លោក អូ​បា​ម៉ា់​៖ សម្ព័ន្ធភាព​រវាង​អាមេរិក​និង​អង់គ្លេស​នឹង​នៅ​ស្ថិត​ស្ថិរ​ទោះ​ចេញពី​សហភាព​អឺរ៉ុប​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-25-2016, 9:39 pm         53

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា់​៖ សម្ព័ន្ធភាព​រវាង​អាមេរិក​និង​អង់គ្លេស​នឹង​នៅ​ស្ថិត​ស្ថិរ​ទោះ​ចេញពី​សហភាព​អឺរ៉ុប​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងថា សហរដ្ឋអាមេរិក​គោរព​ការសម្រេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​ក្នុងការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ថ្វីបើ​លោក​មិន​គាំទ្រ​ការចាកចេញ​ក៏ដោយ​។  តែ​លោក​សង្កត់ធ្ងន់ថា​សម្ព័ន្ធ​ភាព​ពិសេស​រវាង​អាមេរិក​ជាមួយ​ចក្រភព​អង់គ្លេស​ក្តី ជាមួយ​សហភាព​អឺរ៉ុប​ក្តី​នឹង​នៅ​ស្ថិត​ស្ថិរ​ជា​អមត​មិនអាច​កែប្រែបាន​។​

​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ប្រជាជន​អង់គ្លេស​ក្លាយជា​កង្វល់​ដ៏​ធំ​សម្រាប់​អឺរ៉ុប​ក៏ដូចជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អឺរ៉ុប​គឺ​សហរដ្ឋអាមេរិក​។ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​កើ អូ​បា​ម៉ា ជឿជាក់ថា កាលណា​បើ​អឺរ៉ុប​នៅ​រួបរួមគ្នា វា​នឹងធ្វើ ឲ្យ​អឺរ៉ុប​កាន់តែខ្លាំង​។ ប៉ុន្តែ​ទោះ​មិន​ពេញចិត្ត​ក៏ដោយ លោក​មិនមាន​លទ្ធភាព​ឃាត់ឃាំង​មិន​ឲ្យ​ប្រជាជន​អង់គ្លេស​សម្រេច​ជោគវាសនា​របស់ខ្លួន​ឡើយ​។​

​ថ្ងៃ​សុក្រ​ទី ២៤ មិថុនា​ម្សិលមិញ លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​បញ្ហា​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​។ យោងតាម​សេចក្តីថ្លែងការណ៍​ដែលមាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​សេត​វិមាន​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ពី​ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការគោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​អង់គ្លេស ហើយ​លោក​ក៏បាន​លើកឡើង​ពី​អនាគត​នៃ​ចំណងមិត្តភាព​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​និង​ចក្រភព​អង់គ្លេស​ដែរ​។​

​លោក​អូ​បា​ម៉ា​ថ្លែងថា​៖« ប្រជាជន​ចក្រភព​អង់គ្លេស​បាន​បញ្ចេញយោបល់​រួចរាល់​ហើយ ហើយ​យើង​ក៏​គោរព​ការសម្រេចចិត្ត​នេះដែរ​»​។ ចំណងមិត្តភាព​និង​សម្ព័ន្ធភាព​ដ៏​ពិសេស​រវាង​អាមេរិក​និង​សហភាព​អឺរ៉ុប​នឹង​នៅ​ស្ថិត​ស្ថិរ​ជា​រៀង​ដរាប​ទៅ ហើយ​សមាជិកភាព​អង់គ្លេស​នៅក្នុង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នឹង​នៅតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​នយោបាយ​ការបរទេស សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក​ដដែល​។ ហើយ​វា​ក៏​ដូចគ្នា​ជាមួយ​សម្ព័ន្ធភាព​របស់​អាមេរិក​ជាមួយ​សហ​ភា​អឺរ៉ុប​ដែរ  ដែល​សម្ព័ន្ធភាព​នេះ​បាន​នាំមក​នៅ​ស្ថិរភាព ការលូតលាស់​នៃ​សេដ្ឋកិច្ច និង​ការរីកដុះដាល​នៃ​តម្លៃ​លទ្ធិប្រជាធិបតេយ្យនៅ​ទូទាំង​ពិភពលោក​តែម្តង​»​។​

​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បន្តថា​សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស​នៅតែ​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​សហរដ្ឋអាមេរិក ហើយ​លោក​យល់ថា​ការចាប់ផ្តើម​ចរចា​រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប​លើ​បញ្ហា​សម្ព័ន្ធភាព​និង​ទំនាក់ទំនង​ជារួម​នោះ​នឹង​នាំមក​នូវ​ស្ថិរភាព សន្តិភាព វិបុលភាព​និង​សន្តិសុខសម្រាប់​អឺរ៉ុប ចក្រភព​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​ពិភពលោក ទាំងមូល​ផង​។​

​កាល​ចុងខែ​មេសា ពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាជន​អង់គ្លេស​ពិចារណា​ឲ្យ​បាន​ដិតដល់​ចំពោះ​ការបោះឆ្នោត​ប្រជាមតិ​នេះ ហើយ​លោក​បាន​ពន្យល់​ប្រាប់​ប្រជាជន​អឺរ៉ុប​ឲ្យ​ដឹង​ពី​សារសំខាន់​នៃ​ការបន្ត​ស្ថិតនៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​។ ប៉ុ​ន្ត ទោះជា​ប្រឹង​ពន្យល់​និង​អង្វរ​ក្តី ប្រជាជន​អង់គ្លេស​សម្រេច​ឥត​ងាករេ​ថា អង់គ្លេស​ត្រូវ​ចាកចេញ ដែល​ចាកចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រលប់​ក្រោយ​ទេ​។​

​ទោះជា​យ៉ាងណាក៏ដោយ ប្រជាមតិ​គ្មាន​អនុភាព​ចាប់បង្ខំ​ឡើយ​។ យោងតាម​មា​ត្រាំ ៥០​នៃ​សន្ធិសញ្ញា Lisbon អង់គ្លេស ត្រូវការ​ពេល​យូរ​រហូតដល់​២​ឆ្នាំ ទម្រាំ​ការចរចា​គ្នា​លើ​ការចាកចេញ​នេះ​ត្រូវ​បញ្ចប់​ជា​ស្ថាពរ ហើយ​វា​ក៏​ត្រូវការ​មូលដ្ឋាន​ច្បាប់​រឹងមាំ​ដើម្បី​គាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ដែរ​៕