មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​៤​រូប​នឹង​នាំ​គ្នា​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​រូប នឹង​ជួប​ប្រធាន​របស់​ខ្លួន​នៅ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ខាង​មុខ ដើម្បី​ជជែក​ពី​ស្ថានការណ៍​នយោបាយ។ ចំណែក​អ្នក​វិភាគ​នយោបាយ​រំពឹង​ថា ក្រោយ​ជំនួប​នេះ គណបក្ស​មាន​ជម្លោះ​ទាំង​ពីរ​អាច​នឹង​ជួប​ចរចា​ដោយ​គេ​ទស្សន៍ទាយ​ថា ពេល​នេះ​ក្រុម​ការងារ​គណបក្ស​ទាំង​កំពុង​ចរចា​គ្នា រង់ចាំ​តែ​សម្រេច​ពី​ថ្នាក់ដឹកនាំ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម នឹង​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ទៅ​ជួប​លោក សម រង្ស៊ី រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​ហ្វីលីពីន ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​​៣០ ខែ​មិថុនា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក​ផ្ទាល់ និង​មន្ត្រី​ជាន់​ខ្ពស់​បី​រូប​ទៀត​នៃ​គណបក្ស​នេះ រួម​មាន​លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​ទាក់ទង​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​វិបត្តិ​នយោបាយ​កំពុង​កើត​ឡើង។

លោក អ៊ូ ច័ន្ទឫទ្ធិ ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​ដំណោះស្រាយ​ណា​មួយ​ដើម្បី​បញ្ហា​ដែល​កើត​ឡើង​នៅ​ពេល​នេះ៖ «ខ្ញុំ​យល់​ថា យើង​អាច​ជជែក​គ្នា​ទទួល​បាន​ផ្លែផ្កា​ច្រើន​ដើម្បី​យក​មក​ជជែក​បន្ត​នៅ​ផ្ទៃក្នុង​បក្ស​ពេល​យើង​ត្រឡប់​មក​វិញ ព្រោះ​ធម្មតា​យើង​កំពុង​មាន​វិបត្តិ​នយោបាយ ដូច្នេះ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណោះស្រាយ​នយោបាយ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា នេះ​ជា​រឿង​ធម្មតា​ដែល​ថ្នាក់​ក្រោម​បក្ស​ទៅ​ជួប​ប្រធាន​របស់​ខ្លួន។ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ ប្រកាន់​ជំហរ​ដដែល​ថា ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ជជែក​បញ្ហា​អ្វី​មួយ​ត្រូវ​ចូល​ទៅ​ធ្វើ​នៅ​រដ្ឋសភា។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចាន់ថា យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ជម្លោះ​ជាមួយ​គណបក្ស​ប្រជាជន​កាន់​តែ​លឿន​កាន់​តែ​ល្អ។ លោក​យល់​ថា គណបក្ស​ទាំង​ពីរ​កំពុងតែ​បោះ​ដៃ​រក​គ្នា​ហើយ រង់ចាំ​តែ​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ៖ «គណបក្ស​នេះ​គួរ​រៀបចំ​នូវ​អ្វី​ដែល​ជា​ការ​ដោះស្រាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លទ្ធភាព​ចុះ​មូលដ្ឋាន​ដោយ​សេរី»

ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​សប្ដាហ៍​មុន ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​ចំពោះ​ការ​វិល​ចូល​សភា​វិញ ប្រសិនបើ​អាច​ដោះស្រាយ​បញ្ហា​បាន។ ដូច​គ្នា​នេះ អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា ថា រហូត​ដល់​ពេល​នេះ គណបក្ស​កាន់​អំណាច​នៅ​តែ​ត្រូវការ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដើម្បី​ឲ្យ​អន្តរជាតិ​ឃើញ​ថា ស្ថាប័ន​កំពូល​មួយ​នេះ​មាន​ដំណើរ​ការ​ល្អ ព្រោះ​តំណាងរាស្ត្រ​ដែល​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ​គណបក្ស​ចូល​ធ្វើ​ការ​ក្នុង​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។