ឪពុកចុង រំលោភកូនដើម តាំងពីខេត្តកំពង់ចាម រហូតដល់កោះកុង ត្រូវជាប់ខ្នោះសមត្ថកិច្ច

កោះកុង៖ ឪពុកចុងចិត្តតិរិច្ឆាន ល្មោភតណ្ហា បានចាប់រំលោភកូនស្រីដើម តាំងពីរស់នៅខេត្ត កំពង់ ចាម រហូតដល់ខេត្តកោះកុង លុះម្តាយក្មេងស្រីទ្រាំលែងបាន ក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សកម្មភាពចុះឃាត់ខ្លួន និងរំដោះក្មេងស្រី ដែលឪពុកចុង ចាប់ឃាំងក្នុងបន្ទប់ប្រុងចាប់រំលោភទៀត នោះ ធ្វើឡើងក្រោមការដឹកនាំលោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមទាំងកងកម្លាំងក្រោមឱវាទ ក្រោយពីទទួលបានពាក្យបន្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីការ ចាប់ឃាំងបានដោយសុវត្តិភាព និងឃាត់ខ្លួនជនសង្ស័យជាឪពុកចុង បានភ្លាមៗដែរ។

លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង ជាជនល្មោភកាមមានឈ្មោះ ឡោ សារាយ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ ការ៉េម និងម្តាយក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង វាសនា អាយុ ៣៥ឆ្នាំ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអ៊ិចស្តារ។

លោកបានបន្តថា ក្រោយធ្វើការសាកសួរឪពុកចុងជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត តាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាម រហូតដល់ខេត្តកោះកុងប្រាកដមែន ក្មេងស្រី រងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាង បានចាប់នាងរំលោភនាងតាំងពីអាយុ ១៤ឆ្នាំមកម្លេះ តាំងពីខេត្តកំពង់ចាម រហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើដ៏អាក្រក់របស់ឪពុកចុង គឺរាប់ភ្លេច ហើយឲ្យតែម្តាយមិននៅផ្ទះ។

នាងបន្ដទៀតថា ឪពុកចុងតែងតែគំរាមនាងថា បើបែកការ នឹងអាលករសម្លាប់ទាំងម្តាយ និងកូន ទើបនាងលាក់ម្តាយ រហូតនាងមានផ្ទៃពោះ ១ខែ ទើបបែកការ ហើយទ្រាំលែងបាន នឹងអំពើឃោឃៅ បែបនេះទើបប្រាប់ម្តាយ ប៉ុន្ដែថ្មីៗនេះ នៅយប់ថ្ងៃទី២៥ ខែមិថុនានេះ ឪពុកចុង បានចាប់នាងឲ្យចូល បន្ទប់ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទ ប្រុងចាប់រំលោភទៀត តែម្តាយដឹងសកម្មភាពមុន ក៏បានប្តឹងសមត្ថកិច្ចតែម្តង ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ ខេត្ត ដើម្បីចាតការទៅតាមផ្លូវច្បាប់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឪពុកចុង រំលោភកូនដើម តាំងពីខេត្តកំពង់ចាម រហូតដល់កោះកុង ត្រូវជាប់ខ្នោះសមត្ថកិច្ច