យុវជន​នគររាជ​ធ្វើ​ទស្សនាចរ​ដើម្បី​ទីផ្សារ​អចលនទ្រព្យ​និង​ការងារ​មនុស្សធម៌​នៅ​មណ្ឌលគិរី

យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទេសចរណ៍​មក​កាន់​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្វែង​យល់​ពី​វិស័យ​អចលនទ្រព្យ​នា​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ។ ដំណើរ​ទស្សនាចរ​របស់​ក្រុម​យុវជន​នេះ​ក៏​ផ្តោត​ជា​សំខាន់​ដើម្បី​លើក​ស្ទួយ​ការងារ​មនុស្សធម៌​ផង​ដែរ។

​បដា​មាន​អត្ត​ន័យ​ទេសចរណ៍​ដើម្បី​មនុស្សធម៌​ត្រូវ​បាន​យុវជន​យុវនារី​នគររាជ មាន​គ្នា​ជិត ៣០​នាក់ លើក​បង្ហាញ​សាធារណជន​នៅ​រង្វង់​មូល​រូប​ចម្លាក់​ទន្សោងពីរ នា​កណ្ដាល​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​​២៤ ខែ​មិថុនា។

ការ​លើក​បដា​ពាក្យ​ស្លាក​នេះ​ជា​សារ​បង្ហាញ​សាធារណជន​ពី​ការ​ចូលរួម​របស់​ក្រុម​យុវជន​ក្នុង​សកម្មភាព​សង្គម​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស មិន​ថា​តំបន់​ខេត្ត​ដាច់ស្រយាល​ក្តី។

​អតីត​សិល្បករ​ចម្រៀង​ជើង​ចាស់​មួយ​រូប បច្ចុប្បន្ន​ជា​សមាជិក​ក្រុមហ៊ុន​ទីផ្សារ​អចលនទ្រព្យ ក្រុមហ៊ុន អឹម.ឌី.អរ ប្រោបផឺធី (MDR Property) និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​មណ្ឌលគិរី លោក សាន ផានិត បញ្ជាក់​ថា គោលបំណង​នៃ​ការ​បង្កើត​ដំណើរ​ទេសចរណ៍​កម្សាន្ត​របស់​ក្រុម​យុវជន​នគររាជ​នេះ ធ្វើ​ឡើង​ដើម្បី​យុវជន និង​យុវនារី​ស្វែង​យល់​ពី​ទីផ្សារ​ដីធ្លី​នៅ​ខេត្ត​ប៉ែក​ឦសាន ហើយ​ចូលរួម​លើក​ស្ទួយ​វិស័យ​អចលនទ្រព្យ​តាម​រយៈ​ការ​ស្វែង​រក​អ្នក​វិនិយោគ​វិស័យ​កសិឧស្សាហកម្ម​បាន​កាន់​តែ​ច្រើន​មក​អភិវឌ្ឍន៍​នៅ​ខេត្ត​ដាច់​ស្រយាល​ដែល​សម្បូរ​ទៅ​ដោយ​សក្ដានុពល​ដីធ្លី​មាន​ជីជាតិ។

លោក​ថា ប្រាក់​ចំណូល​ពី​ដំណើរ​កម្សាន្ត​របស់​ក្រុម​យុវជន​នគររាជ​នេះ មួយ​ផ្នែក​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​មូលនិធិ​មនុស្សធម៌​សម្រាប់​ឧបត្ថម្ភ​កុមារ​ក្រីក្រ​ជា​សិស្សានុសិស្ស​នៅ​ខេត្ត​មណ្ឌលគិរី៖ «»។

​ក្រុម​យុវជន​នគររាជ​បង្កើត​ឡើង​ដោយ​សមាជិក​សកម្ម​ជា​យុវជន​យុវនារី​សិល្បករ សិប្បករ និស្សិត​ស្ម័គ្រចិត្ត​មាន​គ្នា​ជាង ៣០​នាក់ ឋិត​នៅ ២៤​ខេត្ត​ក្រុង តាំង​ពី​ឆ្នាំ​២០១៥។ ក្រុម​នេះ​ប្រកាន់​យក​ឈ្មោះ​ក្រុម​​តាម​បទ​នគររាជ និមិត្តរូប​អត្តសញ្ញាណ​ភ្លេង​ជាតិ​នៃ​ប្រទេស​កម្ពុជា។

​ស្ថាបនិក​ក្រុម​យុវជន​នគររាជ បច្ចុប្បន្ន​ជា​សិល្បករ​មាន​តួនាទី​ឌីជេ (DJ) រហ័ស​នាម​អាចារ្យ​ធំ គឺ​យុវជន សារម្យ គុណ្ណាស័ក្ដិ កត់សំគាល់​ថា ដំណើរ​កម្សាន្ត​របស់​ក្រុម​យុវជន​នគររាជ នៅ​ខេត្ត​មណ្ឌលគិរី បាន​បំផុស​ចលនា​គាំពារ​សកម្មភាព​មនុស្ស​ធម៌​សង្គម​បាន​កាន់តែ​ទូលំទូលាយ។ លើស​ពី​នេះ​ទៀត ការ​សិក្សា​ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​មណ្ឌលគិរី គឺ​ជា​ជំហាន​ថ្មី​សម្រាប់​យុវជន​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍​នៅ​តំបន់​ជនជាតិ​ដើម​​ភាគ​តិច​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​ដីធ្លី​ក្នុង​ខេត្ត​នេះ៖ «»។

​នេះ​ជា​ដំណើរ​ទស្សនាចរ​លើក​ទី​ពីរ​របស់​ក្រុម​យុវជន​យុវនារី​នគររាជ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ស្រដៀង​គ្នា​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត​កោះកុង កាល​ពី​ខែ​មេសា កន្លង​ទៅ ក្នុង​ទិស​ដៅ​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ និង​ធនធាន​មនុស្ស។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ស្វាគមន៍​ដំណើរ​ទស្សនាចរ​របស់​ក្រុម​យុវជន​នគររាជ​ថា ជា​សកម្មភាព​គំរូ​សម្រាប់​យុវជន​យុវនារី​នៅ​គ្រប់​ខេត្ត​ក្រុង។លោក​អំពាវនាវ​ឲ្យ​យុវជន​យុវនារី​នៅ​ខេត្ត​មណ្ឌលគិរី ចូល​រួម​ចលនា​មនុស្សធម៌​ឲ្យ​បាន​ច្រើន​ដើម្បី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​មណ្ឌលគិរី នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត៖ «»។

​ក្រុម​យុវជន​នគររាជ ចេញ​ដំណើរ​ពី​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្លង​កាត់​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង មក​ខេត្ត​មណ្ឌលគិរី។ តាម​ការ​គ្រោង​ទុក ដំណើរ​ទស្សនាចរ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា បន្ទាប់​ពី​ក្រុម​នេះ​ចូលរួម​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ចំនួន ៣០០​នាក់ នៅ​ភូមិ​ពូតាំង សង្កាត់​រមនា។ ទស្សនវិជ្ជា​របស់​យុវជន​នគររាជ គឺ​ចង់​បាន​ឫស្សី​ដុះ​លូតលាស់​ល្អ​គឺ​ជួយ​ថែទាំ​ទំពាំង​ឲ្យ​មាន​គុណភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។