បញ្ហា​ធំ​ៗ​ដែល​កើត​ឡើង​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

ប្រជាជនអង់គ្លេសប្រមាណ ៥២ភាគរយបានបោះឆ្នោតគាំទ្រឲ្យអង់គ្លេសចាកចេញពីអឺរ៉ុប។ ដំណើរការចាកចេញដែលហៅថា Brexit នេះនឹងធ្វើឲ្យបញ្ហាជាច្រើនកើតឡើងដូចជា៖

បញ្ហា​ធំ​ៗ​ដែល​កើត​ឡើង​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

១. ការធ្លាក់ចុះនៃលុយផោន៖ ធនាគារអង់គ្លេសនិយាយថារូបិយវត្ថុធ្លាក់ចុះខ្លាំងក្រោយការបោះឆ្នោតនេះ។ ប្រាក់ផោនប្រាកដជារងផលប៉ះពាល់ដោយសារអង់គ្លេសពឹងផ្អែកលើការបណ្ដាក់ទុនពីបរទេសដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន។

២. វិបត្តិទីផ្សារភាគហ៊ុន៖ អ្នកវិភាគបានឲ្យដឹងថាភាគហ៊ុនអង់គ្លេសអាចនឹងធ្លាក់ចុះដល់ ២៤% ដោយសារក្រុមអ្នកវិនិយោគមានការព្រួយបារម្ភអំពីការធ្វើជំនួញជាមួយសហភាពអឺរ៉ុប និងស្របពេលដែលក្រុមហ៊ុនធំៗត្រូវពិចារណាឡើងវិញអំពីការសហការរបស់ពួកគេជាមួយអង់គ្លេស។

៣. សេដ្ឋកិច្ចដើរថយក្រោយ៖ ធនាគារអង់គ្លេសនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថាលទ្ធផលប្រជាមតិនេះនឹងធ្វើឲ្យសេដ្ឋកិច្ចអង់គ្លេសដើរថយក្រោយ។ អ្នកជំនួញមួយចំនួននិយាយថាពួកគេនឹងពិចារណាឡើងវិញពីការវិនិយោគនៅអង់គ្លេសហើយដំណើរការដ៏រញ៉េរញ៉ៃនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនឹងធ្វើឲ្យស្ថានការណ៍កាន់តែលំបាក។

៤. អត្រាបាត់បង់ការងារ៖ ដំណើរការ Brexit នឹងអាចឲ្យការងារជាច្រើនសែនតំណែងត្រូវរង្គោះរង្គើ។ ការដើរថយក្រោយនៃសេដ្ឋកិច្ចនឹងធ្វើឲ្យអត្រាគ្មានការងារកើនឡើងខ្ពស់ ហើយធនាគារនិងក្រុមហ៊ុនធំៗមួយចំនួនក៏អាចនឹងត្រូវដោះដូរបុគ្គលិកទៅកាន់អាល្លឺម៉ង់ ឬបារាំងដើម្បីចៀសវាងការរំខាន់មុខជំនួញរបស់ពួកគេនៅអឺរ៉ុប។

៥. ការកើនឡើងពន្ធនិងបន្ថយការចំណាយ៖ រតនាគារអង់គ្លេសនិយាយថាភាពចលាចលនៃសេដ្ឋកិច្ចនឹងធ្វើឲ្យថវិការជាតិមានការខ្វះខាត ដែលគេនឹងត្រូវតំឡើងពន្ធ និងកាត់បន្ថយការចំណាយដើម្បីបំពេញចន្លោះខ្វះខាតនោះ។

ហេតុអ្វីពិភពលោកទាំងមូលត្រូវខ្វល់ខ្វាយពីរឿងនេះ?

អង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចទី៥ក្នុងពិភពលោក។ ការធ្លាក់ចុះសេដ្ឋកិច្ចនៃប្រទេសនេះនឹងមានការប៉ះពាល់ខ្លាំងលើការរីកចម្រើននៃពិភពលោក។បញ្ហានេះនឹងធ្វើឲ្យមានភាពរំជើបរំជួលនៅអឺរ៉ុប ដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចនិងអត្រាគ្មានការងារធ្វើខ្ពស់ ហើយនឹងត្រូវប្រឈមមុខនឹងវិបត្តិជនភៀសខ្លួនធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុននឹងកើតឡើងមិនត្រឹមតែក្នុងតំបន់អឺរ៉ុប ប៉ុន្តែគឺជុំវិញសាកលលោក។ រយៈពេលតែមួយថ្ងៃទីផ្សារភាគហ៊ុនសាកលលោកបានខាតបង់អស់ ២,១ទ្រីលានដុល្លារ ដែលជាការគំរាមកំហែងធំមួយសម្រាប់សេដ្ឋកិច្ចពិភពលោក។ ភាគហ៊ុនអាមេរិកអាចនឹងរងផលប៉ះពាល់ដោយសារការរីកចម្រើនយឺតជាសាកល និងដំណើររាំងស្ទះរបស់ក្រុមហ៊ុនអាមេរិកនានានៅអឺរ៉ុប។

ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកមានទីស្នាក់ការរបស់ខ្លួននៅអង់គ្លេស សម្រាប់ទីផ្សារអឺរ៉ុបទាំងមូល។ ពួកគេអាចនឹងត្រូវបង្ខំចិត្តផ្លាស់ប្ដូរមនុស្ស និងដំណើរប្រតិបត្តិការទៅកាន់ប្រទេសអឺរ៉ុបដទៃទៀតដើម្បីងាយស្រួលប្រឡូកចូលក្នុងទីផ្សារទាំងនោះ។

ការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបអាចនឹងបង្កឲ្យមានអស្ថេរភាពនយោបាយកាន់តែខ្លាំងនៅអង់គ្លេស និងអឺរ៉ុប។ នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានប្រកាសលាលែងពីតំណែង ប្រទេសស្កុតឡែនអាចនឹងទាមទារឯករាជ្យពីអង់គ្លេសជាលើកទីពីរ ហើយក្រុមប្រឆាំងសហភាពអឺរ៉ុបនៅបណ្ដាប្រទេសផ្សេងៗទៀតនឹងមានកម្លាំងកាន់តែខ្លាំង ៕

ប្រភព៖ sabay

  • បញ្ហា​ធំ​ៗ​ដែល​កើត​ឡើង​ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: