រន្ធត់ ! រថយន្ត​បុក​ស្លាប់​ប្រពន្ធ ប្តី​និង​កូន​របួសធ្ងន់-ស្រាល

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រ​ន្ធុ​ត​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ស្ថិត​នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រវាង​ម៉ូតូ និង​រថយន្ត បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ជា​ប្រពន្ធ ចំណែក​បុរស​ជា​ប្តី និង​កូនប្រុស​តូច​បាន​រង​របួសធ្ងន់-ស្រាល ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរណ៍​ខេត្ត បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ រុំ សា​រ៉ា អាយុ​៤០​ឆ្នាំ (​រង​របួស​ស្រាល) ប្រពន្ធ​ឈ្មោះ​ពៅ ណា​រ៉េ​ត អាយុ​៣០​ឆ្នាំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង​កូនប្រុស​ឈ្មោះ រ៉ា សា​រ៉ាត់ អាយុ​៦​ឆ្នាំ (​រង​របួស​ធ្ងន់) ទាំង​៣​នាក់​រស់នៅ​ភូមិ​អណ្តូង​ជា ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឃួ​ន ឃី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ពន្លៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​៣​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-1646 ចេញពី​ស្រុ​កោះសូទិន​ដើម្បី​ត្រឡប់​មក​ផ្ទះ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ខណៈ​ពេល​ជិះ​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង​ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5772 ដែល​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​បុក​ម៉ូតូ​តែ​ម្តង​ជា​ហេតុ​បណ្តាល​ឱ្យ​ស្ត្រី​ជា ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ចំណែក​ប្តី​និង​កូនប្រុស​ផ្លោង​ចេញពី​ម៉ូតូ​រង​របួសធ្ងន់-ស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ពលរដ្ឋ និង កម្លាំង​សមត្ថកិច្ច​ដែល​បាន​យាម​ប្រចាំការ​ត្រង់​ផ្លូវបំបែក​ជា​បួន​បាន​ចេញ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ រួម​ទាំង​វត្ថុ​តាង​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ដែរ ។ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕