​ទឹកស្ទឹង​សែន​ពុំ​មាន​ផល​ប៉ះពាល់​ដល់​ត្រី​ ប៉ុន្តែ​គួរកុំ​ប្រើប្រាស់​ពេល​មាន​បាតុភូត

​ទឹកស្ទឹង​សែន​ពុំ​មាន​ផល​ប៉ះពាល់​ដល់​ត្រី​ ប៉ុន្តែ​គួរកុំ​ប្រើប្រាស់​ពេល​មាន​បាតុភូត



រាជធានី​ភ្នំពេញ ៖ ទឹកស្ទឹង​សែន​ដែល​មាន​ពណ៌​បៃតង ឬ​ខៀវ​នោះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​សំណាក​ទឹក​ក៏​ត្រូវ​បាន​បញ្ជូន​មកពិសោធន៍​ផង​ដែរ ។ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ផ្សាយ​ការ​សិក្សា​មួយ​របស់​លោក​សាស្ត្រាចារ្យ លឹ​ម ពុ​យ​ដែល​បាន​តាមដាន​គុណភាព​ទឹកស្ទឹង​សែន​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦ ។ ការ​សិក្សា​គុណភាព​ទឹកស្ទឹង​សែន​នេះ​ត្រូវ​បាន​ធ្វើ​ចាប់ពី​ក្រុង​ស្ទឹង​សែន​រហូត​ដល់​ឃុំ​ផាត់​សណ្តាយ ក្នុងស្រុក​សណ្តាន់ ។

តាម​ការ​សិក្សា​រក​ឃើញ​ថា កម្ពស់​ទឹកស្ទឹង​សែន​នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់ធំ ជា​សង្ខេប​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៦ អាច​ចន្លោះ​ពី​៥​ម៉ែត្រ​ទៅ​៥,២៧​ម៉ែត្រ ដែល​អាច​ចាត់ទុកជា​កម្ពស់​ដែល​ទាប​បំផុត​ចាប់ពី​ឆ្នាំ​១៩៨២ ។ 

ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៣ មិថុនា មាន​ជំនន់​៣​ដង គឺ​៖
-​លើក​ទី​១​នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៦ កម្ពស់​ទឹក​៧,៣២​ម៉ែត្រ
-​លើក​ទី​២​នៅ​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៦ កម្ពស់​ទឹក​៧,៣៦​ម៉ែត្រ
-​លើក​ទី​៣​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ កម្ពស់​ទឹក​៦,៩១​ម៉ែត្រ ។

ចំពោះ​កម្ពស់​ទឹកភ្លៀង វាស់​នៅ​ស្ថានីយឧតុនិយម​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២១ មិថុនា មាន​ចំនួន​១៣៨,៨​មី​ល្លី​ម៉ែត្រ​។ កម្ពស់​ទឹកភ្លៀង មាន​ច្រើន​ជាងគេ​គឺ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​៤៦,៤​មី​ល្លី​ម៉ែត្រ និង​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​៤៨​មី​ល្លី​ម៉ែត្រ ។

សំណាក​ទឹក​ចំនួន​៣​ដង ត្រូវ​បាន​យក​ទៅ​វិភាគ​លើ​គុណភាព​ទឹកបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ បាន​យក​មក​ធ្វើការ​វិភាគ​នៅ​មន្ទីរពិសោធន៍​គុណភាព​ទឹក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​អំឡុង​ចុងខែ​ឧសភា និង​ដើមខែ​មិថុនា ឆ្នាំ​២០១៦ ប្រជាជន​នៅ​ឃុំ​ផាត់​សណ្តាយ បាន​រាយការណ៍​មក​ក្រុមការងារ​នូវ​ទឹកស្ទឹង​សែន ដែល​មាន​ពណ៌​បៃតង​-​ខៀវ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ បាតុភូត​បាន​កើត​មាន​ជា​ច្រើន​នៅ​ក្រុង​ស្ទឹង​សែន ។

-​កម្ពស់​ទឹកស្ទឹង​សែន មាន​ចន្លោះ​ពី​៥​ម៉ែត្រ ទៅ​៥,២៧​ម៉ែត្រ ដែល​អាច​ចាត់ទុកជា​កម្ពស់​ទឹក​ដែល​ទាប​បំផុត​ចាប់ពី​ឆ្នាំ​១៩៨២ ពោល​គឺ​ទឹក​ពុំ​មាន​ចរន្ត ហើយ​នៅ​អន្លង់​ដែល​មានទឹក​ជ្រៅ​អាច​ចាត់ទុកជា​ទឹកនឹង​ថ្កល់ ។ ទឹកជំនន់​ចំនួន​៣​ដង ក្នុង​ចន្លោះ​៣​ខែ​កន្លង​មកនេះ​មាន​រយៈពេល​តែ​៣​ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ ។ ដូច្នេះ​ទឹក ជំនន់​ដោយ​ទឹកភ្លៀង​អាច​បង្ក​នូវ​បាតុភូត​នេះ តែ​ក្នុង​រយៈពេល​ដ៏​ខ្លី ពោល​គឺ​ក្នុង​វដ្ដ​ជីវិត​របស់​ជាតិ​ស្លែ​តែ​ប៉ុណ្ណោះ ។

-​សីតុណ្ហភាព​ទឹក និង​កត្ដា​កម្តៅ​ព្រះអាទិត្យ​៖ សីតុណ្ហភាព​ទឹក​ដែល​យើង​បាន​ដកស្រង់​ពេល​ចុះ​យក​សំណាក​មាន​ជា​មធ្យម​ប្រមាណ​៣៨​អង្សា​សេ រីឯ​សីតុណ្ហភាព​ធាតុអាកាស​នៅ​ស្ថានីយឧតុនិយម​មាន​ពី​៣៨​អង្សា​សេ រហូត​ដល់​៤០​អង្សា​សេ ពោល​គឺ​កម្តៅ​ព្រះអាទិត្យ និង​រយៈពេល​មាន​លើស​ពី​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

ជា​សន្និដ្ឋាន​បាតុភូត​ដែល​កើតឡើង​ដោយ​ពពួក​ស្លែ​ពណ៌​បៃតង​/​ខៀវ ដែល​មានឈ្មោះ Chlorophycea លើ​ស្ទឹង​សែន​បាន​កើតឡើង​ក្រោយ​ពី​មាន​ចូល​ក្នុង​លក្ខខណ្ឌ​នៃ​កត្ដា​ចំនួន​៤​រួម​មាន ៖ 

ផលធៀប​សារធាតុ​ផូស្វ័រ​លើ​សារធាតុ​អាសូត​សរុប លំហូរ​ទឹក​ដែល​ពុំ​មាន​ចរន្ត ពន្លឺព្រះអាទិត្យ​ដែល​មាន​លើស​ពី​២០.០០០ Lux និង​រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​លើ​ពី​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​សីតុណ្ហភាព​ទឹក​ដែល​លើស​ពី​៣០​អង្សា​សេ​។ បាតុភូត​នេះ​មាន​រយៈពេល​ខ្លី  តែ​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ និង​ការ​កត់សម្គាល់​ពី​ប្រជាជន​ដែល​រស់នៅ​តាម​ដងស្ទឹង​សែន​ក៏​ពិតមែន តែ​ពុំ​មានការ​ប៉ះពាល់​ធនធាន​ជលផល​ទេ ក៏​ប៉ុន្តែ​គួរ​ចៀសវាង​ការ​ប្រើប្រាស់​ទឹក​នេះ​ពេល​មាន​បាតុភូត ។

បាតុភូត​នេះ​មាន​ប្រភព​ពី​ការ​លូតលាស់​ជា​អតិបរមា​របស់​ស្លែ​ដែល​មានឈ្មោះ Chlorophycea ។
លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​គុណភាព​ទឹក បង្ហាញ​ឱ្យ​ឃើញ​ថា ៖

-​ភាពល្អក់​បាន​កើន​មាន​ឡើង​ពី 540NTU រហូត​ដល់ 720NTU ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ ។ ភាពល្អក់​អាច​បណ្ដាល​មក​ពី​ការ​ច្រោះ​ដី​នៃ​អាង​ស្ទឹង​សែន​ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ។ ការ​កត់សម្គាល់​របស់​ក្រុមការងារ​ភាពល្អក់​នេះ​មាន​តាំងពី​ខេត្តព្រះវិហា​មក ។

-​ផលធៀប​នៃ​ប៉ារ៉ាម៉ែត្រ​ផូស្វ័រ លើ​អាសូត​(PO4 /N tola)
-​លើ​សំណាក​ទឹក​ចំនួន​៣ ដែល​បាន​យក​មក​វិភាគ​ផលធៀប​នៃ​ប៉ារ៉ាម៉ែត្រ​ផូស្វ័រ លើ​អាសូត​(PO4 /N total) បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ផលធៀប​នេះ​មាន​ប្រមាណ​១/១០​ទៅ​១/១២ ដូច្នេះ​ប៉ារ៉ាម៉ែត្រ​ទាំង​២​នេះ​អាច​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​ជាតិ​ស្លែ​ដែល​មាន​ពណ៌​បៃតង​/​ខៀវ ។

ប្រភព​នៃ​សារធាតុ​២​នេះ បណ្ដាល​មក​ពី​ទឹកភ្លៀង​ដែល​មាន​រហូត​ដល់​៤៨​មី​ល្លី​ម៉ែត្រ បាន​លាង​សម្អាត​កាក​សំណល់​រឹង​និង​រាវ នៅ​តំបន់​ទីប្រជុំជន​ក្រុង​ស្ទឹង​សែន ដែល​សំបូរ​ជាតិ​អាសូត និង​ផូស្វ័រ​ហូរ​ចូល​ក្នុង​ស្ទឹង​សែន ។

ដូច្នេះ​ពិតមែនតែ​មាន​ភ្លៀង ក៏​ប៉ុន្តែ​ទឹកភ្លៀង​ដែល​ហូរ​ចូល​ក្នុង​ស្ទឹង​សែន មាន​នាំ​មក​សារធាតុ​មួយ​ចំនួន​ធំ ក្នុង​នោះ​មាន​ជាតិ​អាសូត​និង​ផូស្វ័រ ដែល​ធ្វើ​ឱ្យ​មានការ​លូតលាស់​ជា​អតិបរមា​នូវ​ស្លែ​បៃតង​/​ខៀវ ៕