ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​ ទទួល​បាន​ថវិកា​សំណង​ជា​កញ្ចប់​ចុងក្រោយ​

ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​ ទទួល​បាន​ថវិកា​សំណង​ជា​កញ្ចប់​ចុងក្រោយ​



ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​រស់​នៅ​ភូមិ​ក្បាល​រមាស​ថ្មី បាន​បើក​ថវិកា​សំណង ផលដំណាំ​នៃ​ការឧបត្ថម្ភ​ផ្សេងៗ​ចុងក្រោយ នៅ​ថ្ងៃទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ទៅតាម​គោល​នបយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ពួកគាត់​បាន​រើ​ផ្ទះ​ទៅតាម​ការសន្យា​ និង​មក​រស់នៅ​ភូមិ​ថ្មី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍ​វិស័យ​អគ្គិសនី​។

លោក ឆាយ ម៉េង តំណាង​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសា​ន​ក្រោម​ពី បាន​សំដែង​ការ​សាទរ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន ស្រុះស្រួល​ចិត្តគំនិត​គ្នា​រុះរើ​ផ្ទះ​ចូល​មក​នៅ​ភូមិ​ក្បាល​រមាស​ថ្មី ពីព្រោះថា​នេះ​ក៏​ជា​គោលបំណង​ដែល​ក្រុមការងារ​ចង់បាន​ដើម្បី​ចូលរួម​ពន្លឿន​ដល់​ការសាងសង់​ទំនប់​វារី​អគ្គិសនី​ឲ្យ​បាន​ឆាប់​ទៅតាម​ការ​គ្រោងទុក។

លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ជាង​២០​គ្រួសារ​ទៀត​ដែល​មិន​ទាន់​បាន​សម្រេចចិត្ត​សូម​កុំ​ជឿ​តាម​ការ​ញុះញង់​ពី​ខាងក្រៅ និង​ធ្លាប់តែ​មក​ឃោស​ថា ក្រុមហ៊ុន​ធ្វើ​តែ​កិច្ចសន្យា​មិន​សង ក្រុមហ៊ុន​បើក​លុយ​ឲ្យ​ហើយ​យក​វិញ​ដែល​ជនខិលខូច​មានបំណង​ធ្វើ​ឲ្យ​ខូច គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោលការណ៍​ដោះស្រាយ​របស់​ក្រុមហ៊ុន។ នៅ​ប្រហែល​ជាង​២០​គ្រួសារ​ទៀត ពួកគាត់​នៅ​មិនទាន់​យល់​អំពី​បញ្ហា​ច្បាប់ ទាក់ទង​​នឹង​សំណង​គោលនយោបាយ​របស់​យើង។

លោក​សេត​កាល​អាយុ​៧១​ឆ្នាំ​ជនជាតិ​ព្នង​នៅ​ភូមិ​ក្បាល​រមាស​បាន​បញ្ជាក់​ថា ពួកគាត់​បាន​នាំគ្នា​សាងសង់ រុះរើ​ផ្ទះ​មក​នៅ​ភូមិ​ថ្មី​ហើយ​ចំណែក​ក្រុមហ៊ុន​បាន​រៀបចំ​បើកប្រាក់​សំណង ទៅលើ​ផល​ដំណាំ​និង​ការឧបត្ថម្ភ​ផ្សេងៗ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ចាប់​២​ពាន់​រហូត ដល់​ទៅ​ជាង​៤ ពាន់
ដុល្លារ​តាម​ដំណាំ​ដែល​យើង​មាន​តិច​ឬ​ច្រើន​ពិតប្រាកដ​។​

លោក​បញ្ជាក់​ថា ការ​ផ្ដល់​ប្រាក់​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន​ដែល​បាន​គោរព ​កិច្ចសន្យា ​ហើយ​ពួក​គាត់​ទទួល​បាន​ថវិកា​នេះ​​ ​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​រស់នៅ​ជាក់ស្ដែង។

លោក​ សុវណ្ណ ​ពិសេដ្ឋ អភិបាលរង​ស្រុក​សេ​សាន បាន​បញ្ជាក់​ថា ក្រុមការងារ​ថ្នាក់​ខេត្ត​និង​ក្រុមហ៊ុន​បានធ្វើ​ការ​ចុះ​វាស់វែង​ស្រង់​ស្ថិតិ ​និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ក្រុមហ៊ុន ​និង​ដោះស្រាយ​ជូន​ដូច​បាន​ឃើញ​នៅ​ពេលនេះ​ស្រាប់​។​

លោក​បន្ថែមថា ជាមួយនេះ​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​ការងារ​របស់​ខ្លួន​ដូចជា​ការសាង​សង់​ផ្ទះ ការ​រុះរើ​ផ្ទះ​-​ការនាំគ្នា​មក​នៅផ្ទះ​ថ្មី​បាន​ឆាប់​-​ក្រុមហ៊ុន​ក៏​ដោះ​ស្រាយ​ជូន​បាន​លឿន​ហើយ​ខាង​ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ក៏​ខិតខំ​សាងសង់​ផ្ទះ​-​រៀបចំ​អណ្តូង​ទឹកស្អាត​-​ផ្លូវ​ក្រួស​ក្រហម​-​សាលារៀន​-​មណ្ឌល​សុខភាព​-​វត្ត​អារាម​-​ការ​ផ្តល់ប្រាក់​សាងសង់​ផ្ទះ​-​សង​ថ្លៃ​ដំណាំ​-​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​វារីអគ្គិសនី​នេះ​នៅ​សល់​ចំនួន​២០០​គ្រួសារ​ទៀត​ដែល​មិនទាន់​​​ទទួលយក​សំណង​​​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​យល់ព្រម​ចាកចេញ​ពី​តំបន់​ទំនប់ វារី​អគ្គិសនី​សេសា​ន​ក្រោម​ពី​នេះ៕


ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​ ទទួល​បាន​ថវិកា​សំណង​ជា​កញ្ចប់​ចុងក្រោយ​