ចិននៅតែបន្តសកម្មភាព វះកាត់យកសរីរាង្គ ពីអ្នកទោស?

ចិន៖ យោងតាមរបាយការណ៍មួយ ចុះផ្សាយដោយប្រភពព័ត៌មាន CNN បានឲ្យដឹងថា ប្រទេសចិននៅតែកើតមាន និងពាក់ព័ន្ធករណីវះកាត់យកសរីរាង្គរបស់អ្នកទោស ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងជាប្រព័ន្ធដដែល។

របាយការណ៍នេះធ្វើឡើងដោយបុគ្គលមួយចំនួន ដូចជា អតីតតំណាងរាស្រ្តកាណាដាលោក David Kilgour  លោកមេធាវីការពារសិទ្ធិមនុស្ស David Matas និងអ្នកស៊ើបការ Ethan Gutmann។ វាត្រូវបានផ្សាយចេញជាសាធារណៈ ដោយបង្ហាញពីភាពខុសគ្នាយ៉ាងដាច់ស្រឡះពីតួលេខផ្លូវការ នៃការវះកាត់ផ្ទេរសរីរាង្គមនុស្ស នៅមន្ទីរពេទ្យទូទាំងប្រទេសចិន។ ជាមួយគ្នានេះដែរ ពួកគេបានរិះគន់រដ្ឋាភិបាលបក្សកុម្មុយនិស្តចិន  ប្រព័ន្ធសុខាភិបាល  គ្រូពេទ្យ  និងមន្ទីរពេទ្យផងដែរ  ចំពោះការផ្សំគំនិតគ្នា។

មេធាវីការពារសិទ្ធិមនុស្ស លោក David Matas នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា «បក្សកុម្មុយនិស្តចិន ថាចំនួនសរុប នៃការវះកាត់ផ្ទេរសរីរាង្គមនុស្សស្របច្បាប់មានចំនួនប្រមាណ ១០,០០០ដងក្នុងមួយឆ្នាំ ប៉ុន្តែយើងអាចដឹងយ៉ាងងាយស្រួលថា តួលេខផ្លូវការនេះ គ្រាន់តែជាតួលេខ យកចេញពីមន្ទីរពេទ្យធំៗ ក្នុងប្រទេសចិន ២ ទៅ ៣ កន្លែងតែប៉ុណ្ណោះ»។

របាយការណ៍ថ្មីនេះ បានប៉ាន់ប្រមាណថា សរីរាង្គមនុស្ស ពី ៦០,០០០ ទៅ ១០០,០០០ ត្រូវបានវះកាត់ផ្លាស់ប្តូរ ក្នុងមួយឆ្នាំៗ នៅក្នុងមន្ទីរពេទ្យប្រទេសចិន។ ចំនួនយ៉ាងច្រើននេះ អាចធ្វើទៅបាន ដោយសារការកាត់ទោសប្រហារជីវិតអ្នកទោស ដែលភាគច្រើនជាអ្នកទោសសាសនា  ឬនយោបាយ  ខណៈដែលប្រទេសចិន មិនបានបង្ហាញចំនួនសរុបនៃការប្រហារជីវិតឡើយ ពោលត្រូវបានគេចាត់ទុកជាការសម្ងាត់។

យ៉ាងណាមិញរបាយការណ៍នេះ គឺឈរផ្ទុយស្រឡះពីអ្វីដែលក្រុងប៉េកាំងធ្លាប់បានអះអាងថា តាំងពីឆ្នាំ២០១៥ មក ប្រទេសចិនបានដឹកជញ្ជូន ស្ទើរតែគ្រប់សេរីរាង្គ របស់អ្នកទោស ទៅកាន់ប្រព័ន្ធបរិច្ចាគសរីរាង្គស្ម័គ្រចិត្តធំបំផុតមួយនៅអាស៊ី។

ទោះបីជាយ៉ាងណា នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានថ្លែងថា «ប្រទេសចិនមានច្បាប់ និងបទប្បញ្ញត្តិតឹងរឹងណាស់លើបញ្ហានេះ។ ចំពោះការអះអាង និងរបាយការណ៍ ដែលបានចេញផ្សាយនេះ ខ្ញុំចង់និយាយថា រឿងរ៉ាវនៃការបង្ខំវះកាត់ ប្រមូលយកសរីរាង្គមនុស្ស នៅក្នុងប្រទេសចិន គឺជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ»។

គួរបញ្ជាក់ផងដែរថា គណៈកម្មការសុខភាពជាតិ និងផែនការគ្រួសារ ដែលគ្រប់គ្រង ការបរិច្ចាគសរីរាង្គនៅក្នុងប្រទេសចិន មិនបានឆ្លើយតបឡើយ ទាក់ទិននឹងសំណើស្នើសុំការអត្ថាធិប្បាយចំពោះរឿងនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិននៅតែបន្តសកម្មភាព វះកាត់យកសរីរាង្គ ពីអ្នកទោស?
រូបតំណាង

ចិននៅតែបន្តសកម្មភាព វះកាត់យកសរីរាង្គ ពីអ្នកទោស?