ពលរដ្ឋ​៧៣​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់​ប្រកាស​ស៊ូស្លាប់​មិន​រើ​ចេញ​ពី​លំនៅ

ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ ដែល​មាន​ដីចម្ការ និង​ផ្ទះសម្បែង​នៅ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កំពុង​ជ្រួលច្របល់​ខ្លាច​អាជ្ញាធរ​ដក​ហូត​ដី ឬ​កម្ទេច​ផ្ទះ និង​ខ្ទម​ពួកគេ​ដោយ​គ្មាន​ការ​ដោះស្រាយ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ដើម​ខែ​មិថុនា ឲ្យ​ពលរដ្ឋ​​រុះរើ​ផ្ទះ និង​ខ្ទម​ចេញ​ពី​ដី​ដែល​បាន​កំណត់​ជា​ដីសម្បទាន​សង្គមកិច្ច។

ក្រុម​ពលរដ្ឋ​ដែល​អះអាង​ថា បាន​ចូល​ទៅ​រស់​នៅ និង​កាន់កាប់​ដី​នៅ​ចំណុច​ឃុំ​សន្ទ្រែ តាំង​ពី​អំឡុង​ឆ្នាំ​២០០៧ ប្រកាន់​ជំហរ​ស៊ូស្លាប់​នៅ​លើ​ដី និង​ផ្ទះ​របស់​ខ្លួន បើ​មាន​ការ​វាយ​ធ្វើ​បាប​ណា​មួយ​ពី​អាជ្ញាធរ។

តំណាង​ពលរដ្ឋ​ម្នាក់​លោកស្រី សេក រីម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ពលរដ្ឋ​ភាគ​ច្រើន​មាន​ភាព​ល្ងឹតល្ងង់​ទើប​យល់​ព្រម​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា​ចាក​ចេញ​ពី​លើ​ដី ឬ​ផ្ទះ​របស់​ខ្លួន​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​ផ្ដិត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៦។ លោកស្រី​ថា ពេល​នេះ​ទើប​ពលរដ្ឋ​ភ្ញាក់​ខ្លួន ដោយ​ភ័យខ្លាច​គេ​រឹបអូស​យក​ដី និង​ផ្ទះ ហើយ​ស្រែក​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ៖ «គេ​ចុះ​មក​មាន​អាជ្ញាធរ​ស្ពាយ​កាំភ្លើង​ស្ពាយ​អី​គាត់​ភិតភ័យ​ណាស់! ឥឡូវ​ហ្នឹង​ជា​គិត​យ៉ាង​ម៉េច​ទេ ប្រជាជន​មាន​តែ​ចង់​ឲ្យ​ខាង​អាស៊ីសេរី ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាល​ឮ​ថា ឲ្យ​តែ​មាន​តែ​ពាក្យ​ថា សូម​សម្ដេច​ជួយ​កូន​ចៅ​គាត់ ដែល​ពលរដ្ឋ​សុទ្ធតែ​ជា​កូន​ចៅ​របស់​សម្ដេច គាំទ្រ​សម្ដេច​រហូត​នេះ សូម​ឲ្យ​សម្ដេច​លោក​ជួយ»

ឆ្លើយតប​បញ្ហា​នេះ អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង នៅ​តែ​ស្នើ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​លើ​ដី និង​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់​នៅ ដោយ​លោក​អះអាង​ថា ពលរដ្ឋ​បាន​ចូល​រំលោភ​កាន់កាប់​លើ​ដី​នោះ​ក្រោយ​ឆ្នាំ​២០១២ ដោយ​អ្នក​ខ្លះ​មាន​ដី​នៅ​កន្លែង​ផ្សេង​រួច​ទៅ​ហើយ។ លោក​ថា បច្ចុប្បន្ន​អាជ្ញាធរ បាន​ចុះ​អប់រំ និង​ស្រង់​ស្ថិតិ​ពលរដ្ឋ​បាន​ជាង ៥០​គ្រួសារ ដើម្បី​ថា នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​បន្ត៖ «អ្នក​ខ្លះ​មាន​ដី​លក់​ដី​អស់​ហើយ លក់​ដី​អា​កន្លែង​ខ្លួន​ឯង​អស់​ហើយ ចូល​មក​ទន្ទ្រាន​កាន់កាប់​ដី​សម្បទាន​សង្គម​កិច្ច​ទៀត។ អា​កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន​ប្អូន​ដែល​ថា សូម​ឲ្យ​គាត់​ចាក​ចេញ ហើយ​មាន​ដី​នៅ​កន្លែង​ណា​ឲ្យ​គាត់​ទៅ​រស់​នៅ​កន្លែង​ហ្នឹង​វិញ។ ដោយ​ឡែក​ចំពោះ​អ្នក​ដែល​គ្មាន​ដី​ពិត​ប្រាកដ រដ្ឋាភិបាល ឬ​អាជ្ញាធរ​ចេះ​គិត​ដោះស្រាយ​ហើយ ព្រោះ​ប្រជាពលរដ្ឋ​គឺ​ជា​កូន​ចៅ»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន យល់​ថា អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ទប់ស្កាត់​ពេល​ពលរដ្ឋ​ចូល​ទន្ទ្រាន​កាន់​កាប់​ភ្លាមៗ ប៉ុន្តែ​បើ​ពលរដ្ឋ​ចូល​ទៅ​រស់​នៅ ឬ​កាន់​កាប់​ដី​ស្ទើរ​ក្លាយ​ជា​ភូមិក និង​មាន​ដំណាំ​លើ​ដី​នោះ ស្រាប់​តែ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​ចាកចេញ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ លោក​គាំទ្រ​លើ​គំនិត​ពលរដ្ឋ​ដែល​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍៖ «វា​ហាក់​ដូច​ជា​ស្រប​ហើយ (ការ​ស្នើ​សុំ​អន្តរាគមន៍) ព្រោះ​គាត់​ចំណាយ​ពេល​វេលា ចំណាយ​ធនធាន​ច្រើន​ណាស់ ហើយ​ឥឡូវ​បាន​ឲ្យ​ពួកគាត់​រុះរើ​ចេញ ហើយ​អត់​មាន​ដោះស្រាយ យើង​គិត​ពី​មនុស្ស​ធម៌​មិន​ដឹង​ថា ពួកគាត់​ទៅ​ណា​មក​ណា​វិញ​ទេ វា​ត្រូវ​តែ​មាន​គោលការណ៍​ដោះស្រាយ​សមរម្យ​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង ​សងខាង​ហើយ»

លោក អេង ឈុនហាន បញ្ជាក់​ថា ក្រុម​ការងារ​លោក​នឹង​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​មុន​ខែ​កក្កដា ឆ្នាំ​២០១៦ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដាក់​បញ្ចូល​ជាមួយ​របៀបវារៈ​ផ្សេង​ទៀត​ដែល​មន្ត្រី​អង្គការ​លីកាដូ និង​មន្ត្រី​អង្គការ​សហប្រជាជាតិ (U.N) គ្រោង​ជួប​ពិភាក្សា​ជាមួយ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នៅ​ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​កក្កដា ឆ្នាំ​២០១៦ ខាង​មុខ។

ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ផ្ទះ​ក្បឿង​មួយ​ខ្នង និង​ខ្ទម​ប្រមាណ ២០​ខ្នង​ផ្សេង​ទៀត បាន​សង់​នៅ​លើ​ដី​មាន​ជម្លោះ​តាំង​ពី​ឆ្នាំ​២០០៧ ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​រដ្ឋាភិបាល ទើប​ចេញ​អនុក្រឹត្យ​កំណត់​ដី​ទំហំ ៥៦៩​ហិកតារ នៅ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ជា​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។