ចិន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​បញ្ជូន​ជំនាន់​ថ្មី

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២៥ មិថុនា នូវ​កាំជ្រួច​បញ្ជូន​ជំនាន់​ថ្មី LONGUE MARCHE-7 ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ថ្មី​នៅ WENCHANG ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន ។

ក្នុង​ផ្សែង​ពណ៌​ស កាំជ្រួច​បញ្ជូន​នោះ​ផ្ទុក​យានអវកាស មាន​តួនាទី​ច្រើន​មួយ​បាន​ហោះ​ចូល​ក្នុង​ផ្ទៃមេឃ​ខ្មៅ​នៃ​រាត្រីកាល នា​វេលា​ម៉ោង​២០​ម៉ោង​នៅ​ក្រុង​ប៉េ​កាំ​ង​ដោយ​មាន​អណ្តាតភ្លើង​យ៉ាង​វែង ។

ប៉ុន្មាន​នាទី​ក្រោយ​ការ​បាញ់​បង្ហោះ លោក WANG HONGYAO មេបញ្ជាការ​រង​នៃ​បេសកកម្ម​បាញ់​បង្ហោះ​ថ្លែង​ថា ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ​សម្រេច​បាន​ជោគជ័យ ។ យានអវកាស​បាន​បំបែក​ខ្លួន​ចេញពី​កាំជ្រួច​៦០៣​វិនាទី ក្រោយ​ការ​បាញ់​បង្ហោះ ហើយ​បាន​ចូល​ក្នុង​តារាវិថី​ក្នុង​កម្ពស់​២០០​គីឡូម៉ែត្រ ហើយ​បន្ត​ហោះហើរ​ក្នុង​កម្ពស់​៣៩៤​គីឡូម៉ែត្រ ។ យាន​នេះ​ត្រូវ​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ​នា​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ។

កាំជ្រួច LONGUE MARCHE-7 ជា​កាំជ្រួច​ទំហំ​មធ្យម​មាន​២​ជាន់ ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ដល់​១៣,៥​តោន បញ្ជូន​ទៅ​កាន់​តារាវិថី​ទាប ។ ពួក​អ្នក​ជំនាញការ​គូសបញ្ជាក់​ថា វា​នឹង​ក្លាយទៅជា​កាំជ្រួច​បញ្ជូន​សំខាន់​សម្រាប់​បណ្តា​បេសកកម្ម​អវកាស​របស់​ចិន​នា​ពេល​អនាគត ។ កាំជ្រួច​នេះ​ប្រើ​ប្រេង​កេ​រ៉ូ​ហ្សែ​ន និង​អុក​ហ្ស៊ី​ហ្សែ​ន​រាវ​ជា​ប្រេងឥន្ធនៈ​ជំនួស​ប្រេង PROPERGOL ដែល​មាន​ជាតិពុល​ខ្ពស់ ធ្វើ​ឱ្យ​កាំជ្រួច​នេះ​ពេល​ប្រើ​កាន់តែ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ចំណាយ​ប្រាក់​តិច​ជាង​ផង ។

ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ជា​លើក​ដំបូង​ធ្វើ​នៅ​ទីតាំង​បាញ់​បង្ហោះ WENCHANG ហើយ​ជា​ការ​បាញ់​បង្ហោះ​លើក​ទី​២៣០ នៃ​កាំជ្រួច​ក្រុម LONGUE MARCHE ៕