ក្រសួង​ការងារ​បើក​ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​លើក​ទី​១៣​ ខណៈ​ឆ្នាំនេះ​ភាគី​កូ​រ៉ូ​ត្រូវការ​ពលករ​កម្ពុជា​ជិត​១​ម៉ឺន​នាក់

ក្រសួង​ការងារ​បើក​ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​លើក​ទី​១៣​ ខណៈ​ឆ្នាំនេះ​ភាគី​កូ​រ៉ូ​ត្រូវការ​ពលករ​កម្ពុជា​ជិត​១​ម៉ឺន​នាក់



ភ្នំពេញ ៖ គណៈកម្មាធិការ​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សហ​ការ​ជាមួយ ក្រសួង​មុខរបរ​និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​អនុវត្ត​ដោយ​អង្គភាព​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​រៀប​ចំ​ការប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​លើក​ទី​១៣​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៥​និង​២៦ ខែមិថុនា ឆ្នាំ២០១៦ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ជាង​៥​ម៉ឺន​នាក់។

ចំនួន​បេក្ខជន​ឆ្នាំនេះ​បើ​ធៀប​នឹង​ឆ្នាំមុន​ឃើញ​ថា ​មាន​ការ​កើន​ឡើង​ដែល​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូ​រ៉ូ​ចំនួន​តែ​៣៨៣៦២​នាក់​ប៉ុណ្ណោះ។

សម្រាប់​ឆ្នាំ​២០១៦​នេះ ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ត្រូវការ​ពលករ​កម្ពុ​ជា​ទៅ​បម្រើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​សរុប​ចំនួន​៩៤០០​នាក់​ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន ៤៧០០​នាក់ វិស័យ​សំណង់​ចំនួន ១០០០​នាក់ និង​វិស័យ​កសិកម្ម​ចំនួន ៣៧០០​នាក់​។ ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​ឃើញ​ថា ​មានការ​កើនឡើង។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ២០១៥​កម្ពុជា​បា​ន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​បាន​ចំនួន​៧៨៣២​នាក់​ស្រី​១៨៤២​នាក់​ តែ​បើ​គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូតមកដល់​ឆ្នាំ​២០១៥​មាន​ពលករ​ធ្វើការ​នៅ​កូរ៉េ​ចំនួន​៤៤៣៣០​នាក់​ស្រី​៨៣៨៤​នាក់។

លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​ បញ្ជូន​ពលករ​ទៅ​បរទេស បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្រោយពី​ចូលរួម​កាត់​វិញ្ញាសា ប្រឡង​ជូន​ដល់​បេក្ខជន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថា សម្រាប់​បេក្ខជន ដែល​ដាក់ឈ្មោះ​ចូល​រួម​ប្រឡង​ភាសា​កូរ៉េ​នៅ​ឆ្នាំ​២០១៦ សរុប​ចំនួន ៥​ម៉ឺន ៤​ពាន់​នាក់ ក្នុង​នោះ​តម្រូវ ការ​សរុប​មាន​ចំនួន ៩.៤០០​នាក់​។

ក្នុង​នោះ​បម្រើការងារ​ខាង​ផ្នែក​វិស័យ​ឧស្សាហកម្ម​ចំនួន ៤.៧០០​នាក់​, វិស័យ​សំណង់​ចំនួន ១០០០​នាក់ និង​វិស័យ​កសិកម្ម​ចំនួន ៣.៧០០​នាក់។

ពលករ​កម្ពុជា​ធ្វើការ​នៅ​កូរ៉េ​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ចាត់ទុកជា​ពលករ​ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាងគេ​ក្នុង​ការ​បំពេញការងារ​ក្នុងចំណោម​ពលករ​បរទេស​មកពី​២០​ប្រទេស​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ។

បើ​តាម​លោក​គីម​វ៉ុ​ន​ជីន​(Kim WeonJin)​ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​មាន ប្រសាសន៍​ថា ​មាន​ពលករ​ជាច្រើន​ប្រហែលជា​២០​ប្រទេស​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ប៉ុន្តែ​មានតែ​ពលករ​កម្ពុជា​ទេ​មាន​ប្រជាប្រិយ​ជាងគេ​។ ដោយសារតែ​ពលករ​កម្ពុ​ជា​មាន​ភាព​ស្មោះត្រង់​ហើយ​ភាពស្មោះត្រង់​នេះ ​បាន​ធ្វើ​ឲ្យ​ថៅកែ​កូរ៉េ​ពេញចិត្ត​យ៉ាង​ខ្លាំង​ទើប​ធ្វើ​ឲ្យ​មាន​ប្រជាប្រិយភាព​ខ្ពស់​។​ម្យ៉ាងទៀត​គាត់​(​ពលករ​)​ទៅធ្វើ​ការមិន​មែន​ដើម្បី​តែ​ប្រាក់​នោះ​ទេ ​គឺ​ទៅ​ដើម្បី​រៀន​ជំនាញ​ផងដែរ​ដើម្បី​ត្រឡប់មកវិញ​យក​ជំនាញ​ដែល​បាន​រៀន​នោះ​មកជួយ​ប្រទេសជាតិ​វិញ។

លោក​បណ្ឌិត ពេ​ជ សោភ័ន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន បំណង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់​ថា សុំ​កុំ​ជឿ​ការ​ឃោស​នាពី​បណ្តា​អង្គការ ឬ​ក្រុមហ៊ុន ថា​អាច​ធានា ឲ្យ​ទៅ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េ​មិន​ឆ្លងកាត់​ការ​ប្រឡង​ឲ្យ​សោះ​។ លោក​លើក​ឡើង​ថា ភាគី​កូរ៉េ​បាន ពេញចិត្ត​ និង ​ពលករ​ដែរ​កំពុងតែ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េ ហើយ​លោក​ក៏បាន​ជំរុញ​ឲ្យ​ភាគី​កូរ៉េ​បន្ថែម​ទទួលយក​ពលករ​ពី​កម្ពុជា​ទៅ​បម្រើ​ការងារ​បន្ថែមទៀត​ផងដែរ។

ជា​ការ​ឆ្លើយតប​នឹង​ការស្នើ​សុំ​នេះ លោក Park Soon Hwan អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ធ្វើ​ផែនការ និង​គ្រប់គ្រង​នៃ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ នឹង​ជំរុញ​ដល់​រដ្ឋាភិបាល​ដើម្បី​ទទួល យក​ពល​រក​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ កូរ៉េ ខណៈ​ដែល​បច្ចុប្បន្ន ពលករ​ខ្មែរ​ផ្ទាល់​គឺ​មាន​សក្តានុពល​ក្នុងការ​ពង្រីក តម្លៃ​ខ្លួន​ដោយ​ខ្លួនឯង​នៅ​ក្នុង​ទីផ្សារ​ការងារ​នៅ​ទីនោះ​។ ដូច្នេះ​តាមរយៈ​ការ​ស្នើសុំ​នេះ លោក​នឹង​ខិតខំ​ជំរុញ ដល់​រដ្ឋាភិបាល និង​បណ្តាល​ក្រុមហ៊ុន​នៅ​កូរ៉េ​ទទួលយក​ពលករ​ខ្មែរ​ច្រើន​ទៀត​នៅ​ឆ្នាំក្រោយ។

ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​នេះ​មាន​ការ​តាំង​ខ្លាំងណាស់​ព្រោះថា តាំងពី​ចាប់​ផ្តើមធ្វើ​វិញ្ញាសា​ប្រឡង​រហូតដល់​ចែក​ជួន​បេក្ខជន​ប្រឡង​សុទ្ធតែ​ភាគី​កូរ៉េ​ចាត់ចែង​ទាំងអស់​ដោយ​វិញ្ញាសា​ប្រឡង​ដឹក​តាម​យន្តហោះ​ពី​កូរ៉េ​មក​ហើយ​មក​រក្សាទុក​នៅ​ស្ថាន​ទួត​កូរ៉េ​បន្ទាប់មក​យក​មក​ចែក​តាម​មណ្ឌល​ប្រឡង​នីមួយៗ​ហើយ​ក្នុង​ថ្នាក់​នីមួយៗ​ភាគី​កូរ៉េ​ត្រួត​ពិនិត្យមើល​ផង​ដែរ​ដោយ​បេក្ខជន​មិន​មាន​ឱកាស​លួច​ចំលង​ទេ​។ ប្រឡង​ចប់​យក​វិញ្ញាសា​ទៅ​ប្រទេស​កូរ៉េ​វិញ​ដើម្បី​កែ​ហើយ​ប្រកាស​លទ្ធផល​អេ​ឡេច​ត្រូ​និ​ច​ទៀត។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​មណ្ឌល​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​សម្រាប់​ថ្ងៃ​ទី​២៥​និង​ថ្ងៃទី​២៦​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ​ចំពោះ​មណ្ឌល​ប្រឡង​គឺ​ធ្វើ​ឡើង​នៅ​តាម​មណ្ឌល​អនុ​និង​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​រាជធានី​ភ្នំពេញ អនុវិទ្យាល័យ​ចតុមុខ វិទ្យាល័យ​វត្ត​កោះ វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង វិទ្យាល័យ​ទួល​ទំពូង វិទ្យាល័យ ជាស៊ីម វិទ្យាល័យ​បាក់​ទូក សាលាបឋមសិក្សា​សន្ធរម៉ុក វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក និង​វិទ្យាល័យ​ឥន្ទ្រ​ទេវី។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ដដែល​បេក្ខជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ​ប៊ិច​ពណ៌​ខ្មៅ​មួយ​មុខ​ប៉ុណ្ណោះ​សម្រាប់​បំពេញ​ក្នុង​ក្រដាស​ចម្លើយ​។ ហាម​យក​ទូរស័ព្ទ​ដៃ​និង​ឧបករណ៍​អេ​ឡេច​ត្រូ​ច​និ​ច​ចូល​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង​។ ក្នុងករណី​ប្រឡង​ជំនួស​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៕

ក្រសួង​ការងារ​បើក​ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​លើក​ទី​១៣​ ខណៈ​ឆ្នាំនេះ​ភាគី​កូ​រ៉ូ​ត្រូវការ​ពលករ​កម្ពុជា​ជិត​១​ម៉ឺន​នាក់ ក្រសួង​ការងារ​បើក​ការ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​លើក​ទី​១៣​ ខណៈ​ឆ្នាំនេះ​ភាគី​កូ​រ៉ូ​ត្រូវការ​ពលករ​កម្ពុជា​ជិត​១​ម៉ឺន​នាក់