កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជន​មិន​ស្គាល់​មុខ​៧​នាក់ ​ជិះ​ម៉ូតូ​តាម​វាយ​រង​របួស​ធ្ងន់​ទាំងពីរ​នាក់​

កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជន​មិន​ស្គាល់​មុខ​៧​នាក់ ​ជិះ​ម៉ូតូ​តាម​វាយ​រង​របួស​ធ្ងន់​ទាំងពីរ​នាក់​



ភ្នំពេញ ៖ បុរស​ពីរ​នាក់​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​៧​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​នឹង​ដែក​បំពង់​ទីប ​គប់​នឹង​ដុំ​ថ្ម ​បណ្ដាល​ឲ្យ​ម្នាក់​បែក​ក្បាល ​និង​ម្នាក់ទៀត​ត្រូវ​ចំ​ដៃ​រង​របួស​ធ្ងន់​ទាំងអស់​គ្នា។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ក្រុម​បង្ក​​ បាន​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​មួយ​រំពេច​ ដែល​ករណី​នេះ ​គេ​សង្ស័យ​ផ្ដើម​ចេញពី​រឿង​គំនុំ​អ្វីមួយ ​តែ​ភាគី​រងគ្រោះ​ក៏​មិនបាន​បកស្រាយ​អ្វី​ឲ្យ​វែង​ឆ្ងាយ​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្សា​រកា​ណា​ស៊ីធី ភូមិ​ចោមចៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនរងគ្រោះ​ទាំងពីរ​នាក់​មិនបាន​ប្រាប់​ឈ្មោះ​នោះ​ទេ ​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​វី​ពណ៌​ស​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB8348​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ពួកគាត់​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្ទះ​ជួល ​ដែល​ខ្លួន​ស្នាក់នៅ ក្នុង​​ភូមិ​ព្រៃទា ​ទៅលេង​ផ្ទះ​ជួល​បងប្អូន​នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ីធី។ ខណៈ​កំពុង​ជិះ​ម៉ូតូ​មកដល់​ចំណុច​រង្វង់​មូល​ចោមចៅ ​ស្រាប់តែ​ឃើញ​ជន​បង្ក​មាន​គ្នា​៦​ទៅ​៧​នាក់​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ ​​​​ដេញ​ជនរងគ្រោះ​តាម​ក្រោយ​ ដោយ​បាន​ដេញ​រហូតមកដល់​ចំណុច​ផ្សា​រកា​រណា​ស៊ីធី។ នៅ​ពេល​ដេញ​តាម​ទាន់ ​ក្រុម​បង្ក​បាន​គប់​នឹង​ដុំ​ថ្ម​ ​ព្រម​ទាំង​វាយ​នឹង​បំពង់​ទីប ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​បែក​ក្បាល ​និង​ម្នាក់ទៀត​ត្រូវរបួស​ដៃ​រង​របួស​ធ្ងន់។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ដែល​កំពុង​គប់​ជនរងគ្រោះ​ទាំងពីរ​នាក់​​​នោះ​ ជន​បង្ក​ក៏​បាន​គប់​ចំ​ទូកញ្ចក់​អ្នកលក់​ទឹកក្រឡុក​បណ្ដាល​ឲ្យ​ខ្ទេច​កញ្ចក់​ទូរ​ផង​ដែរ​ តែ​មិន​មាន​រង​របួស​អ្នក​លក់ដូរ​ឡើយ។

ក្រោយពេល​កើតហេតុ​ជន​បង្ក​បាន​នាំគ្នា​ជិះ​ម៉ូតូ​រត់​បាត់​ ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​មិនបាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទេ​ ដោយ​បាន​នាំគ្នា​បន្ដ​ដំណើរ​ទៅផ្ទះ​បងប្អូន​របស់​ខ្លួន​ជា​បន្ដ​ទៀត៕
កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជន​មិន​ស្គាល់​មុខ​៧​នាក់ ​ជិះ​ម៉ូតូ​តាម​វាយ​រង​របួស​ធ្ងន់​ទាំងពីរ​នាក់​