យុវជន ផូ រដ្ឋា សុខចិត្ត​បោះបង់​ការសិក្សា មក​លក់​នំត្នោត​នៅ​ភ្នំពេញ​ និពន្ធដោយ : រ៉ឹម ភារី       June-26-2016, 2:39 pm         30

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យុវជន ផូ រដ្ឋា សុខចិត្ត​បោះបង់​ការសិក្សា មក​លក់​នំត្នោត​នៅ​ភ្នំពេញ​​ភ្នំពេញ​៖ ជីវភាព​គ្រួសារ​ក្រីក្រ បាន​ជំរុញ​យុវជន ផូ រដ្ឋា ឲ្យ​បោះបង់​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​៩ ហើយ​មក​ជិះ​កង់​លក់​នំត្នោត​នៅ​ភ្នំពេញ​។ យុវជន​មក​ខេត្តកំពង់ចាម​រូបនេះ បានធ្វើ​ដំណើរ​មក​លក់​នំត្នោត​នៅ​ភ្នំពេញ​ក្នុងពេល​ព្រឹក នឹង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នៅពេល​ល្ងាច​។ លក់​នំត្នោត​មួយឆ្នាំ​នេះ បានធ្វើ​ឲ្យ​គ្រួសារ​របស់​រដ្ឋា លែង​សូវ​លំបាក​ដូច​មុន​ទៀត ប៉ុន្តែ យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ មានការ​សោកស្តាយ​ជាខ្លាំង​ចំពោះ​ការបាត់បង់​ការសិក្សារ​បស់​ខ្លួន​។​
 
​ក្រោក​តាំងពី​ព្រលឹម​ស្រាងៗ គ្រួសារ​របស់​យុវជន ផូ រដ្ឋា បាន​រូតរះ រៀបចំ​នំត្នោត ដែល​បាន ដាក់​ចំហុយ តាំងពី​ពាក់​កណ្តាលយប់ ដើម្បី​ឲ្យ​រដ្ឋា​យកមក​លក់​នៅ​ភ្នំពេញ​។ មកដល់​ភ្នំពេញ     រដ្ឋា បាន​ប្រើប្រាស់​កង់​ដែល​ខ្លួន​បាន​ផ្ញើ​អ្នក​ភ្នំពេញ​នៅពេល​យប់នោះ ដើម្បី​ដឹក​នំត្នោត​លក់ ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។  មាឌ​ស្តើង និង​ខ្ពស់ស្រឡះ រដ្ឋា បាន​អះអាងថា ក្នុង​មួយថ្ងៃ​លោក​អាច​លក់បាន​ចំនួន​ជាង​២០០​នំ ហើយ​នំ​មួយ​មានតម្លៃ ៥០០​រៀល​។ «​កាត់ថ្លៃ​ធ្វើដំណើរ​ទៅមក​៦.០០០​រៀល និង​ថ្លៃ​ហូបបាយ ខ្ញុំ​អាច​ចំណេញ​បាន​ប្រហែល​៥០.០០០​រៀល​» នេះ គឺជា​បញ្ជាក់​របស់​រដ្ឋា​។

យុវជន ផូ រដ្ឋា សុខចិត្ត​បោះបង់​ការសិក្សា មក​លក់​នំត្នោត​នៅ​ភ្នំពេញ​ និពន្ធដោយ : រ៉ឹម ភារី       June-26-2016,  2:39 pm         30

​មាន​ស្រុកកំណើត​នៅ ភូមិ​មាន់​ដប់​លើ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែលមាន​ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ យុវជន រដ្ឋា បាន​ឈប់រៀន​នៅ​ថ្នាក់​ទី​៩ ដើម្បី​ជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្តាយ​។ ក្រោយមក លោក​ត្រូវ​បងប្អូន បបួល​មក លក់​នំត្នោត​នៅ​ភ្នំពេញ ដើម្បី​បាន​ប្រាក់​ខ្លះ​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​៥​នាក់ រដ្ឋា​បាន​រៀបរាប់​បន្តថា​៖«​ខ្ញុំ​មិនមែន​លក់​តែម្នាក់ឯង​នោះទេ ខ្ញុំ​មាន​បងប្អូន​ពីរ​នាក់​ទៀត គាត់​លក់ និង​ធ្វើ​នំ​បោះ​ឲ្យ​«​ម៉ូយ​»​។ បង​ខ្ញុំ​នេះ ពួកគាត់​ការ​អស់ហើយៗ​គាត់​ប្រាប់​ឲ្យ​ខ្ញុំ​មក​លក់​នំ​ដែរ ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​ដែល​កំពុង​ខ្វះខាត​»​។​

​កំពុង​ជិះ​កង់​នៅលើ​ដងផ្លូវ ដែលមាន​ឡាន​ម៉ូតូ ទៅមក​ខ្វាត់ខ្វែង នៅ​ជិត​សាលាបឋមសិក្សា​ហ៊ុន នាង បឹងត្របែក នៅ​ម្តុំ​សង្កាត់​ផ្សារ​ដើមថ្កូវ យុវជន​សម្បុរ​ស្រអែម និង​សក់រួញ​រូបនេះ បាន​និយាយប្រាប់​ពី​វិធី​ធ្វើ​នំត្នោត​ខ្មែរ ដែល​គ្រួសារ​របស់លោក​កំពុង​យក​វា​ធ្វើ​មុខរបរ​ប្រចាំថ្ងៃ យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង​យើង​កិន​ម្សៅ រួច​ឈូស​ត្នោត​ទុំ ដាក់​លាយ​ជាមួយ​ម្សៅ​ហ្នឹង រួច​ដាក់​ក្នុង​ធុង​ឲ្យ​ឡើង​មេ​បន្តិច ទើប​យើង​វេច និង​ចំហុយ​តែម្តង​។ ឯ​គ្រឿងផ្សំ​វិញ គឺមាន​ម្សៅ ត្នោត​ទុំ និង​ស្ករ តែ​ដូង​យើង​គ្រាន់តែ​ដាក់​ពីលើ​ពេល​ចំហុយ​រួច​»​។

​និយាយ​បណ្តើរ​ភ្នែក​សំឡឹងមើល​នំ​ដែល​នៅសល់​ប្រហែល​៣០​នំ គ្រប​ដោយ​ថង់​ផ្លា​ស្ទិ​ក​យ៉ាង​មាន​អនាម័យ នៅលើ​ថាស​មួយ​ទ្រ​ដោយ​ចានដែក លើ​កង់​កញ្ចាស់​មួយ រដ្ឋា បាន​រៀបរាប់ ថា នំត្នោត​របស់ខ្លួន មិនមែន​លក់ដាច់​ត្រឹមតែ​កម្មករ​រោងចក្រ អ្នកមាន​ជីវភាព​ក្រីក្រ និង​ធ​ម្យ​ម ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្នក​ជិះឡាន​ជាច្រើន ក៏បាន​ចុះមក​ទិញ​នំ​រប​ស់ក​ម្លោះ​ស្រុកស្រែ​ម្នាក់នេះ​ផងដែរ​។   

យុវជន ផូ រដ្ឋា សុខចិត្ត​បោះបង់​ការសិក្សា មក​លក់​នំត្នោត​នៅ​ភ្នំពេញ​ និពន្ធដោយ : រ៉ឹម ភារី       June-26-2016,  2:39 pm         30

​ពាក់​អាវដៃវែង ខោជើងវែង ពាក់​ស្បែកជើងផ្ទាត់ ពាក់មួក​ក្រណាត់ និង​មានការ​បូ​ប​លុយ​ក្រវ៉ាត់​ចង្កេះ​ដែរនោះ រដ្ឋា បាន​បរិយាយ​បន្ថែមថា នំត្នោត​ចល័ត​របស់លោក បានបង្ហាញ​វត្ត​មាននៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដូចជា ម្តុំ​ទឹកថ្លា ពោធិ៍ចិនតុង ផ្សារ​ដើមថ្កូវ ផ្សារ​ថ្មី និង​ម្តុំ​វត្តភ្នំ​ជាដើម​។ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថ្មីៗ នៅលើ​ដងផ្លូវ​ដែលមាន​សំឡេង​ស៊ី​ផ្លេ​ឡាន​ម៉ូតូ អ៊ូអរ​ផង​នោះ រដ្ឋា បាន​ប្រាប់​ពី​មូល​ហេតុដែល​លោក​មិន​លក់​នំត្នោត​នៅ​ស្រុកកំណើត បែបនេះ​ថា​៖ «​មកពី​ស្រុកកំណើត​របស់ខ្ញុំ លក់បាន​ថោក​ពេក​(​នំ​ពីរ​លក់​បានតែ​៥០០​រៀល​) និង​លក់​មិនសូវ​បាន​ច្រើន ដូច​នៅ​ភ្នំពេញ​»​។ 
 
​ខុសពី​យុវជន​ខ្លះ ដែល​តែងតែមាន​ភាព​ខ្មាសអៀន​ចំពោះ​ការប្រកប​របរ​តូចតាច តែ​រដ្ឋា គឺ​មិនបាន​ខ្វល់​នោះឡើយ​។ លោក​បាន​អរគុណ​ចំពោះ​មុខរបរ​នេះ ដែល​បានធ្វើ​ឲ្យ​គ្រួសារ​របស់លោក​លែង​ជួប​ការលំបាក​។  ប៉ុន្តែ ក​ម្លោះ​រូបនេះ មានការ​សោកស្តាយ​ចំពោះ​ការបោះបង់​ការសិក្សា​រប​ស់​ខ្លួន​ត្រឹម​ថ្នាក់​ទី​៩​។ «​ខ្ញុំ​ស្តាយ​ដែរ តែ​ចង់​ហួសពេល​ទៅហើយ ព្រោះ​ខ្ញុំ​អាយុ​ច្រើន​» នេះ​ជាការ​បរិយាយ​របស់រ​ដ្ឋា​។ លោក​បន្ត​ដោយ​សម្តី​មួយៗ​ថា​៖«​មិនមែន​ខ្ញុំ​មិន​ចង់​រៀន​នោះទេ តែ​គ្រួសារ​ខ្ញុំ​អត់​លទ្ធភាព​ឲ្យ​ខ្ញុំ​រៀន ដូច្នេះ ខ្ញុំ​ត្រូវតែ​ឈប់រៀន ដើម្បី​ធ្វើ​ការងារ​ជួយ​គ្រួសារ​»៕