វាយប្រហារ​សណ្ឋាគារ​មួយ​នៅ​រដ្ឋធានី​សូ​ម៉ា​លី​ស្លាប់​11​នាក់

មនុស្ស​យ៉ាងតិច​១១​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​២​ប្រឆាំង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​មូ​ហ្គា​ឌី​ស្យូ រដ្ឋធានី​សូ​ម៉ា​លី កាលពី​ថ្ងៃ​ទី​២៥ មិថុនា ។

លោក MOHAMMED NOR មេ​ប៉ូលិស​ម្នាក់ នៅ​កន្លែង​វាយប្រហារ​ថ្លែង​ថា ការ​ផ្ទុះ​ដំបូង​កើត​មាននៅ​ត្រង់​ខ្លោងទ្វារ​ចូល​សណ្ឋាគារ NASA-HABLOD រួច​ការ​បំផ្ទុះ​រថយន្ត​ទី​២​កើត​មាន​ប៉ុន្មាន​នាទី​ក្រោយមក​ជិត​សណ្ឋាគារ ។ លោក​បន្ត​ថា ពួក​ជនប្រដាប់អាវុធ​បាន​លុក​ចូល​សណ្ឋាគារ​ក្រោយ​ការ​ផ្ទុះ​លើក​ទី​មួយ និង​ថា កងកម្លាំង​សន្តិសុខ​បាន​ធ្វើ​អន្តរាគមន៍ ដើម្បី​ត្រួតត្រា​សភាពការណ៍ ។

សាក្សី​ម្នាក់​រៀបរាប់​ថា បានឮ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​បន្ទាប់​មក​លើ​ស្នូរ​ការ​បាញ់​រះ ។

សណ្ឋាគារ NASA-HABLOD ស្ថិត​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​មូ​ហ្គា​ឌី​ស្យូ​ជា​កន្លែង​និយម​ចូល​ដោយ​ពួក​អ្នកនយោបាយ​របស់​ប្រទេស ។

ការ​វាយប្រហារ​នេះ​ប្រាកដជា​ស្នាដៃ​របស់​ក្រុម​អ៊ិ​ស្លា​ម​និយម AL SHABAAB ដែល​តស៊ូ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​សូ​ម៉ា​លី ៕