តំបន់​អេកូ​ស ឬ​ស្តុក​ឡែ​ន​ចាប់ផ្តើម​រៀបចំ​សម្រាប់​ការ​បោះ​ប្រជាមតិ​ផ្តាច់ខ្លួន​ពី​អង់គ្លេស

នាយក​រដ្ឋមន្ត្រី​តំបន់​អេកូ​ស ឬ​ស្កុ​តឡែ​ន​អង់គ្លេស លោកស្រី NICOLA STURGEON ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ថា រដ្ឋាភិបាល​អេកូ​ស​ពេល​នេះ​ចាប់ផ្តើម​រៀបចំ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​មានការ​បោះ​ប្រជាមតិ​លើក​ទី​២​ស្តី​ពី​ឯករាជ្យ​ភាព​របស់​អេកូ​ស រួច​ចង់ឱ្យ​ចាប់ផ្តើម​ដោយ​ឆាប់រហ័ស​នូវ​ការ​ពិភាក្សា ដើម្បី​រក្សា​ទុក​អេកូ​ស​ក្នុង​ផ្ទៃ​សហភាព​អឺរ៉ុប។

លោកស្រី NICOLA STURGEON មេខ្លោង​នៃ​គណបក្ស​ជាតិ​អេកូ​ស SNP ដែល​គាំទ្រ​ឯករាជ្យ​ភាព​ពន្យល់​ថា វា​ជា​កាតព្វកិច្ច​របស់​លោកស្រី​ត្រូវ​ធានា​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​ស្កុ​តឡែ​ន​ដែល​បោះ​ឆ្នោត​ក្នុង​សំឡេង​៦២% គាំទ្រ​ការ​ស្ថិត​នៅ​ក្នុង​សភាព​អឺរ៉ុប​ពេល​បោះ​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ។ នៅ​មុខ​សារព័ត៌មាន​លោកស្រី​ថ្លែង​ថា យើង​ប្តេជ្ញា​បញ្ចេញ​ប្រតិកម្ម​ដោយ​គ្មាន​ការ​រារែក ដើម្បី​បង្កើត​ឯកភាព​មួយ​ក្នុង​តំបន់​អេកូ​ស​ទាំងមូល ។ ការ​ជ្រើសរើស​យក​ការ​បោះ​ប្រជាមតិ​ស្តី​ពី​ឯករាជ្យ​ភាព​លើក​ទី​២ គឺ​ច្បាស់​បំផុត​នៅ​លើ​តុ​រួច​យើង​នឹង​ចាត់វិធានការ​នានា ដើម្បី​ធានា​ថា ច្បាប់​ចាំបាច់​មួយ​នឹង​ត្រូវ​អនុម័ត ។

លោកស្រី NICOLA STURGEON បន្ត​ថា គណៈកម្មការ​ពិគ្រោះ​យោបល់​មួយ​សម្រាប់​ការ​បោះ​ប្រជាមតិ​នឹង​ត្រូវ​បង្កើត​ឡើង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ហើយ​គូសបញ្ជាក់​ថា អាជ្ញាធរ​អេកូ​ស​ចង់​ធ្វើ​ដំណាលគ្នា​ដោយ​ឆាប់​រហ័ស ការ​ពិភាក្សា​ជាមួយ​បណ្តា​ស្ថាប័ន​អឺរ៉ុប ។

គណៈកម្មាធិការ​អឺរ៉ុប​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សម្តី​របស់​មេដឹកនាំ​អេកូ​សរូប​នេះ ដោយ​រំលឹក​ថា អេកូ​ស តាម​រដ្ឋធម្មនុញ្ញ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស ហើយដោយ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នា​ពេល​មុន​នេះ​ពី​បញ្ហា​នោះ ។

តំបន់​អេកូ​ស​ក្នុង​ការ​បោះ​ប្រជាមតិ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ មាន​សំឡេង​៥៥% ប្រឆាំង​ឯករាជ្យ​ភាព​របស់​អេកូ​ស​ផ្តាច់​ចេញពី​អង់គ្លេស ។ អាជ្ញាធរ​អេកូ​ស​វាយតម្លៃ​នា​ពេល​នេះ​ថា ការ​បោះ​ប្រជាមតិ​គាំទ្រ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ហៅ BREXIT អះអាង​ពី​ភាព​ត្រឹមត្រូវ​ឱ្យ​មានការ​បោះ​ប្រជាមតិ​ថ្មី​មួយទៀត ៕