ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​ខុស​ច្បាប់​២២​នាក់​ពី​ប្រទេស​ថៃ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ អន្តរាគមន៍​ជួយ​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន ២២​នាក់ ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ការ​បញ្ជូន​ត្រឡប់​មក​វិញ​នោះ មាន​មនុស្ស​ចាស់ ១៦​នាក់ និង​កុមារ​តូចៗ​ដែល​ជា​កូន​ពលករ​ចំនួន ៦​នាក់។

នៅ​ក្នុង​លិខិត​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មិថុនា ឲ្យ​ដឹង​ថា ស្ថាន​អគ្គ​កុងស៊ុល និង​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ថៃ និង​ថៅកែ​ថៃ បាន​យល់​ព្រម​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​ពលកម្ម​ដែល​ពុំ​ទាន់​បើក​ជូន​កម្មករ​ទាំង ១៦​នាក់ និង​សន្យា​បន្ត​យក​ពួកគេ​ចូល​ធ្វើការ​ស្រប​ច្បាប់​នៅ​ពេល​វិល​ត្រឡប់​ពី​ធ្វើ​ឯកសារ​ត្រឹមត្រូវ​វិញ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា អាជ្ញាធរ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ចុះ​ត្រួត​ពិនិត្យ​និង​បោស​សម្អាត​ពលករ​ខុស​ច្បាប់​ក្នុង​សិប្បកម្ម​ម្នាង​សិលា​ចំនួន ៣​កន្លែង ដែល​ពុំ​មាន​លិខិត​ឆ្លងដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។