LDP ធ្វើ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​ និពន្ធដោយ : ថ្មីៗ       June-26-2016, 11:07 am         556

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132LDP ធ្វើ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​​ភ្នំពេញ​៖ អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) កំពុង​រៀបចំ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ នៃ​ការកកើត​គណបក្ស​រប​ស់​ខ្លួន នៅ​ថ្ងៃទី​២៦ ខែមិថុនា​នេះ​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវបាន​បង្កើតឡើង និង​ទទួលស្គាល់​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ កាលពី​១០ឆ្នាំ​មុន​។ គណបក្ស​ដែលមាន​រូប​សញ្ញា​ជួង​មួយ​នេះ បាន​ផុស​ចេញពី​គំនិត​ផ្តួចផ្តើម របស់ លោក ខឹម វាសនា ដែលជា​អតីត​តំណាងរាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី​។​

​បើតាម​សៀវភៅ​ស្តីពី​គោលនយោបាយ​របស់​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេ​យ្យ គោលដៅ​តែមួយគត់ របស់ខ្លួន​គឺ «​មាតុភូមិ​មួយ ដែល​ពលរដ្ឋ​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​ភាពជា​ម្ចាស់​»​។ គន្លឹះ​ដ៏​សំខាន់ ដើម្បី​សម្រេច​គោលដៅ​ចុង​ក្រោយនេះ គឺ​ត្រូវ​កាត់បន្ថយ​អំណាច​រដ្ឋ ។ ការធ្វើ​យន្តការ​៨​ចំណុច ឲ្យ​ទៅជា​ច្បាប់ គឺជា​លក្ខខណ្ឌ​ចាំបាច់​បំផុត ដើម្បី​ឈានដល់​ដំណាក់​នៃ​ការ​កាន់​បន្ថយអំណាចរ​ដ្ឋ ។

​ដោយ​ផ្អែក​លើ​សៀវភៅ​ស្តីពី​គោលនយោបាយ​ដដែល យន្តការ​ទាំង ៨ ចំណុច​នោះ គឺ ១. កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​២​អាណត្តិ​, ២. មិន​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​បង្កើត​ក្រុម​អង្គរក្ស​ដោយ​ខ្លួនឯង​, ៣. តម្រូវ​ឲ្យ​នាយករដ្ឋមន្ត្រី​រស់នៅក្នុង​និ​វេសន​ដ្ឋា​ន​របស់​រដ្ឋ​, ៤. ប​ង្កើត​តុលាការ​រដ្ឋបាល​, ៥. ឋានន្តរ​ស​ក្កិ​ចាប់ពី​ឧ​ត្ត​ម​សេនីយ៍ ត្រូវអនុម័ត​ដោយ​រដ្ឋសភា​, ៦ អព្យាក្រឹត​មន្ត្រីរាជការ​, ៧. ពលរដ្ឋ ត្រូវ​បោះឆ្នោត​ជ្រើសរើស​និង​បោះឆ្នោត​ដក​តំណាង​នៅ​គ្រប់លំដាប់​ថ្នាក់ ដោយ​ខ្លួនឯង​ផ្ទាល់​, ៨. បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​តាម​ប្រព័ន្ធ​ចម្រុះ​។​

​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​សកម្មភាព​នយោបាយ គឺជា​កត្តា​មិនអាច​ខ្វះ​បាន ដើម្បី​ផ្លាស់ប្តូរ​យន្តការ​៨​ចំណុច ឲ្យ​ទៅជា​ច្បាប់​។ ការផ្តល់​ចំណេះដឹង​ពី​ប្រជាធិបតេយ្យ ព្រះធម៌ និង​សីលធម៌​សង្គម គឺជា​គោលការណ៍​អាទិភាព ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ជីវិត​នយោបាយ​។ គណបក្ស បាន​ប្រកាន់យក​ការពន្យល់​ប្រជាពលរដ្ឋ ជា​ចំណុច​ចាប់ផ្តើម​និង​ជា​បេសកកម្ម​នយោបាយ​ដ៏​សំខាន់បំផុត ដើម្បី​សម្រេចបាន​អ្វីៗ​គ្រប់យ៉ាង ដូច​បាន​ពោល​ពី​ខាងលើ​មកនេះ​។ នេះ​ជាការ​ពន្យល់​លម្អិត​ដែល​ចែង​ក្នុង​សៀវភៅ​ស្តីពី​គោលនយោបាយ​របស់​គណ​បក្ស​ចាស់វស្សា​មួយ​នេះ​។

​យ៉ាងណា​ក៏ដោយចុះ ការចំណាយ​ពេល​ជាង​១០​ឆ្នាំ ក្នុង​ជីវិត​នយោបាយ​របស់​គ​ណ​បក្ស​ចាស់ទុំ​មួយ​នេះ មិនទាន់​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នៅឡើយ​ទេ​។ បើទោះបីជា​គ្មាន​វត្តមាន ក្នុង​រដ្ឋសភា​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​រួមទាំង​អ្នកគាំទ្រ​គ្រប់រូប មិនកើត​ទុក្ខ​បុក​ម្នេញ​អ្វី​សោះឡើយ ព្រោះ​គោលបំណង​ធំ​បំផុត​នៃ​គណបក្ស​នេះ មិន​ប្រាថ្នា​បែបនេះ​នោះទេ​។ បុគ្គល​ដែល​តាំងខ្លួន​ថា​ជា​អ្នក​យល់​មនោ​គម​វិទ្យា​នយោបាយ​របស់ LDP សុទ្ធតែ​ប្រកាន់យក​ឥរិយាបថ «​មិន​ឈ្លក់​វង្វេង​នឹង​សន្លឹកឆ្នោត​ឬ​កៅអី​ក្នុង​រដ្ឋសភា​»​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​រំជើបរំជួល​នោះ គឺ​ប្រជាពលរដ្ឋ យល់​ពី​គំនិត​និង​វត្ថុបំណង​របស់ LDP៕