គួរ​ទិញ​ខុន​ដូ​ជាន់​ណា​ទើប​ល្អ សម្រាប់​ការ​រស់នៅ​មាន​សុភមង្គល

ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​ចំណុច​ខ្លះ​ៗ​សម្រាប់​អ្នក​ដែល​ស្វែងរក​ទិញ​ខុន​ដូ​នៅ​តាម​ទីប្រជុំជន​នានា ដែល​មានការ​បែងចែក​ជា​បន្ទប់ ដូច​ជា​លំនៅ​ឋាន​១​ជាន់ ។ បច្ចុប្បន្ន មនុស្ស​ជំនាន់​ថ្មី​កំពុង​ស្វែងរក​កន្លែង​រស់នៅ​មួយ​ដើម្បី​បង្កើត​គ្រួសារ ។ ដូច្នេះ ខុន​ដូ ចាត់ទុកជា​ផ្លូវ​ចេញ​សម្រាប់​អ្នក​ដែល​ត្រូវការ​កន្លែង​ស្នាក់​នៅ ប៉ុន្តែ​តើ​គួរ​ជ្រើសរើស​ខុន​ដូ​ជាន់​ណា​ល្អ យើង​មក​ស្វែង​យល់​ដូច​ខាងក្រោម​នេះ ៖

១-​ទីតាំង ៖ ទីតាំង ជា​រឿង​មួយ​សំខាន់​ដែល​មនុស្ស​ភាគច្រើន​តែង​មើល​រំលង ។ ទីតាំង​ល្អ គឺ​ស្ថិត​នៅ​ក្បែរផ្លូវ និង​ចៀសវាង​ទិញ​ខុន​ដូ​ណា​ដែល​ស្ថិត​នៅ​ក្រោម​កន្លែង​ហាត់​ប្រាណ បន្ទប់​ចម្អិន​អាហារ និង​អាង​ហែល​ទឹក ដែល​ជា​ញឹកញាប់​អ្នកទិញ​ភាគច្រើន​មិន​ធ្លាប់​សួរ​ទេ​ថា តើ​ជាន់​នៅ​ខាងលើ​នៃ​ខុន​ដូ​នោះ​ជា​កន្លែង​អ្វី ព្រោះតែ​ពួក​គេ​យល់​ថា ខុន​ដូ​ដែល​ខ្លួន​ទិញ​មាន​តម្លៃ​ថោក​ជាង​ទីតាំង​ផ្សេង​ទៀត ។

២-​ទិស​ខ្យល់ ៖ គួរ​ជ្រើសរើស​ទិញ​ជាន់​ណា​ដែល​មាន​ខ្យល់អាកាស​ចេញចូល​ល្អ ហើយ​គ្មាន​អគារ​ខ្ពស់​ណា​បាំង​ទិស​ខ្យល់​ខ្លាំង​ពេក ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​ម៉ាស៊ីនត្រជាក់ ។ ក្រៅពី​នេះ ជាន់​នីមួយ​ៗ​នឹង​មាន​បន្ទប់​សម្រាប់​ដាក់​សំរាម ដូច្នេះ យើង​ត្រូវ​មើល​ទិស​ខ្យល់​ផង​ដែរ ចៀសវាង​មាន​ក្លិនស្អុយ​នៃ​សំរាម​ចូល​ដល់​ក្នុង​បន្ទប់ ។

៣-​ការ​ជ្រើសរើស​ជាន់​តាម​ហុងស៊ុយ ៖ ចំណុច​នេះ​ជា​ជំនឿ​របស់​បុគ្គល​ម្នាក់​ៗ និង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​របស់​ខុន​ដូ​ផង​ដែរ ។ ជា​ធម្មតា ជាន់​របស់​ខុន​ដូ​ដែល​ពេញ​និយម​តាម​ហុងស៊ុយ គឺជា​ន់ទី​៥, ៨, ៩, ១២ និង​ជាន់​ទី​១៨ រីឯ​ជាន់​ដែល​គ្មាន​ការ​និយម​ទិញ​នោះ គឺជា​ន់ទី​៣, ៦, ១៣ និង​២២ ជាដើម ក្រៅពី​នេះ ក៏​មាន​តិច​និក​ជា​ច្រើន​ទៀត​ក្នុង​ការ​មើល​ហុងស៊ុយ​ខុស​ៗ​គ្នា​ដែរ ។

ការ​ទិញ​ខុន​ដូ​នៅ​ជាន់ខ្ពស់​ខ្លាំង​ពេក ក្នុង​ករណី​មាន​ភ្លើង​ឆេះ​កើតឡើង គឺ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ ។ ម្យ៉ាងទៀត ការ​ស្នាក់​នៅ​ជាន់ខ្ពស់​ៗ​បែប​នេះ ល្បឿន​ខ្យល់​បក់​ក៏​ខ្លាំង ដែល​ធ្វើ​ឱ្យ​អ្នក​រស់នៅ​អាច​ឈឺ​ដោយ​ងាយ ។

ពាក់ព័ន្ធ​នឹង​ហុងស៊ុយ​នេះ​ដែរ បើ​តាម​លោក ទូ​ស សា​ភឿន អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទាក់ទង​នឹង​រឿង​ហុងស៊ុយ​នេះ ទី​១-​គិត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទី​២-​គិត​ទៅ​លើ​ទិស​កន្លែង​ដែល​មាន​ធម្មជាតិ និង​ទិស​ខ្យល់ ព្រោះ​ជា​កន្លែង​មាន​ហុងស៊ុយ​មួយ​ដែរ ដោយសារ​តែ​ហុងស៊ុយ​កើត​ចេញពី​ធម្មជាតិ ហើយ​ផ្ទះ​ដែល​សង់​មាន​ម្លប់​ត្រជាក់​ជាងគេ គឺ​បែរមុខ​ទៅ​ទិស​ខាងត្បូង ។

លោក​ថា ៖ « យើង​សង់​ឬ​គូរ​ប្លង់ ត្រូវ​ពឹងផ្អែក​ទៅ​លើ​ស្ថាបត្យករ និង​អ្នកបច្ចេកទេស​ដែល​គេ​យល់​ពី​ប្រព័ន្ធ​ថ្ងៃ ទិស​ខ្យល់ ម៉ោង​ណា​ខ្យល់​បក់​ចេញពី​ណា​ទៅ​ណា គេ​ដឹង ព្រោះ​គេ​បាន​សិក្សា​ពី​ធម្មជាតិ​ជុំវិញ​បាន​ច្បាស់ ។ កាលណា​គេ​សិក្សា​ពី​ធម្មជាតិ​បាន​ច្បាស់ មាន​ខ្យល់​ចូល និង​ពន្លឺ​ចូល​គ្រប់គ្រាន់​ហើយ វា​បង្កើត​បានជា​ភាព​ត្រជាក់ត្រជុំ អ្នក​រស់នៅ​មាន​សេរី​មង្គល នោះ​ហើយ​គេ​ហៅ​ថា មាន​ហុងស៊ុយ » ៕