ឈើ​ប្រណីត​ចេញ​រាល់​យប់​តាម​ច្រករបៀង​ភូមិ​ភិៈ និង​ភ្នំ​ក្រហម

ខេត្តរតនគិរី ៖ សព្វ​ថ្ងៃនេះ​មន្ត្រីរាជការ​តូចតាច​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​ចោទ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​កងកម្លាំង​ពាក់​ព័​ន្ឋ​ប្រចាំ​ច្រកព្រំដែន​ថា បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​យក​ទៅ​វៀតណាម ជា​ថ្នូរ​ទៅ​នឹង​ទទួល​បាន​លុយរាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០១៦ វេលា​ម៉ោង​១០​ព្រឹក​នៅ​ចំណុច​កំពង់ដរ​ស្រុក​វ៉ើ​ន​សៃ រថយន្ត​ដឹកឈើ​ប្រភេទ​សុ​ក្រំ​មួយ​គោ​យន្ត​កែ​ច្នៃ បាន​បើក​ឆ្លង​មក​ពី​ត្រើយម្ខាង​ទៀត បំណង​យក​មក​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ដែល​មាន​ជា​ច្រើន​ក្រុម​រង់ចាំ​ទិញ​នៅ​ស្រុក​វ៉ើ​ន​សៃ ដោយ​ជួល​រថយន្ត​ខែ្ម​រ​ដូច​ជា​រថយន្ត​ឡង់​គ្រី​ស័​រ បា​ឡែ​ន លុ​ច្ស​ស៊ី​ស​ស៊េរី​ទំនើប​ៗ បើក​ដឹក​តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ចំនួន​២​កន្លែង គឺ​ច្រករបៀង​ភូមិ​ភិៈ ស្ថិត​នៅ​ឃុំ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ និង ច្រករបៀង​ភ្នំ​ក្រហម ស្ថិត​ក្នុងស្រុក​អូ​រយ៉ា​ដាវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ដែល​ប្រចាំ​នៅ​តាម​ដងផ្លូវ​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកឈើ​ប្រណីត​ធ្វើ​ចរាចរណ៍​នៅ​ពេល​យប់ តែ​ហាម​ពេល​ថ្ងៃ ហើយ​ក្នុង​មួយ​យប់​ៗ​ឈើ​ប្រណីត​ហូរ​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ចំនួន​២​ខាងលើ​មិន​ក្រោម​២០០​គីប​នោះ​ទេ ។

ប្រភព​បន្ត​ថា​សមត្ថកិច្ច​មាន​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទទួល​លាភសក្ការៈ​ក្នុង​១​ស្ថាប័ន​បើក​គិត​ជា​ខែ តាម​ស្ថាប័ន​តូច តាម​ស្ថាប័ន​ធំ​ចាប់ពី​មួយ​ម៉ឺន​ដុល្លា​ទៅ​៥​ម៉ឺន​ដុល្លា​រ។

អ្នក​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ខេត្តរតនគិរី មាន​ជាង​២០​នាក់ ក៏​ប៉ុន្តែ​អ្នក​ដែល​គ្មាន​ខ្នងបង្អែក គឺ​ត្រូវ​បាន​ផ្អាក​ឈប់​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ចំនួន​៥-៦​នាក់​ហើយ ដោយ​​​មូលហេតុ​ស្ថាប័ន​ជំនាញ​ចំនួន​៤​កន្លែង ដែល​យក​តម្លៃ​រត់ការ​ប្រចាំខែ​ខ្ពស់​ពេក ទី​១​គយ​ចល័ត ដែល​មាន​ស្នាក់​ការ​នៅ​ជាប់​ស្រុក​អូ​រយ៉ា​ដាវ ក្នុងរ​យន្ត​ធុន​ត្រា​មួយ​គ្រឿង​បង់​អោយ​គយ​ចល័ត​ក្នុង​១​ខែ​៥.០០០​ដុល្លារ​ (​ប្រាំ​ពាន់​ដុល្លា​រ) រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បង់​ក្នុង​១​ខែ​១.៥០០​ដុល្លា​រ (​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​រ) ស្ថាប័ន​ទី​២​ គឺ​មេទាហាន​ស្រុក​អូ​រ​យ៉ា​ដាវ យក​មួយ​រថយន្ត​ធុន​ត្រា​៤.០០០​ដុល្លារ និង​ឡាន​បា​ឡែ​ន​១.០០០​ដុល្លារ ហើយ​ស្ថាប័ន​ទាំង​២​ខាងលើ បើ​ក្រុម​អ្នក​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​បង់លុយ​មិន​ទាន់​លើស​២-៣​ថ្ងៃ​គំរាម​ចាំ​ចាប់​រថយន្ត ទោះបី​ពួក​គាត់​សុំ​សំពះ​អង្វរ​យ៉ាងណា​ក៏​មិន​ព្រម​ដែរ ទើប​ពួក​គាត់​សម្រេចចិត្ត​ឈប់​រកស៊ី​តែ​ម្តង ចំណែក​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង និង​មេព្រៃ​ស្រុក​អូរ​ជុំ ក៏​យក​តម្លៃ​ប្រចាំខែ​ខ្ពស់​ដែរ ។

យ៉ាងណា​ក៏ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៦ កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​បំភ្លឺ​តប​បាន​ភ្លាម​ៗ​នៅឡើយ​ទេ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ ៕