សុខ​ៗ​បាត់​កូនប្រុស​អាយុ​ជិត​២​ខួប

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​ចោទ​ថា ប្តី​ហេងស៊យ​របស់​ខ្លួន​បាន​លួច​កូនប្រុស​អាយុ​១​ខួប​៩​ខែ ។

ស្ត្រី​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៦​នេះ ឈ្មោះ សេង ទឹកថ្លា អាយុ​២០​ឆ្នាំ ជា​ចុងភៅ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ  រីឯ​ប្តី​ដែល​ស្ត្រី​ខាងលើ​អះអាង​ថា លួច​យក​កូន​ទៅ​បាត់​នោះ​ឈ្មោះ កង មក​រា អាយុ​២៣​ឆាំ្ន ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ សេង ទឹកថ្លា បាន​ឲ្យ​ដឹង​ថា នាង​និង​ប្តី​បាន​រស់នៅ​ជាមួយ​គ្នា​ជាង​២​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ហើយ​ថា​ពេល​បាន​គ្នា​គឺ​ខ្លួន​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយក្មេក​នៅ​ឯ​ខេត្តតាកែវ ប៉ុន្តែ​ដោយសារ​ម្តាយក្មេក​និង​ក្រុម​គ្រួសារ​ខាង​ប្រុស​មិន​ពេញចិត្ត ក៍បាន​មក​រស់នៅ​ភ្នំពេញ​ក្នុងភូមិ​សាស្ត្រ​ខាងលើ រហូត​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ ដែល​ត្រូវ​ប្តី​លួច​យក​ទៅ​នោះ ។

យ៉ាងណា​ក៏ដោយ មក​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេពី​ភាគី​ប្តី​ឈ្មោះ កង មក​រា៕