​ទោះជា​យ៉ាងណា​ជន​សង្ស័យ​រូប​នេះ ​មិន​ទាន់​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ជាក់ស្ដែង​នោះ​ទេ ​សូម្បីតែ​ថ្នាំញៀន​ក៏​រក​មិន​ឃើញ​នោះ​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨ ​និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​លក់​ទឹកត្នោតជូរ ខាងលិច​សួន​ឧស្សាហ៍​កម្ម​កាណាឌីយ៉ា ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។

លោក ​យឹម​ សារ៉ាន់ ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​មានការ​ឃាត់​ខ្លួន​បុរស​រូប​នេះ ​កម្លាំង​អន្តរាគមន៍​នគរបាល​ខណ្ឌ​ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​ចុះ​ល្បាត​ពេលយប់​នៅ​តាម​តំបន់​ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ​ នៅ​ពេល​ដល់​ចំណុច ​គេ​លក់​ទឹក​ត្នោតជូរ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ ​កំពុង​អង្គុយ​ផឹក​ទឹកត្នោតជូរ​ មាន​កាន់​ឧបករណ៍​សេព​គ្រឿងញៀន​នៅ​នឹង​ដៃ​ ហាក់​គ្មាន​ខ្លាច​ញញើត​អ្នកណា​ឡើយ។ ដោយ​ឃើញ​ស្ថានភាព​បែបនេះ​កម្លាំង​នគរបាល​បាន​ចូល​ទៅ​ឃាត់ខ្លួន​បុរស​ម្នាក់​នេះ​ភ្លាមៗ​ និង​បាន​ឆែកឆេរ​លើ​ដងខ្លួន​មិន​ឃើញ​មាន​ថ្នាំញៀន​នោះ​ទេ ​បែរជា​ឃើញ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​ទៅវិញ​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​នគរបាល​ក៏​នៅតែ​ឃាត់​មកកាន់​ប៉ុស្តិ៍ ​ដើម្បី​សួរនាំ​ពី​ព្រោះ​ថា ​នា​ពេល​កន្លងមក​ក្រុម​អ្នក​សេព​គ្រឿងញៀន​ និង​មាន​អាវុធ​ជ័រ​ដាក់​តាម​ខ្លួន​ជាប់​បែបនេះ ​តែង​យក​កាំភ្លើង​ជ័រ​នេះ​ទៅ​ភ្ជង់​គំរាម​ក្រុម​កម្មករ ការិនី​រោងចក្រ​កំហែង​យក​លុយ​ញឹកញាប់​ណាស់។ ដូច្នេះ​ទើប​នគរបាល​ត្រូវតែ​ឃាត់​មក​សួរនាំ​ និង​កសាង​ឯកសារ​ចាត់ការ​តាម​នីតិ​វិធី។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ហៀ​ង សារ៉ាក់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់នៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក​បាន​បន្ត​ថា ​ទន្ទឹម​នឹង​ការ​ឃាត់ខ្លួន​នេះ​នគរបាល​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក YAMAHA FINO ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-F4124 ផង​ដែរ។ បច្ចុប្បន្ន​ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុតាង​ និង​ម៉ូតូ​មួយ​គ្រឿង មកកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ ​ដើម្បី​ធ្វើការ​សាកសួរ​ និង​បញ្ជូន​ខ្លួន​បន្ត​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​កសាង​សំណុំរឿង​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់៕