អ្នកជំនាញ ៖ ទីផ្សារ​អចលនទ្រព្យ​វៀតណាម​ត្រៀម​មាន​កំណើន​ខ្លាំង

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​បរទេស​មួយ​រូប​បានឱ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​វៀតណាម​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ចំពោះ​សន្ទុះ​កំណើន​ដ៏​ខ្លាំង​នា​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេស​នេះ គួរតែ​បង្ការ​ហានិភ័យ​ចៃដន្យ​ណាមួយ​ដែល​កើតឡើង​ជាយថាហេតុ និង​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ឱ្យ​បាន​ច្រើន ព្រមទាំង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស ស្រប​ពេល​ប្រទេស​នេះ​នឹង​បញ្ចូល​ជា​សមាហរណកម្ម​អាស៊ាន ។

នាយក​ក្រុមហ៊ុន Cushman & Wakefield អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក លោក Sigrid Zialcita បាន​ថ្លែង​ក្នុង​សមាជ​មួយ​ស្តី​ពី​របាយការណ៍​អចលនទ្រព្យ​ប្រទេស​វៀតណាម​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នឹង​កើនឡើង​ខ្ពស់​បំផុត​ទូ​ទាំង​ពិភពលោក ៥,២%​នៅ​ឆ្នាំ​នេះ ។ ក្នុង​នោះ​ប្រទេស​វៀតណាម ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន នឹង​នាំមុខ​គេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន » ។

យោង​តាម​អ្នកជំនាញ​បានឱ្យ​ដឹង​ថា វិនិយោគិន​បរទេស​កំពុង​ចាប់អារម្មណ៍​ប្រទេស​វៀតណាម ខណៈ​ក្រុមហ៊ុននាំចេញ​ក្នុង​ប្រទេស​នេះ (​ក្រុមហ៊ុន​បរទេស​) បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ ជាង​នេះ​ទៅ​ទៀត វិនិយោគិន​ទាំងនោះ​ក៏​កំពុង​សម្លឹង​មើល​ទីតាំង​ផង​ដែរ ដើម្បី​ដណ្តើម​ទីផ្សារ​របស់​ចិន និង​សិង្ហ​បុរី ស្រប​ពេល​ដែល​ផលិតផល​ប្រទេស​នេះ​មាន​តម្លៃ​ថ្លៃ ។

ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នា​ពេល​ថ្មី​ៗ​នេះ បាន​ជំរុញ​ឱ្យ​វៀតណាម​ឈាន​ទៅ​ការ​អភិវឌ្ឍ​មួយ​កម្រិត​ថែម​ទៀត ប៉ុន្តែ​ប្រទេស​នេះ​នឹង​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារសេរី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ។

ចំពោះ​ផ្នែក​ការិយាល័យ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ និង​ហាណូយ មាន​ទំហំ​តូច​ជាង​បណ្តា​ប្រទេស​ជិតខាង ដូច្នោះ​ហើយ​វៀតណាម​ត្រូវ​តែ​បង្កើន​ការ​ផ្គត់ផ្គង់​របស់​ខ្លួន ។

ក្នុង​ទំហំ​៥៤២.០០០​ម៉ែត្រការ៉េ​នៃ​បរិវេណ​ការិយាល័យ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​មិន​អាច​បំពេញតម្រូវការ​បាន​ទេ ហើយ​ការ​វិនិយោគ​ការិយាល័យ​ត្រូវ​បាន​កំណត់​ទ្វេ​ដង​ត្រឹម​ឆ្នាំ​២០២០ ។

ផ្នែក​បដិសណ្ឋារកិច្ច នឹង​ត្រូវការ​បន្ទប់​បន្ថែមចំនួន​១២០.០០០​ត្រឹម​ឆ្នាំ​២០៣០ ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរ ។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ CBRE វៀតណាម លោក Marc Townsend បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​នឹង​ត្រូវ​សាងសង់​នៅ​ឆ្នេរ Nha Trang, Da Nang និង​កោះ Phu Quoc (​កោះត្រល់​) ។ លោក Marc Townsend និយាយ​ថា ៖ « យើង​បានឃើញ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ដោយ​ឧស្សាហកម្ម​អចលនទ្រព្យ ជាមួយនឹង​ការ​ចូលរួម​ពី​ក្រុម​ជនបរទេស​មក​ពី​ជប៉ុន និង​ថៃ ។ វៀតណាម​នឹង​ត្រូវការ​ផ្ទៃដី​ប្រមាណ​៤,៣​លាន​ម៉ែត្រការ៉េ​ផ្សេង​ទៀត​សម្រាប់​ឧស្សាហកម្ម​ផ្នែក​ទេសចរណ៍​នេះ​នៅ​ឆ្នាំ​២០៣០ ។ កាលពី​២​ឆ្នាំ​មុន ពួក​យើង​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​អចលនទ្រព្យ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​ឥឡូវនេះ អ្វី​គ្រប់យ៉ាង​បាន​ផ្លាស់​ប្តូរ​អស់ហើយ ។ ចំពោះ​ទិស​ដៅ​នៃ​ការ​ហោះហើរ​មក​កាន់​ទីតាំង​ទាំងនេះ​ផ្ទាល់ គឺ​នឹង​ជួយ​បង្កើន​ទីផ្សារ​អចលនទ្រព្យ » ។

លោក Marc Townsend ក៏​បាន​និយាយ​ផង​ដែរ​ថា តម្លៃ​ដី​បាន​កើនឡើង​ពី​៣០% ទៅ​៤០% រីឯ​តម្លៃ​ផ្ទះ​ពុំ​មាន​អ្វី​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ទេ ។ បន្ថែម​ពីលើ​នេះ លោក Marc Townsend បាន​ផ្តល់​ដំបូន្មាន​ថា ៖ « ទីផ្សារ​បន្ទាប់​គឺ​មាន​ស្ថិរភាព និង​គ្មាន​ឱកាស​សម្រាប់​អ្នក​រកស៊ី​ទៀត​ទេ » ។

ទំហំ​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​បាន​រីក​ដុះដាល​ច្រើន​ដង​មក​ហើយ នេះ​ក៏​ដោយសារ​តែ​មានការ​បណ្តាក់ទុន​ខ្នាត​ធំ​របស់​អន្តរជាតិ ។

លោក Marc Townsend បាន​បញ្ជាក់​ថា ៖ « ទោះជា​យ៉ាងណា​ក្តី ទីផ្សារ​នេះ​នៅ​តែ​ត្រូវ​បាន​ជំរុញ​ពី​តម្រូវការ​លំនៅ​ឋាន​របស់​អ្នកស្រុក » ។ លោក​បន្ថែម​ថា ចំនួន​ជន​បរទេស​​ដែល​ចង់​ទិញ​ផ្ទះ​នៅ​វៀតណាម​មាន​តែ​៥% ប៉ុណ្ណោះ ។

លោក Marc Townsend និយាយ​ថា ៖ « សួន​ឧស្សាហកម្ម ក៏​ជា​កម្លាំង​មួយ​ផ្សេង​ទៀត​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​វៀតណាម​ផង​ដែរ »​។ ប៉ុន្តែ​លោក​ព្រមាន​ថា ទីក្រុង​ហូ​ជី​មិ​ញ និង​ហាណូយ អាច​ប្រឈម​នឹង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ នៃ​ការ​សាងសង់​យ៉ាងច្រើន​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។

Property Report  ជា​ក្រុមហ៊ុន​អចលនទ្រព្យ ស្ថាបត្យកម្ម និង​ការ​រចនា​ទស្សនាវដ្តី​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី ដែល​ចេញផ្សាយ​ដោយ PropertyGuru Group ៕