​ថៃ​ និង​ភូមា សហការ​គ្នា​ចង់​នាំ​ពលករ​ភូមា ទៅ​ស្រុក​កំណើត​វិញ

ថៃ និង​ម៉ាយ៉ាន់ម៉ា (ភូមា) ​បាន​សហការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​មួយ ធ្វើ​យ៉ាង​ដើម្បី​ធានា​ឲ្យ​បាន​ថា នឹង​​​​នាំ​​ពលករ​ខុស​ច្បាប់ និង​ជន​ភៀស​ខ្លួន​ភូមា ដែល​រស់​នៅ​ប្រទេស​ថៃ ឲ្យ​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សុវត្ថិភាព​ ក្នុង​ពេល​​ជាក់​លាក់​ណា​មួយ។

 

​ថៃ​ និង​ភូមា សហការ​គ្នា​ចង់​នាំ​ពលករ​ភូមា ទៅ​ស្រុក​កំណើត​វិញ

លោក​ស្រី អ៊ុង​ សាន ស៊ូជី (ឆ្វេង) និង​ ​​នាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា

 

កិច្ច​ព្រមព្រៀង​ ត្រូវ​បាន​ធ្វើ​ឡើង​​ ក្នុង​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ រវាង​​នាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា និង​​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ភូមា​លោក​ស្រី​ អ៊ុង​ សាន ស៊ូជី ​ក្នុង​ខេត្ត​ Samut Sakhon​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

 

ក្នុង​ដំណើរ​ទស្សនកិច្ច​​ផ្លូវការ​ទៅ​ប្រទេស​ថៃ លោក​ស្រី អ៊ុង​ សាន ស៊ូជី ​​ចង់​ដោះស្រាយ​បញ្ហា​ធំ​​​មួយ​ ពោល​គឺ ​បញ្ហា​ពលករ​ខុស​ច្បាប់​របស់​ភូមា នៅ​ប្រទេស​ថៃ​​​។ លោក​ស្រី​ ​បាន​លើក​ឡើង​ថា នឹង​នាំ​យក​ជន​ភៀស​ខ្លួន​ទាំង​អស់ ​ទៅ​ប្រទេស​កំណើត​វិញ ​នៅ​ពេល​វេលា​ល្អ​ណា​មួយ។

 

“ខ្ញុំ​សូម​អរគុណ​នូវ​អ្វីៗ ដែល​រដ្ឋាភិបាល​ថៃ បាន​ជួយ​​ដល់​ប្រជាជន​យើង ប៉ុន្តែ​​ប្រជាជន​របស់​យើង​ទាំង​អស់ ក្នុង​ប្រទេស​នេះ​ គួរ​តែ​ត្រឡប់​ទៅ​​ប្រទេស​កំណើត​យើង​វិញ”។ លោក​ស្រី ស៊ូជី បន្ថែម។

 

លោក ​ចាន់អូចា ​និង​លោក​ស្រី​ ស៊ូជី​ បាន​លើក​ឡើង​ថា ប្រទេស​ថៃ និង​ភូមា សហការ​គ្នា​នឹង​​ជួយ​ការពារ​ដល់​ពលករ​ភូមា ​និង​ជន​ភៀស​ខ្លួន​នៅ​​ប្រទេស​ថៃ ​និង​ខិត​ខំ​ធ្វើ​យ៉ាង​​ណា ​​​បញ្ជូន​ប្រជាជន​ទាំង​នោះ ទៅ​ប្រទេស​ភូមា​វិញ ហើយ​ពួកគេ​​នៅ​តែ​​មាន​ការងារ​ល្អ​ និង​​មានមុខ​របរ​ធ្វើ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bangkokpost