វិទ្យុ​ភាសាចាម​តែមួយ​គត់​នៅ​ស្រុក​ខ្មែរ ត្រូវ​បិទ​ការ​ផ្សាយ!

វិទ្យុភាសាចាម ឬ RADIO SAPCHAM ជាកម្មវិធីផ្សាយជាភាសាចាមតែមួយគត់នៅកម្ពុជា ត្រូវបានបិទការផ្សាយ។ កម្មវិធីវិទ្យុនេះ បង្កើតតាំងពីឆ្នាំ២០០៤ ដោយទិញម៉ោងផ្សាយ ហើយចាប់ពីឆ្នាំ២០០៨មក លោកនាយករដ្ឋមន្ត្រីបានជួយអន្តរាគមន៍ឲ្យចាក់ផ្សាយដោយឥតគិតថ្លៃ ចាប់ពីម៉ោង៨ទៅម៉ោង៩យប់ជារៀងរាល់ថ្ងៃ តាមរលកវិទ្យុ FM ១០៣ MHz។ ទោះយ៉ាងណាក៏ដោយ ជុំវិញមូលហេតុនៃការផ្អាកការផ្សាយភាសាចាមនៅពេលនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ហើយនៅមានភាពចម្រូងចម្រាស់គ្នានៅឡើយ។

លោក ស្លេះ ណាស៊ី អ្នកគ្រប់គ្រងកម្មវិធីផ្សាយវិទ្យុភាសាចាម បានប្រាប់វិទ្យុបារាំងថា លោកស្រឡាំងកាំងតែម្តង នៅពេលដែលអ្នកគ្រប់គ្រងម៉ាស៊ីនផ្សាយរបស់វិទ្យុ FM ១០៣ MHz ប្រាប់ថា កម្មវិធីវិទ្យុភាសាចាមរបស់លោក ត្រូវបានគេបញ្ជាឲ្យផ្អាក និងត្រូវបិទកម្មវិធីតែម្តង។ ចាប់ពីថ្ងៃទី៦មិថុនាមក ជាង១០ថ្ងៃកន្លងទៅនេះ គឺមានចាក់តែចម្រៀងកម្សាន្តតែប៉ុណ្ណោះ នៅក្នុងម៉ោងផ្សាយប្រចាំថ្ងៃ។ ចំពោះអ្នកផលិតកម្មវិធីផ្សាយរូបនេះ គាត់នៅមិនទាន់ដឹងមូលហេតុជាក់ច្បាស់ទេ តែលោកដឹងត្រួសៗថា ថ្នាក់លើជាអ្នកបញ្ជាឲ្យបិទ។ លោក ស្លេះ ណាស៊ី ប្រាប់ដែរថាកម្មវិធីភាគច្រើន គឺនិយាយពីធម៌របស់សាសនាឥស្លាម ពីសុខភាព និងការអប់រំ។

ចំណែក លោកអគ្គនាយកវិទ្យុ FM ១០៣ MHz វិញ បានឆ្លើយបញ្ជាក់ប្រាប់វិទ្យុបារាំងថា មូលហេតុនៃការបិទវិទ្យុភាសាចាមនេះ គឺស្មុគស្មាញ និងជារឿងរសើបណាស់។ មូលហេតុបឋមដែលលោកអាចជម្រាបបាន គឺមកពីកម្មវិធីខ្លះរបស់វិទ្យុនេះ ផ្សាយទៅ ធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ហើយក៏គ្មានអ្នកណាត្រួតពិនិត្យខ្លឹមសារផ្សាយជាមុននោះទេ ដោយសារនិយាយជាភាសាឥស្លាមតែម្តង។ យ៉ាងណាក៏ដោយ លោកអគ្គនាយកវិទ្យុ FM ១០៣ MHz យល់ឃើញថា បញ្ហានេះអាចមកពីបញ្ហាផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំសាសនាឥស្លាម និងជាគោលជំហររបស់រដ្ឋាភិបាល ដែលលោកសុំមិនបញ្ចេញយោបល់ច្រើនជាងនេះឡើយ។

វិទ្យុបារាំង RFI ព្យាយាមទាក់ទងសុំការបំភ្លឺពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាស្ថាបនិកកម្មវិធីវិទ្យុភាសាចាមនេះ ក៏ប៉ុន្តែទូរសព្ទចូល គ្មានអ្នកទទួល។

ប្រឈមមុខនឹងការបិទការផ្សាយ ជាង១០ថ្ងៃមកនេះ ពលរដ្ឋខ្មែរឥស្លាមដែលនិយមប្រើហ្វែសបុកខ្លះ បានរិះគន់យ៉ាងខ្លាំងចំពោះមេៗសាសនាឥស្លាមនៅស្រុកខ្មែរដែលចេះតែឈ្លោះគ្នា។ អ្នកមួយចំនួនសម្តែងការសោកស្តាយ ខកចិត្ត ហើយអ្នកខ្លះទៀតថាខ្មាសគេរឿងបាត់បង់ទឹកដីជារឿងម្យ៉ាង តែរឿងដែលកាន់ខ្មាស់គេទៀតនោះ គឺខ្មែរឥស្លាម មិនចេះសាមគ្គីស្រឡាញ់គ្នា ហើយយកសាសនាធ្វើជារបររកស៊ី ដើម្បីជាខែលឈានទៅរកអំណាច និងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន៕

ប្រភពៈ RFI