រណ្តៅ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​ជិត​ដល់​ក្បាល​ប្រេត

រណ្តៅ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​ជិត​ដល់​ក្បាល​ប្រេត



សៀមរាប ​៖ ​ក្រុម​ឈ្មួញ​ជីក​យក​អាចម៍ដី​លក់​ប្រមាណ​ជាង​១០​នាក់​ បាន​នាំ​គ្នា​សម្រុក​ដឹក​ដោយ​សេរី​នៅ​តំបន់​ហាមឃាត់​នៃ​ព្រៃ​លិច​ទឹក​ត្រង់​ចំណុច​ខាងជើង​ភ្នំ​ក្រោម​ អស់​រយៈពេល​ជាច្រើន​ខែ​ថ្ងៃ​ហើយ។ ​ករណី​នេះ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទីនោះ​ឃុបឃិត​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ទាំងនេះ។

ការ​ឈូស​ឆាយ ​និង​ជីក​ដី​ព្រៃ​លិច​ទឹក​នេះ​ដែរ ​គឺ​ស្ថិតនៅ​ភូមិសាស្ត្រ សង្កាត់​សំបួរ សង្កាត់សៀមរាប សង្កាត់​ស្វាយដង្គំ និង​សង្កាត់​ចុង​ឃ្នៀ​ស នៃ​ក្រុង​សៀមរាប។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​លក់​នេះ​កើតមាន​ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ​នៅ ភូមិសាស្ត្រ សង្កាត់​សំបួរ​,​សៀមរាប​,​ស្វាយដង្គំ​និង​សង្កាត់​ចុង​ឃ្នៀ​ស នៃ​ក្រុង​សៀមរាប ដោយ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ឃុបឃិត​បើកភ្លើង​ខៀវ​ជា​ថ្នូរ​នឹងប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​បិទមាត់​មិន​បង្ក្រាប។ ប្រភព​បន្ត​ថា ជារឿយៗ​ពលរដ្ឋ​តែងតែ​តវ៉ា​បិទផ្លូវ​ ខ​ណៈ​ក្រុមហ៊ុន​ទាំងនោះ​បាន​ដឹក​ដី​ហុយ​ និង​ខូច​ផ្លូវ​សាធារណៈ។

ប្រភព​បន្ត​ថា មិន​ដឹង​ដល់ពេល​ណា​ទើប​អាជ្ញាធរ​ភ្ញាក់ខ្លួន​ និង​មាន​វិធានការ​នោះ​ទេ ​ហើយ​បើ​ទុក​អញ្ចឹង​មុខជា​រលាយ​ព្រៃ​លិច​ទឹក​អស់ហើយ មិន​ត្រឹម​តែប៉ុណ្ណោះ​ផល​ត្រី​នឹង​អាច​ថយ​ចុះ​ជា​បន្តបន្ទាប់​ជាមិនខាន។

ជុំ​វិញ​ការ​លើកឡើង​ខាងលើ​នេះ​ដែរ​លោក​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បានទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែមិថុនា ​ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា។

ចំណែក​លោក ស្រី កែវ​សុភ​ក្តិ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀ​ស​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​លោក​បាន​ដឹង​ហើយ​តែ​លោក​បាន​ឲ្យ​កូនចៅ​របស់​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​របាយការណ៍​មក​ឲ្យ​ហើយ។

លោក​ឲ្យ​ដឹង​ទៀត​ថា មួយ​រយៈ​នេះ​មានការ​រវល់​ច្រើន​ទើប​មិនសូវ​បាន​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ។

ជា​មួយ​គ្នា​នេះ​ផង​ដែរ​លោក​ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​​​បានទេ នៅ​ព្រឹក​ថ្ងៃទី​២៤​នេះ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​តួនាទី​និង​ការទទួលខុសត្រូវ​ចំពោះ​ការងារ​ថ្នាក់លើ​ចាត់តាំង​មក​ហាក់​ដូច​ជា​មាន​ការ​ឆក​ល្វែង​យ៉ាង​ខ្លាំង បន្ទាប់ពី​គេ​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​មួយ​នេះ​មាន​ភាព​កម្សោយ​ចាប់​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ គឺ​មិនសូវ​អើពើ រឿង​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នោះ​ទេ​ ដោយ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​នេសាទ​ខុសច្បាប់​ និង​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ជាដើម៕